ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់រ៉ឺម៉កកង់បីត្រូវបានគេថា ឈ្មោះ វ៉ង វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ ដែលគេអះអាងថាមានរហស្សនាមសៀមរាប១១ ដែលជាសមាគមកង់មានវិទ្យុទាក់ទង(អាយឌី) ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញបុរសខាងលើបើករ៉ឺម៉កក្នុងល្បឿនលឿនពីទិសខាងកើតទៅទិសខាងលិច ខណៈមកដល់ចំណុចស្ពានថ្មីដែលគ្មានបង្កាន់ដៃ ក៏មានរថយន្តមួយគ្រឿងបើកបរច្រាសទិសគ្នា អ្នកបើកកង់បីបានគេចចេញពីរថយន្ត ក៏ជ្រុលធ្លាក់ទឹកប្រឡាយទាំងម្ចាស់ និងរ៉ឺម៉កតែម្ដង។
ក្រោយពេលរ៉ឺម៉កធ្លាក់ទឹក គេឃើញម្ចាស់ប្រវេប្រវាវៀរឡើងលើគោកទាំងខ្លួនទទឹកជោក មានក្លិនស្អុយអសោច ហើយមានក្រុមរបស់គេម្នាក់អះអាងថា មានរហស្សនាមភ្នំពេញ១ បានហៅក្រុមគ្នាគេមកជួយស្រង់ផងដែរ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រតិកម្ម និងរិះគន់ថា សាលាក្រុងធ្វើស្ពានក្នុងទីប្រជុំជន តែមិនមានដាក់បង្កាន់ដៃដើម្បីការពារអ្វីឡើយ នេះមិនមានមនុស្សជិះ ប្រសិនបើមានក្មេង ឬចាស់ៗជិះ នឹងអាចមានគ្រោះថ្នាក់ដល់ជីវិតមិនខាន៕
រ៉ឺម៉កកង់បីមានអាយឌី រហស្សនាមសៀមរាប១១ ស្រវឹងបើកធ្លាក់ប្រឡាយទឹកស្អុយបាក់ទូក

0 Comments