Ad Code

ចាប់​រំលោភ​កូន​ស្រី​គេ​នៅ​ជន្លង់​ចំបើង ​ម្តាយ​គេ​មក​ទាន់​សម្រួល​មិន​ត្រូវ​គ្នា​ប្តឹង​សមត្ថកិច្ច​ចាប់​ខ្លួន

កំពង់ឆ្នាំង ​៖ ​យុវជន​​​​​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ​ស្រុក​បរិបូណ៌​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​បណ្តឹង​ពី​ម្តាយ​នារី​រងគ្រោះ​ប្តឹង​ថា បាន​ចាប់​កូនស្រី​គាត់​កាលពី​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ដី​ភូមិ​មួយ​កន្លែង ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូណ៌។

សមត្ថកិច្ច​នគរបាល ស្រុក​បរិបូណ៌​បាន​និយាយ​ឲ្យដឹងថា ជនសង្ស័យ​រូបនោះ​មានឈ្មោះ​ថោ ធួន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ចំណែក​នារី​រងគ្រោះ​មាន​អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា។

សមត្ថកិច្ច​បាន​ស្រង់​សម្ដី​ក្នុង​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​នារី​រងគ្រោះ​ប្តឹង​ថា​​ ​មុន​ពេល​កើតហេតុ​គាត់​ជា​ម្តាយ​បាន​ប្រើ​កូនស្រី​​​ឲ្យ​ទៅ​មើល​កណ្តាប់​សំណាប​នៅ​ក្នុង​ស្រែ​ ដែល​មាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ​ពី​ផ្ទះ។ ប៉ុន្តែ​នៅ​ពេល​កូនស្រី​ទៅ​បាត់​យូរ​ពេក ម្តាយ​ក៏​ទៅតាម​រក​ ស្រាប់តែ​ជិត​ដល់​ជន្លង់​ចំបើង មាន​ចម្ងាយ​ជាង​៣០​ម៉ែត្រ​ពី​ផ្ទះ ក៏​ឃើញ​កូនស្រី​គាត់​រត់​ទាំង​អាក្រាត​មករក​គាត់ ជា​ម្តាយ ដោយ​យំ​ប្រាប់​ថា​ ឈ្មោះ​ធួន ចាប់​នាង​រំលោភ ពេលនោះ​គាត់​ជា​ម្តាយ​បាន​ឃើញ​ឈ្មោះ ធួន រត់គេចខ្លួន​បាត់ទៅ។

ស្ត្រី​ជា​ម្តាយ​នារី​រងគ្រោះ ​​បាន​និយាយ​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹងថា​ ​មូលហេតុ​នាំ​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​ប្តឹង គឺ​មកពី​ដោយសារ​ជនសង្ស័យ​ជា​អ្នកស្រុក​អ្នកភូមិ​ជាមួយគ្នា មិន​ចង់​ឲ្យ​វែងឆ្ងាយ គាត់​បាន​ហៅ​មក​សម្របសម្រួល​គ្នា​ដោយ​ឲ្យ​ខាង​ប្រុស​ទទួលខុសត្រូវ និង​រៀបចំ​ទុកដាក់​ជា​ប្តី​ប្រពន្ធ​តែ​ខាង​ប្រុស​មិន​ព្រម​យក ហើយក៏​ឈាន​ដល់​ការ​ចរចារ​គ្នា​សំណង​ជា​ប្រាក់ ដែល​ដំបូង​ឡើយគាត់​ទារ​៥​ពាន់​ដុល្លារ ហើយក៏​បាន​ចរចា​គ្នា​ត្រូវ​ត្រឹម​សំណង​២​ពាន់ និង​បាន​សន្យា​ប្រគល់​ប្រាក់​នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៥។ លុះដល់​ថ្ងៃ​កំណត់​ប្រគល់​ប្រាក់ ស្រាប់តែ​ខាង​ប្រុង​ប្រាប់ថាៈ គ្មាន​ប្រាក់​ទេ ប្តឹង​ដល់​ណា​ប្តឹងទៅ។ ដោយសារតែ​ហេតុនេះហើយ​ទើប​គាត់​សម្រេច​ប្តឹង​ឲ្យ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា ​ខ្លួន​បាន​ស្គាល់​នារី​រងគ្រោះ​ជាង​១​ខែ​មក​ហើយ មុន​ពេល​កើតហេតុ​ខ្លួន​បាន​ទូរស័ព្ទ​ហៅ​នាង​មកជួប​ និង​បាន​ស្រឡាញ់គ្នា​ដោយ​ពុំមាន​ការ​ចាប់​បង្ខំ​ឡើយ ប៉ុន្តែ​ពេល​ម្តាយ​នាង​មក​ទាន់​នាង​បែរជា​យំ​ស្រែក​ប្រាប់​ម្តាយ​នាង​ថា ខ្លួន​ចាប់​រំលោភ​នាង​ទៅវិញ។ ចំពោះ​ការសង​ប្រាក់​ខ្លួន​មានតែ​១​ពាន់​ដុល្លារ​យក​ទៅ​សង ដោយ​សន្យា​ថា​២​ទៅ​៣​ថ្ងៃ​ទៀត​នឹង​ឲ្យ​បង្គ្រប់ តែ​ម្តាយ​ខាង​ស្រី​មិន​ព្រម​ទើប​មានការ​ប្តឹងផ្តល់​តែម្តងទៅ។

លោកឌុ​ច ចំរើន នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ឲ្យ​ដឹងថា តាម​ចម្លើយ​ជន​សង្ស័យ និង​ការប្តឹង​របស់​ម្តាយ​នារី​រងគ្រោះ សាច់រឿង​មិន​ស៊ីចង្វាក់​គ្នា​ឡើយ។ ករណីនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​រឿង​ទៅ​តុលាការខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់៕




ចាប់​រំលោភ​កូន​ស្រី​គេ​នៅ​ជន្លង់​ចំបើង ​ម្តាយ​គេ​មក​ទាន់​សម្រួល​មិន​ត្រូវ​គ្នា​ប្តឹង​សមត្ថកិច្ច​ចាប់​ខ្លួន

Post a Comment

0 Comments

Close Menu