តាមការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ គឹម កួន ភេទប្រុស អាយុ៥៨ឆ្នាំ មានមុខរបរលក់ ទិញស្រូវបាននិយាយប្រាប់សមត្ថកិច្ចទាំងការឈឺចាប់នូវមុខរបួសផងនោះថា នៅមុនពេលកើតហេតុគឺមានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពកាត់លួសបន្លានៅខាងក្រោយផ្ទះ ហើយក៏បានចូលមក នៅពេលនោះដោយសារតែឮសម្លេងឆ្កែព្រូសខ្លាំងពេក កូនប្រុសរបស់គាត់ឈ្មោះ ស៊ុម ភី អាយុ38ឆ្នាំ បានបើកទ្វារ ក្រោយដើរចេញទៅមើល គឺនៅពេលនោះហើយ ដែលក្រុមចោរបានប្រើប្រាស់ដែកស្បែងវាយទៅលើក្បាលកូនប្រុសរបស់គាត់បណ្តាលឲ្យផុងលលាដ៏ ដួលសន្លប់នៅទីនោះតែម្តង។
លោក គឹម កួន បានបន្តថា បន្ទាប់មកក្រុមចោរដែលមានគ្នាចំនួន5នាក់ប្រដាប់ដោយកាំភ្លើងAKស្វ័យមួយដើម និងកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមបានចូលមកក្នុងផ្ទះតាមទ្វារក្រោយ ហើយក៏បានចាប់រូបលោកចងដៃ ចងជើង ព្រមទាំងវាយមួយដែកស្បែងចំលើស្មាខាងស្តាំ និងវាយបន្ថែមទៀតទៅលើភរិយារបស់លោក ដែលមានឈ្មោះ ទិត្យ ព្រឿត អាយុ59ឆ្នាំ បណ្តាលឲ្យបែកលើចិញ្ចើមខាងឆ្វេងផង ទើបពួកវាបាននាំគ្នារើ កកាយ ប្រមូលទ្រព្យសម្បត្តិរបស់គាត់ ដែលក្នុងនោះមាន គ្រឿងអលង្ការមាស៣តម្លឹង ប្រាក់ដុល្លារ ចំនួន២ពាន់ដុល្លារ ប្រាក់ខ្មែរចំនួន២០លានរៀល ប្រាក់បាតចំនួន៣០ម៉ឺនបាត ដែលលុយទាំងនេះគឺកូនរបស់លោក ទើបនឹងលក់ស្រូវ ព្រមទាំងលក់រថយន្តបាឡែនអស់មួយគ្រឿងផង តែឥឡូវត្រូវក្រុមចោរប្រមូលយកទៅគ្មានសល់។
លោកបានបញ្ជាក់នូវភិនភាគរបស់ចោរទាំងនោះថា សុទ្ធតែស្លៀកពាក់ស៊ីវិលទាំងអស់ ប៉ុន្តែក្នុងចំណោមពួកវាទាំង៥នាក់ គឺមានម្នាក់ពាក់ម៉ាស់នៅលើផ្ទៃមុខ ដែលអាចទំនងជាមនុស្សស្គាល់គ្នាហើយមុននឹងក្រុមចោរចាកចេញទៅ គឺអ្នកដែលកាន់កាំភ្លើងAK បានបាញ់គំរាមចំនួនពីរគ្រាប់ ហើយក៏ចេញតាមរបងខាងក្រោយផ្ទះ ឆ្ពោះទៅទិសខាងត្បូងបាត់តែម្តង។
ពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធនេះលោកវរ:សេនីយ៍ត្រី ស៊ុន សុវណ្ណ អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកសង្កែបានគូសបញ្ជាក់ថា ក្រោយពីទទួលបាននូវព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងចេញប្រតិបត្តិការឆ្ពោះទៅកាន់ចំនុចកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ដោយឡែកជនរងគ្រោះដែលត្រូវជាកូន ហើយកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាល ក៏ដូចជាកងរាជអាវុធហត្ថ បានរៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោកអធិការស្តីទីបានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី៧ ខែសីហា នេះថា ក្រោយពីបានធ្វើការសាកសួរទៅលើជនរងគ្រោះ និងបន្ទាប់ពីសិក្សាទៅលើមុខសញ្ញានេះរួចមក គឺជាលទ្ធផលមុខសញ្ញានេះត្រូវបានលេចជារូបរាងខ្លះៗហើយ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមប្រមាញ់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ប្លន់ប្រដាប់អាវុធលើផ្ទះអ្នកលក់ ទិញស្រូវ អស់ទ្រព្យសម្បត្តិមួយចំនួនធំ (Update)

0 Comments