ខាត់ សុឃីម មិនដែលប្រកាន់ថាការងារសិល្បៈនោះតូច ឬធំឡើយ សំខាន់ឲ្យតែអាចរកចំណូលបាន ដោយនាងបានចេញច្រៀងរាំស្ទើរតែគ្រប់ផលិតកម្មក្នុងស្រុក។ បន្ទាប់ពីនោះនៅក្នុងរដូវមង្គលការវាក៏ជាពេលវេលាមួយដែលធ្វើឲ្យ ខាត់ សុឃីម រកពេលសម្រាកគ្មានផងដែរ ពីព្រោះនាងត្រូវបានគេជួលច្រៀងក្នុងកម្មវិធីកាត់សក់បង្កក់សិរី មើលការខុសត្រូវហាងសម្អាងការ និងក្រុមតន្ត្រីបុរាណ សម័យរបស់នាងជាដើម។
ក្នុងមួយឆ្នាំៗ តារាចម្រៀងកូនពីររូបនេះសល់លុយមិនតិចម៉ឺនដុល្លារនោះទេពីការងារសិល្បៈគួបផ្សំនឹងប្រាក់ចំណេញពីមុខជំនួញសម្អាងការ និងក្រុមតន្ត្រីរបស់នាង ដូច្នេះហើយទើបគេសង្កេតឃើញបច្ចុប្បន្ននាង ខាត់ សុឃីម និងប្តីក្មេងលោក អ៊ិន សុបញ្ញា ហៅផាណូ កាន់តែមានសេដ្ឋកិច្ចក្នុងរង្វង់គ្រួសារធូរធារជាងមុនគួរឲ្យកត់សម្គាល់។
ទីផ្សារសិល្បៈក្នុងស្រុករបស់ ខាត់ សុឃីម នៅតែមានសន្ទុះស្ថិតក្នុងលំដាប់ជួរមុខដដែល បើទោះបីជាបច្ចុប្បន្ននេះមានតារាសិល្បៈកំប្លែង និងចម្រៀងជាច្រើនក៏ដោយ ដែលនេះបានបង្ហាញឲ្យឃើញថា ប្រជាប្រិយភាពរបស់តារាសិល្បៈពហុជំនាញរូបនេះនៅតែទទួលបាននូវការគាំទ្រពីទស្សនិកជនមិនចេះរីងស្ងួត។
តារាសិល្បៈដែលបានឆ្លងកាត់នូវឧបសគ្គរាប់មិនអស់រូបនេះអាចនឹងក្លាយទៅជាសេដ្ឋីស្តុកដោយមិនដឹងខ្លួនផងដែរ ស្របពេលដែលឱកាសកើបលុយក្នុងការចេញច្រៀងរាំរបស់នាងកំពុងតែរលូនទៅមុខ។ ខាត់ សុឃីម ញញឹមបិទមាត់មិនជិតឡើយស្របពេលដែលការងារសិល្បៈរបស់នាងនៅតែមានសន្ទុះ ហើយដោយសារតែនាងខំស្វះស្វែងមិនទំនេរខ្លួននោះក៏មានមជ្ឈដ្ឋានមួយចំនួនបាននិយាយលើកឡើងដោយបានសរសើរនាងថា ខាត់ សុឃីម គឺជាតារាសិល្បៈមួយរូបដែលពូកែឱបក្រសោបការងារសិល្បៈ និងមុខជំនួញជួញដូរ ជាពិសេសជាតារាពហុជំនាញពូកែរកលុយតែម្ដង៕
ក្នុងមួយឆ្នាំៗ តារាពហុជំនាញនាង ខាត់ សុឃីម រកចំណូលបានរាប់ម៉ឺនដុល្លារពីការងារសិល្បៈ
0 Comments