ភ្នំពេញ៖ រថយន្តម៉ាកកាម៉ារីបាឡែនមួយគ្រឿង ដោយសារតែបុរសម្នាក់បើកលឿនពេកហើយបានគេចពីរថយន្តមួយគ្រឿងទៀតបណ្ដាលជ្រុលបុកដើមអំពិលដាច់កង់ខាងស្តាំ ទៅមុខលែងរួចកាលពីវេលាម៉ោង១២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៧៨កែងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-6579 បើកបរដោយបុរសម្នាក់ដែលមានសភាពស្រវឹងបានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៨ ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តកាមរីបាឡែនក៏បានបួងចង្កូតគេចរួចបានជ្រុលទៅបុកដើមអំពិលទាំងកម្រោលបណ្តាលឲ្យដាច់កង់ខាងស្តាំទៅមុខលែងរួច។
ប្រភពព័ត៌មានបន្តទៀតថា បន្ទាប់មកម្ចាស់រថយន្ត បានចុះពីរថយន្តហើយគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីចងចាំអ្នកបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយបន្តទៀត៕
រថយន្តបាឡែនហក់ត្របាក់ដើមអំពិលដាច់កង់មុខម្ខាង ម្ចាស់ទុកចោលគេចខ្លួនបាត់
0 Comments