ភ្នំពេញ ៖ កីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ ពេជ្រ ប៊ុនធឿន ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញកាលពីជាង១០ឆ្នាំមុន បានត្រឡប់ទៅកាន់សង្វៀនជាលើកទី២វិញ តែហាក់ដូចជាលឹបលៗលើសង្វៀនតាមទូរទស្សន៍នានា បន្ទាប់ពីបាត់មុខមួយរយៈធំទៅបម្រើការជាទាហានមកនោះ។
ជួបជាមួយកាសែតកម្ពុជាថ្មី កីឡាករជើងខ្លាំងមាឌល្អិត ចិត្តធំ ពេជ្រ ប៊ុនធឿន អ្នកប្រដាល់របស់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង បានប្រាប់ពីមូលហេតុដែលបាត់មុខខ្លួនពីពិភពកីឡាប្រដាល់មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឲ្យដឹងថា ដោយសារតែចង់ចាប់អាជីពធ្វើជាមន្ត្រីយោធាម្ដង តាមក្ដីស្រមៃ តាំងពីកុមារភាពមកនោះ ខ្លួនបានស្ម័គ្រចិត្តចូលធ្វើជាទាហាននៅតាមជាយដែនក្នុងកងពលលេខ៤១ ដែលមានទីតាំងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ទន្ទឹមនឹងចូលបម្រើកងទ័ពនោះ ពេជ្រ ប៊ុនធឿន មិនបានបោះបង់ចោលប្រដាល់ទាំងស្រុងនោះឡើយ ដោយបានឆ្លៀតពេលបើកបង្រៀនសិស្សនៅទីនោះផងដែរ បើទោះជាមិនបានឡើងសង្វៀនប្រកួតខ្លួនឯងក៏ដោយ។
កីឡាករដែលមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះបន្តថា ក្នុងការបើកបង្រៀនសិស្សនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនោះ ភាគច្រើននៃអ្នកចូលរួមហ្វឹកហាត់ជាកូនក្មេង ចំណែកមនុស្សធំមិនសូវមានចំណាប់អារម្មណ៍ប៉ុន្មានឡើយ ដោយឱ្យតម្លៃក្នុងការផឹកស៊ី និងដើរលេងច្រើនជាងហាត់កីឡា។
កីឡាករជើងខ្លាំងមាឌល្អិត ចិត្តធំ ពេជ្រ ប៊ុនធឿន បន្ថែមថា ក្រោយពីចំណាយពេលអស់ជាច្រើនឆ្នាំនៅទីនោះមិនបានកាក់កបអ្វីមក អតីតលោកគ្រូរបស់ខ្លួនប្រចាំក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ចេះតែបបួលឱ្យខ្លួនត្រឡប់មកកាន់សង្វៀនវិញ ហើយចំពេលខ្លួននឿយណាយ និងអស់ទឹកចិត្តនឹងការបង្ហាត់សិស្សនៅស្រុកអន្លង់វែងផង ក៏សម្រេចចិត្តត្រឡប់មកហ្វឹកហាត់ដើម្បីឡើងប្រកួតលើសង្វៀនវិញតែម្ដងទៅ។
ពេជ្រ ប៊ុនធឿន បញ្ជាក់ថា បន្ទាប់ពីរូបគេប្រកួតដណ្ដើមខ្សែក្រវាត់ Black Panther ទម្ងន់៦៣,៥ គីឡូក្រាម ជាមួយកីឡាករជើងខ្លាំងវ័យក្មេង៧នាក់ផ្សេងទៀតដែលធ្វើការប្រកួតជម្រុះនៅតាមបណ្ដាខេត្តក្រុងនានា ហើយជ្រុះធ្លាក់មិនបានធ្វើប្រកួតបន្តមក ខ្លួនឈប់ឡើងប្រកួតទៀតហើយ ដោយបានយល់ព្រមជាមួយអ្នកគ្រប់គ្រងក្នុងក្លិបប្រដាល់មួយក្នុងក្រុងភ្នំពេញ មកធ្វើជាគ្រូបង្វឹកជំនួសវិញ។
គួរបញ្ជាក់ថា ក្នុងការត្រឡប់មកកាន់សង្វៀនជាលើកទី២ នាដើមឆ្នាំ២០១៥នេះ ពេជ្រ ប៊ុនធឿន ធ្វើមិនសូវបានល្អប៉ុន្មានឡើយ ព្រោះចាញ់កម្លាំងស៊ុហ្វសិស្សប្អូន តែស្នៀតប្រយុទ្ធមិនចាញ់នោះឡើយ។ តែយ៉ាងណាក៏ដោយ កីឡាករ ពេជ្រ ប៊ុនធឿន ប្រាប់ថា តាំងពីឡើងសង្វៀនរហូតមកទល់នឹងបញ្ចប់អាជីពជាកីឡាករនេះ មិនដែលលក់តម្លៃខ្លួនក្នុងការប្រកួតទេ ពេលឡើងប្រកួតម្តងៗមិនថាតែជួបជាមួយកីឡាករក្នុងស្រុកនោះទេ ជួបជាមួយកីឡាករបរទេសក៏តែងតែប្រកួតមិនលាក់កម្លាំងនោះឡើយ។
បំណងប្រាថ្នាទៅថ្ងៃអនាគត ពេជ្រ ប៊ុនធឿន ប្រាប់ថា ចង់ក្លាយជាចៅក្រម អាជ្ញាកណ្ដាល និងគ្រូបង្វឹកដ៏ល្អម្នាក់ ដើម្បីចែករំលែកនៅស្នៀតប្រដាល់ក្បាច់បុរាណខ្មែរ ដែលខ្លួនមានទាំងប៉ុន្មានដល់ក្មេងៗជំនាន់ក្រោយបន្តទៀត។ ដោយលោកចង់បណ្ដុះបណ្ដាលឲ្យក្មេងជំនាន់ក្រោយស្គាល់ពីក្បាច់ខ្មែរបុរាណដែលបន្សល់ពីដូនតាយើងមក និងចង់ឲ្យពួកគេក្លាយជាកីឡាករល្បីល្បាញក្នុងស្រុក និងលើឆាកអន្តរជាតិ ដើម្បីស្នងពីកីឡាករចាស់ៗមួយចំនួនដែលបានក្លាយជាគ្រូបង្វឹកទៅហើយនោះ។ ជាពិសេស ដើម្បីអូសទាញយុវជនក្មេងជំនាន់ក្រោយមួយចំនួនដែលបានប្រព្រឹត្តរឿងមិនល្អដូចជា សេពគ្រឿងញៀនជាដើម ឲ្យងាកមកហាត់កីឡាដើម្បីសុខភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕
ពេជ្រ ប៊ុនធឿន លឹបលៗលើសង្វៀន បន្ទាប់ពីបាត់មុខមួយរយៈធំមក

0 Comments