ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសឈ្មោះ ដាំ ផល អាយុ៤៧ឆ្នាំ មានទីលំនៅនៅភូមិ/ឃុំកើតហេតុ បានមកពីផឹកស្រាក្នុងសភាពស្រវឹង ហើយដើរមកដល់ផ្ទះចាប់ ក.អាវប្រពន្ធអូសចូលក្នុងផ្ទះ ហើយយកពូថៅកាប់ប្រពន្ធ តែប្រពន្ធគេចចុះគេចឡើងហើយក៏រត់ចេញពីផ្ទះផុត។
ប្រភពបន្តថា បន្ទាប់មក ឈ្មោះ ដាំ ផល បានដើរទៅផ្ទះអ្នកជិតខាង ហើយក៏ឡើងទៅលើផ្ទះរបស់ឈ្មោះ ដេត ភួន ភេទស្រី អាយុ៦៦ឆ្នាំ យកម៉ាញ៉េដែលនៅលើផ្ទះបម្រុងបោកចោល តែយាយភួន បានដណ្ដើមម៉ាញ៉េយកចេញពីដៃវិញ ស្រាប់តែឈ្មោះ ដាំ ផល បានយកកញ្ចក់គប់លើយាយភួន ចំចិញ្ចើម ហើយចុះមកដីវិញទៅអង្គុយផឹកស្រាអស់កន្លះលីត្រ និងយកកូនកាំបិត២ដាក់នៅក្បែរខ្លួន។
លោកអនុសេនីយ៍ត្រី យឹម គឹមសឿន នាយនគរបាលប៉ុស្តិ៍ឃុំបឹងណាយបានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុព័ទ្ធចាប់ជនសង្ស័យឈ្មោះ ដាំ ផល យកមកអធិការដ្ឋានដើម្បីបំពេញសំណុំឯកសារតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ឈ្មោះ ដាំ ផល តែងតែផឹកស្រាស្រវឹងរករឿងប្រពន្ធជារឿយៗ ហេតុនេះទើបសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោស បើទុកនៅផ្ទះខ្លាចឈ្មោះ ដាំ ផល ស្រវឹងស្រាកាប់សម្លាប់ប្រពន្ធ និងអ្នកជិតខាង។
ប្រជាពលរដ្ឋដែលមានទីលំនៅនៅក្បែរផ្ទះឈ្មោះ ដាំ ផល បានសំណូមពរដល់សមត្ថកិច្ច និងស្ថាប័នតុលាការធ្វើការឃុំខ្លួនជនសង្ស័យមិនត្រូវដោះលែងនៅពេលនេះទេ៕
ផឹកស្រាស្រវឹង ចងកំហឹងជាមួយប្រពន្ធ គប់អ្នកជិតខាងរបួសក្បាល

0 Comments