ភ្នំពេញ ៖ វាពិតជាទិដ្ឋភាពគួរឲ្យក្ដុកក្ដួលរំជួលចិត្តពេកណាស់ ដែលម្ដាយទើបតែបានជួបកូនភ្លោះបង្កើត២នាក់លើកទីមួយនៅក្នុងរយៈពេលជាង១ខែ ដែលតុលាការបានចាប់ឃុំខ្លួនដាក់ពន្ធនាគារព្រៃ.ស ទុកឲ្យកូនភ្លោះប្រុស/ស្រីតូចៗ២នាក់នៅកំព្រារញង់ជាមួយនឹងជីដូនចាស់អាយុជិត៨០ឆ្នាំ ជរាព្យាធិប្រចាំកាយគួរឲ្យសង្វេគ។
កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ សភាស៊ើបសួរសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងប្តឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ស្ត្រីឈ្មោះ ហេង លីលី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានលំនៅដ្ឋានលេខ២៧១B ផ្លូវលំ ក្រុម១០ ឃុំត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មកធ្វើការវែកញែក ប៉ុន្តែក្រោយបញ្ចប់សវនាការនេះ លោក ភូ ពៅស៊ុន ចៅក្រមតុលាការសាលាឧទ្ធរណ៍បានសម្រេចថានឹងប្រកាសសាលាដីកានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ខាងមុខនេះ។
នៅសាលាឧទ្ធរណ៍ជនជាប់ចោទឈ្មោះ ហេង លីលី ត្រូវបានអនុរក្សពន្ធនាគារបញ្ជូនមកកាន់សាលាឧទ្ធរណ៍ផងដែរ ដើម្បីឆ្លើយនឹងសំណួររបស់ចៅក្រម និងមេធាវីការពារផ្លូវច្បាប់។ នៅទីនោះហេង លីលី មានឱកាសបានជួបកូនភ្លោះប្រុស/ស្រីរបស់នាងជាលើកទី១ ក្រោយពេលដែលតុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់ និងឃុំខ្លួននាងនៅពន្ធនាគារព្រៃ.ស ក្រោមការចោទប្រកាន់ពីបទរក្សាទុកសារធាតុញៀនខុសច្បាប់។
កូនភ្លោះប្រុស/ស្រីរបស់នាងទាំង២នាក់ទើបតែមានអាយុ៧ខែប៉ុណ្ណោះ នៅខណៈពេលដែលនាងស្ថិតនៅក្នុងពន្ធនាគារ កូនភ្លោះប្រុស/ស្រីរបស់នាងទាំង២នាក់បានស្ថិតក្រោមការមើលថែទាំពីសំណាក់ជីដូនមេម៉ាយចាស់ជរាអាយុជិត៨០ឆ្នាំទៅហើយ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ទិដ្ឋភាពនៃការជួបជុំគ្នារវាងម្តាយ និងកូនភ្លោះតូចៗទាំង២នេះ ពិតជាធ្វើឲ្យអ្នកផងទាំងឡាយដែលបានមើលឃើញមានអារម្មណ៍ក្ដុកក្ដួលខ្លោចចិត្តអំពីការព្រាត់ប្រាសគ្នាទាំងភ្នែកស្រស់ រវាងម្តាយ និងកូន ដោយសារតែម្តាយរបស់ពួកគេបានជាប់ចោទនៅក្នុងបទល្មើសគ្រឿងញៀនមួយ ដែលតុលាការកំពុងស៊ើបអង្កេតនៅឡើយ។
ដោយកត់សម្គាល់ឃើញថា រឿងក្ដីចោទប្រកាន់ម្តាយរបស់កូនភ្លោះប្រុស/ស្រីទាំង២នាក់នេះឲ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនបន្តិចបន្តួចមានភាពមិនប្រក្រតី ការិយាល័យមេធាវីណាច ទ្រី ដែលមានលោកមេធាវី ណាច ទ្រី ,លោកមេធាវីជន សុជាតិ ,លោកមេធាវី អ៊ិត ពិសិដ្ឋរង្សី បានចេញមុខការពារក្តីដោយមិនគិតសេវា ហើយបានដាក់ពាក្យសុំធានាកូនក្ដីរបស់ខ្លួនឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ប៉ុន្តែលោកចៅក្រមតុប ឈុនហេង ជាចៅក្រមស៊ើបអង្កេតក្នុងសំណុំរឿងបានបដិសេធមិនឲ្យឈ្មោះ ហេង លីលី នៅក្រៅឃុំទេ ទើបក្រុមមេធាវីបានបន្តប្តឹងមកសាលាឧទ្ធរណ៍ ហើយនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចលើកយករឿងសុំនៅក្រៅឃុំនេះមកសវនាការ ប៉ុន្តែបានពន្យារពេលប្រកាសសាលដីកានៅថ្ងៃទី១៤ ខែសីហាវិញ។
គួររំលឹកថា ក្រោយពេលដែលតុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនឈ្មោះ ហេង លីលី នៅពន្ធនាគារ ហើយបន្សល់ទុកកូនភ្លោះប្រុស/ស្រីអាយុ៧ខែ ២នាក់ ឲ្យនៅជាមួយជីដូនចាស់ជរាបានធ្វើឲ្យជីវភាពទារកភ្លោះទាំង២នាក់ធ្លាក់ក្នុងស្ថានភាពខ្វះអាហារបំប៉ន និងការបីបាច់ថែរក្សា។ ក្នុងនោះដែរ ក៏មានសប្បុរសជន អង្គការទ្រទ្រង់កុមារមួយចំនួនបានផ្តល់នូវថវិកាមួយចំនួនតូចសម្រាប់ទ្រទ្រង់ជីវភាពពួកគេក្នុងរយៈពេលខ្លី ដោយសង្ឃឹមថា សាលាឧទ្ធរណ៍អនុញ្ញាតឲ្យម្តាយទារកទាំង២នាក់នៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីថែរក្សាទារកភ្លោះទាំង២នាក់ឲ្យមានភាពកក់ក្តៅដូចកុមារដទៃទៀត៕
១៤សីហា សាលាឧទ្ធរណ៍ប្រកាសសាលដីកាម្តាយរបស់កូនភ្លោះ២នាក់ សុំនៅក្រៅឃុំ
0 Comments