Ad Code

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្ដែត ​នៅក្នុង​ប្រឡាយ​ទឹក​ស្អុយ​ក្បែរផ្លូវ​៣០​ម៉ែត្រ​សង្កាត់​ព្រៃ​ស​(Update)

ភ្នំពេញ ៖ សព​បុរស​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្ដែត​ក្នុង​ប្រឡាយ​ទឹក​ស្អុយ បង្ក​ការ​ភ្ញាក់​ផ្អើល ដល់​អ្នកដំណើរ ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ។


ហេតុការណ៍​ភ្ញាក់ផ្អើល កើតឡើង វេលា​ម៉ោង ១១​និង​១០​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។


ជនរងគ្រោះ​ឈ្មោះ  យូ សារ៉ន ហៅ យ៉​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ គ្មាន​មុខរបរ  បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជាមួយ​បងប្អូន​ក្បែរ​កន្លែង​កើតហេតុ។


លោក​អនុសេនីយ៍ទោ អ៊ុ​ល សំអុល នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ កាលពី​យប់ ជនរងគ្រោះ និង​ក្រុម​គ្រួសារ បាន​ចង​មុង​សំរាក​នៅ​កន្លែង​រៀងៗ​ខ្លួន ដោយ​ជនរង​គ្រោះ​ចង​មុង​ដេក​នៅក្នុង​ផ្ទះ​ផ្នែក​ខាងមុខ លុះ​ជិត​ភ្លឺ អ្នក​ក្នុងផ្ទះ​បាន​ក្រោក​ឡើង ដើរមក​មើល មិន​ឃើញ​ជនរងគ្រោះ​នោះ​ទេ។


លោកនាយ​ប៉ុស្តិ៍​ព្រៃ​ស​ប្រាប់​បន្ត​ថា ការ​បាត់​ជនរងគ្រោះ​ពី​កន្លែងដេក​នេះ គឹ​បងប្អូន​មិន​មាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ ដោយ​ស្មាន​តែ​ជនរងគ្រោះ ជិះ​កង់​ចូលក្នុង​ភូមិ ពីព្រោះ​កន្លងមក​ជនរងគ្រោះ​ឧស្សាហ៍​ជិះ​កង់​ចូល​ក្នុងភូមិ​ជួប​មិត្តភក្ដិ​របស់​គាត់​ណាស់  រហូតដល់​ល្ងាច​ទើប​ត្រឡប់​មកផ្ទះ​វិញ​។


លុះ​ស្រាប់តែ នា​វេលា​ម៉ោង ១១​និង​១០ ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ មាន​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ បាន​យក​សំរាម​មក​បោះចោល​នៅក្នុង​ប្រឡាយ​ទឹក​ស្អុយ​នោះ ក្រឡេក​ភ្នែក​ឃើញ​ជនរង​គ្រោះ​ដេក​ផ្កាប់មុខ​ស្លាប់​អណ្ដែត​នៅក្នុង​ប្រឡាយ​ទឹក​ស្អុយ​នោះ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល ដល់​អ្នក​ដំណើរ​ចោមរោម​មើល ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ជំនាញ​កោសល្យវិច័យ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចុះ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ សន្និដ្ឋាន​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ការ​ឈ្លក់ទឹក គឺ​មិន​មាន​ករណី​ផ្សេង​កើតឡើង​នោះ​ទេ។


លោក​អនុសេនីយ៍ទោ អ៊ុ​ល សំអុល នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​មាន​ជំងឺ​ប្រកាច់ (​ជំងឺឆ្កួតជ្រូក​)  ឧស្សាហ៍​ប្រកាច់​ណាស់​។ ដោយឡែក​ការស្លាប់​នេះ ទំនង​ជន​រងគ្រោះ​ងើប​ពី​ដេក​ឡើង​បត់ជើងតូច រួចហើយ​ប្រកាច់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​នេះ​ហើយ​គ្មាន​អ្នកដឹង ទើប​បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​បែបនេះ។ ក្រោយពី​ពិនិត្យ ធ្វើ​កោសល្យវិច័យ រួចហើយ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ៕
Nita-11-A-54-Full


Nita-11-A-55-Full



ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្ដែត ​នៅក្នុង​ប្រឡាយ​ទឹក​ស្អុយ​ក្បែរផ្លូវ​៣០​ម៉ែត្រ​សង្កាត់​ព្រៃ​ស​(Update)

Post a Comment

0 Comments

Close Menu