ភ្នំពេញ ៖ ក្នុងបេសកកម្មការទូតរយៈពេលជាង៣ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា លោក Wiliem E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមើល ឃើញពីការរីកចម្រើនលើវិស័យជាច្រើន។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ ក្រុមអ្នកយកព័ត៌មានថា ក្នុងពេលដែលបានទទួលការអនុញ្ញាតឱ្យចូលជួប សម្តែងការគួរសម និងជម្រាបលានៅវិមានសន្តិភាព កាលពីថ្ងៃទី១១ខែសីហា ឆ្នាំ ២០១៥លោក Wiliem E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបាន ជម្រាបជូនសម្ដេចតេជោថា រយៈពេល៣ឆ្នាំ៤ខែកន្លងមកនេះ លោកបានឃើញមានការផ្លាស់ប្ដូរយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា នោះគឺភាពក្រីក្រនៅកម្ពុជា ត្រូវបានកាត់បន្ថយ អត្រាមរណរបស់ទារកក៏ត្រូវបានកាត់បន្ថយ អាយុរបស់ប្រជាជនកម្ពុជាក៏កាន់តែវែងឡើង ហើយជាពិសេសទៀតជីវភាពរបស់ប្រជាជនក៏កាន់ តែល្អប្រសើរ។ លោកទូតមានប្រសាសន៍ថា កម្ពុជាគឺកំពុងតែបោះជំហានយ៉ាងល្អឆ្ពោះទៅមុខប្រកបដោយសក្ដានុពល ដែលក្នុងន័យនេះ សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកម្ពុជា។
ទាក់ទងនឹងបញ្ហាដែលសម្ដេចបានធ្វើលិខិតសុំខ្ចីផែនទី ដែលតម្កល់ទុកនៅសហរដ្ឋអាមេរិកយកមកធ្វើការផ្ទៀងផ្ទាត់នោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសួររម្លឹកទៅលោកទូតជុំវិញសំណើសុំខ្ចីផែនទីនោះ ហើយលោក Wiliem E.Todd ក៏បានមានប្រសាសន៍ថា សំណើរបស់សម្ដេចនោះគឺបានទៅដល់ទីក្រុងវ៉ាស៊ីតោនហើយៗលោកនឹងជួយជំរុញធ្វើយ៉ាងណា ដើម្បីឱ្យផែនទីនោះបានមកដល់កម្ពុជា។
សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក Wiliem E.Todd និងក៏បានយល់ស្របជាមួយអ្វីដែលលោកទូតបានមានប្រសាសន៍ និងបានជូនពរឱ្យលោក Wiliem E.Todd បានទទួលជោគជ័យលើផ្នែកការទូតជាបន្តទៀតនាថ្ងៃអនាគត៕
លោក Wiliem E.Todd មើលឃើញពីការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា
0 Comments