វាអាចជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរ ប៉ុន្តែជនភៀសខ្លួនស៊ីរីនៅលើកោះ Kos នឹងចាកចេញពីកោះនេះហើយចាប់ផ្ដើមជីវិតថ្មីបន្ទាប់ពីការរង់ចាំនៅក្នុងស្ថានភាពដ៏អាក្រក់ដើម្បីទទួលបានការចុះឈ្មោះ។
ជនជាតិស៊ីរីឃឺដម្នាក់ដែលមានវ័យ១៦ ឆ្នាំឈ្មោះ Ibrahim Najjar បាននិយាយថា “ផ្លូវគឺនៅវែងណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងចាកចេញនៅថ្ងៃស្អែក។ ដំបូងខ្ញុំនឹងទៅប្រទេសម៉ាសេដូនៀហើយបន្ទាប់មកទៅស៊ែប៊ី។ ខ្ញុំសង្ឃឹមថានឹងទៅដល់ប្រទេសអាល្លឺម៉ង់ដែលជាកន្លែងដែលខ្ញុំនឹងត្រូវគេចាត់ទុកដូចជាមនុស្ស”។
បន្ទាប់ពីមានការហូរចូលដ៏ធំនៃជនអន្តោប្រវេសន៍ទៅកោះរបស់ប្រទេសក្រិក លោក Najjar បានស្ថិតក្នុងចំណោមមនុស្សប្រហែល ២០០០នាក់ ដែលផ្លាស់ទីលំនៅថ្មីមកកីឡដ្ឋានបាល់ទាត់មួយដែលបានប្រែទៅជាមជ្ឈមណ្ឌលចុះឈ្មោះនៅសប្ដាហ៍នេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏មនុស្សរាប់រយនាក់ត្រូវបានវាយ ដោយប៉ូលិសជាមួយនឹងដំបង ហើយបានបាញ់ដោយឧបករណ៍ពន្លត់ភ្លើង។
ពួកគេជាច្រើនបានបោះជំរំនៅតាមបណ្ដោយផ្លូវនៃកោះក្រិក និងតាមឆ្នេរសមុទ្រក្នុងស្ថានភាពមិនប្រក្រតីរយៈពេលជាច្រើនសប្ដាហ៍មកហើយ។ ឆ្នេរនៃកោះ Kos គឺពោរពេញទៅដោយតង់បណ្ដោះអាសន្ន និងជនជាតិស៊ីរី ដែលភ័យខ្លាចជាមួយក្តីសង្ឃឹមថានឹងចាកចេញពីកោះនេះបានឆាប់។
នាងHadir ព្រមទាំងប្តីរបស់នាង និងកូនបីនាក់បានឆ្លងកាត់សមុទ្រ Aegean ពីប្រទេសទួរគីនៅក្នុងទូកពោងកៅស៊ូមួយកាលពីបួនយប់កន្លងទៅហើយបាននិយាយថា អាជ្ញាធរក្រិកមិនបាន ប្រគល់ឲ្យពួកគេ “អ្វីទាំងអស់”។
ក្រុមគ្រួសារនេះបានចំណាយពេលមួយឆ្នាំនៅក្នុងប្រទេសទួរគីបន្ទាប់ពីបានភៀសខ្លួនចេញពីខេត្ត Idlib ដែលរងការបំផ្លិចបំផ្លាញនៅភាគពាយព្យប្រទេសស៊ីរី។ ពួកគេបាននិយាយថាពួកគេបានចំណាយប្រាក់ចំនួន២០ អឺរ៉ូ (២២ ដុល្លារ) សម្រាប់តង់តូចមួយនៅលើកោះ Kos និង៤០ អឺរ៉ូសម្រាប់តង់ដែលមានទំហំធំ។
ជាមួយគ្នានោះ អង្គការសប្បុរសធម៌គ្រូពេទ្យគ្មានព្រំដែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជនចំណាកស្រុកនៅលើកោះKosនៅពេលប្រទេសក្រិកបានបញ្ជូនប៉ូលិសកុបកម្មបន្ថែមទៀតដើម្បីដោះស្រាយជាមួយនឹងការហូរចូលនេះ។
ដោយឡែកអ្នកផ្សេងទៀតដូចជា Amina និងកូនរបស់នាងចំនួនបួននាក់គឺមិនមាននោះទេសូម្បីតែតង់មួយសម្រាប់ដេក។
អំឡុងពេលថ្ងៃ ក្រុមគ្រួសារនេះបានស្នាក់នៅក្រោមដើមឈើមួយនិងសម្រាកក្រោមក្រដាសកាតុងធ្វើកេសមុនពេលពួកគេធ្វើដំណើរទៅកន្លែងបន្ទាប់។
គួរបញ្ជាក់ថា មនុស្សទាំងអស់នៅតាមបណ្ដោយឆ្នេរបានព្យួរ និងហាលថ្ងៃរបស់របរពួកគេ។ ពួកគេបាននិយាយថា មិនមានបន្ទប់ទឹកហើយក៏គ្មានចរន្តទឹកដែរហើយពួកគេបានទទួលជំនួយតិចតួចបំផុត៕
AFP
ជនឥន្តោប្រវេសន៍កាន់ទារកម្នាក់នៅលើកោះ Kos របស់ប្រទេសក្រិកបន្ទាប់ពីឆ្លងកាត់សមុទ្រ Aegean (រូប AFP)
ជនអន្តោប្រវេសន៍ស៊ីរីគ្រោងចាកចេញពីកោះKosដើម្បីស្វែងរកជីវិតថ្មី
0 Comments