ក្រុមបាល់ទាត់យុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោន ក្រោមអាយុ១៨ឆ្នាំ បានប្រកួតបើកឆាកចាញ់ក្រុមក្រុមម្ចាស់ផ្ទះ Kashima Antlers របស់ជប៉ុន ក្នុងលទ្ធផល ៥ ទល់ ០ វគ្គជម្រុះពូល B នៃពានរង្វាន់បាល់ទាត់ក្រៅផ្លូវការ The Asia Champion Trophy U-18 2015 នៅរសៀលថ្ងៃពុធ ទី ៥ ខែ សីហា ម្សិលមិញនៅកីឡដ្ឋាន Kashima Soccer Stadium ក្នុងទីក្រុង Kashima។
៥ គ្រាប់របស់ក្រុម Kashima Antlers បានចែកគ្នាទាត់ដោយកីឡាករ Takanobu Nishimoto, Yuki Kakita, Hayato Ishizu, Ryo Shikama និង កីឡាករ Juriya Yoshiok ។ ក្រុមខ្លាំងរបស់ជប៉ុន មួយនេះមាន ៣ ពិន្ទុនៅក្នុងដៃ នៅថ្ងៃបើកឆាក ក្រោយនៅសល់ ៥ ប្រកួតក្នុងដៃទៀត។
បន្ទាប់ពីជួប Kashima Antlers របស់ជប៉ុននេះ ក្រុមភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋាន RSN Stadium របស់ខ្លួនប្រកួតជាមួយក្រុម Frenz Utd B នៅថ្ងៃទី ១៤ ខែ សីហា ហើយថ្ងៃទី ៩ ខែ កញ្ញា ត្រូវជួបក្រុម PVF របស់វៀតណាម នៅក្រៅដី ដោយត្រូវបន្តជួបក្រុម Frenz Utd B វិញនៅទឹកដីម៉ាឡេស៊ី។ នៅថ្ងៃទី ១៦ កញ្ញា ជួបក្រុម Kashima Antlers នៅ RSN Stadium នៅថ្ងៃ ១៤ តុលា និង ត្រូវជួបក្រុម PVF វៀតណាម នៅ RSN Stadium របស់ខ្លួនវិញ។ រាល់ការប្រកួតដែលធ្វើឡើងនៅទឹកដីរបស់ក្រុមភ្នំពេញក្រោន នឹងរៀបចំឡើងនៅកីឡដ្ឋាន RSN Stadium ម្ដុំទួលគោក រាជធានីភ្នំពេញ ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍ BTV ផងដែរ។
ពានរង្វាន់ Asia Champion Trophy U-18 2015 មានក្រុមចូលរួមចំនួន ៨ ចែកជា ២ ពូលផ្សេងគ្នា ដោយពូល A មាន Chonburi របស់ថៃ, India U-18 National Team (All India Football Federation (AIFF)) របស់ឥណ្ឌា, Frenz United A របស់ម៉ាឡេស៊ី និង Felda United របស់ម៉ាឡេស៊ី។ ចំណែកពូល B មានយុវជន U-18 ភ្នំពេញក្រោន ក្រុម Kashima Antlers របស់ជប៉ុន, PVF របស់វៀតណាម និង Frenz United B របស់ម៉ាឡេស៊ី។ ការប្រកួតចាប់ពីថ្ងៃទី៥ សីហា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយប្រើប្រព័ន្ធប្រកួតក្នុងដីនិងក្រៅដី (Home/Away)។
ពានរង្វាន់ Asia Champions Trophy បង្កើតឡើងបាន ៣ ឆ្នាំហើយ ខណៈឆ្នាំដំបូងមានឈ្មោះថា FAM-Frenz U-15 Asean Champions Trophy 2013 នៅក្នុងឆ្នាំ ២០១៣ ដោយគ្រានោះមានក្រុមចូលរួមចំនួន ១២ ហើយជើងឯកបានទៅក្រុមយុវជន Frenz Indonesia របស់ឥណ្ឌូណេស៊ី ក្រោយយកឈ្នះក្រុម Frenz Malaysia B នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១ ទល់ ០ ។ ឆ្នាំ ២០១៤ ពានរង្វាន់នេះមានឈ្មោះថា FAM-Asia Champions Trophy U-16 2014 ដោយមានក្រុមចូលរួមចំនួន ១២ ហើយជើងឯកបានទៅក្រុម Harimau Muda U-16 របស់ម៉ាឡេស៊ី ក្រោយយកឈ្នះក្រុម PVF Vietnam របស់វៀតណាម ដោយលទ្ធផលទាំង ២ ជើង ៥ ទល់ ៤ នៅវគ្គផ្ដាច់ព្រ័ត្រ៕
U-18 ភ្នំពេញក្រោន ប្រកួតចាញ់ម្ចាស់ផ្ទះ Kashima Antlers របស់ជប៉ុន ៥ ទល់ ០
0 Comments