Ad Code

លោក សម រង្ស៊ី មិនបាន​ជួប​លោក ហុង សុខ​ហួរ ដែល​ទើប​ត្រូវ​បាន​ឃុំខ្លួន​ទេ(Update)​

ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ បាន​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​សកម្មជន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​ដាក់​ពន្ធនាគារ​ចំនួន​១៤​នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​នេះ លោក សម រង្សី មិនបាន​ជួប​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​ទើប​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​សីហា​នោះ​ទេ ដោយសារតែ​មិន​ទាន់​មាន​ការ​ស្នើសុំ។​


លោក អ៊ូ ច័ន្ទ​ប្ញ​ទ្ធិ មន្ត្រី​អ្នកនាំពាក្យ​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥​ថា ខាង​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​អង្គុយ​ជជែក​គ្នា​ជាមួយ​សកម្មជន​ចំនួន​១៤​នាក់ ដែល​បាន​ចាប់ខ្លួន​កន្លងមក លើក​លែង​តែ​លោក ហុង សុខ​ហួរ ដែល​ទើប​ចាប់ខ្លួន គឺ​មិនបាន​ជួប​ទេ ហើយ​ការ​មិនបាន​ជួប​នេះ ដោយសារ​តែ​មិនបាន​ស្នើសុំ ពីព្រោះ​គាត់​ទើប​ចាប់ខ្លួន។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​នោះ លោក សម រង្ស៊ី បាន​ផ្ដាំផ្ញើ​កុំ​ឲ្យ​បាក់​ទឹកចិត្ត ហើយ​កុំ​ឲ្យ​អស់​សង្ឃឹម និង​មាន​ទំនុក​ចិត្ត​ទៅលើ​ថ្នាក់ដឹកនាំ។


ចំណែក​ក្រុម​អ្នក​ជាប់ឃុំ​បាន​និយាយ​ជាមួយ​លោក សម រង្ស៊ី វិញ​ថា សូម​កុំ​ឲ្យ​គណបក្ស​ពួក​គេ​ជា​ថ្នូរ​ជាមួយ​រឿង​អ្វីមួយ ហើយ​ពួកគេ​បាន​ផ្ញើ​មក​អ្នក​ខាងក្រៅ​វិញ​ថា ពួកគេ​បាន​សុខ​សប្បាយ​ទេ ហើយ​ពួកគេ​បាន​ផ្ដាំផ្ញើ​ឲ្យ​អ្នក​នៅ​ខាងក្រៅ​ធ្វើ​អ្វី ដែល​ស្របច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​បន្ត​ទៅ​ទៀត។​


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៤​នាក់​នោះ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ជិត​ទី​លាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ នៅ​ក្នុង​សំណុំរឿង​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ដាក់​ពន្ធនាគារ​៧​ឆ្នាំ ចំនួន​៨​នាក់ និង​ដាក់​ពន្ធនាគារ​២០​ឆ្នាំ ចំនួន​៣​នាក់ ហើយ​៣​នាក់​ទៀត​មិនទាន់​សម្រេច​យ៉ាង​ណាទេ។ ដោយឡែក​ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី ត្រូវ​បាន​សមត្ថកិច្ច​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​សីហា ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀត​ណាម។​


ទាក់ទង​បញ្ហា​នេះ លោក សម រង្ស៊ី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា​ថា ការ​ចាប់​ខ្លួន​សកម្មជន​ដោយ​តុលាការ​កន្លងមក ​មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​ទេ ពី​ព្រោះ​វប្បធម៌​សន្ទនា គឺជា​ផ្នត់គំនិត​ថ្មី​មួយ​ដែល​យើង​ត្រូវ​រក្សា​ឲ្យ​ជាប់​លាប់ បើ​ទោះ​បី​ជា​មាន​ស្ថានការ​តឹងរ៉ឹង​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​រក្សា​ឲ្យ​បាន ហើយ​លោក​សង្ឃឹមថា ស្ថាន​ការ​នឹង​មាន​ភាព​ធូរ​ស្រាល​នៅ​ពេល​បន្តិច​ទៀត​នេះ លោក​នឹង​ខិតខំ​ប្រើ​មធ្យោបាយ​ត្រជាក់ ដើម្បី​ធ្វើ​ឲ្យ​សភាពការណ៍​វិល​មក​ដូច​ធម្មតា​វិញ។​

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥​នោះ អម​ដោយ​តំណាងរាស្ត្រ​ចំនួន​ចំនួន​៥​រូប និង​មេធាវី​មួយ​រូប​ផង​ដែរ ហើយ​សរុប​អ្នកចូលរួម​ប្រមាណ​២០០​នាក់៕




លោក សម រង្ស៊ី មិនបាន​ជួប​លោក ហុង សុខ​ហួរ ដែល​ទើប​ត្រូវ​បាន​ឃុំខ្លួន​ទេ(Update)​

Post a Comment

0 Comments

Close Menu