បន្ទាយមានជ័យ ៖ ផ្លូវមួយខ្សែដែលមានប្រវែង៣០០ម៉ែត្ររយៈពេលកន្លងមក ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងនៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនោះ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយក្រុងសិរីសោភ័ណបានចុះបើកការដ្ឋានធ្វើ ដើម្បីសម្រួលក្នុងការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥នេះ។ ក្នុងការបើកការដ្ឋានធ្វើផ្លូវមួយខ្សែនេះ លោក លី សារី បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះកន្លងមក ប្រជាពលរដ្ឋក្នុងតំបន់នេះពិបាកក្នុងការធ្វើចរាចរណ៍ទៅមកយ៉ាងខ្លាំង ទើបលោកដឹកនាំក្រុមការងារចុះមកជួយធ្វើផ្លូវមួយខ្សែនេះជូនដល់ប្រជាពលរដ្ឋរស់នៅទីនោះ ដើម្បីសម្រួលចរាចរណ៍ទៅមក។
លោកបានបន្តទៀតថា ផ្លូវមួយខ្សែនេះមានប្រវែង៣០០ម៉ែត្រ ដែលចំណាយអស់ទឹកប្រាក់១.៧០០ដុល្លារជាលុយបដិភាគប្រជាពលរដ្ឋនៅសងខាងផ្លូវនោះស្ម័គ្រចេញពាក់កណ្ដាល និងរដ្ឋពាក់កណ្ដាល ហើយចាក់គ្រួសក្រហមកម្រាស់១តឹកកន្លះ ចំណែកគ្រឿងចក្រវិញ លោក លី សារីអភិបាលរងខេត្តរាប់ចេញទាំងអស់។ ប្រជាពលរដ្ឋរស់នៅទីនោះមានសេចក្ដីរីករាយជាពន់ពេកដែលផ្លូវមួយខ្សែនេះបានបើកការដ្ឋានធ្វើដើម្បីសម្រួលចរាចរណ៍ទៅមកដល់ប្រជាពលរដ្ឋនៅទីនោះ។
ប្រជាពលរដ្ឋបាននិយាយថា ផ្លូវមួយខ្សែនេះកន្លងមកពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ បើជិះម៉ូតូ និងរថយន្តវិញ មិនអាចធ្វើដំណើរទៅមកបានឡើយ បើទោះបីផ្លូវនេះចាក់គ្រួសក្រហមយ៉ាងណាក៏ពិបាកក្នុងការធ្វើចរាចរណ៍ទៅមកផងដែរ។ ក្រោយពីស្ថាបនារួចគាត់ថ្លែងអំណរគុណដល់លោក លី សារី យ៉ាងខ្លាំងផងដែ។ បញ្ជាក់លោក លី សារី ទើបតែឡើងជាអភិបាលរងខេត្តបន្ទាយមានជ័យមិនបាន៣ខែផង លោកមានស្នាដៃល្អៗក្នុងការដឹកនាំខេត្តបន្ទាយមានជ័យជាច្រើនដូចជា ចុះជួយចែកអំណោយ និងធ្វើផ្ទះជូនដល់ពលរដ្ឋក្រីក្រគ្មានទីជម្រក ទុរគតជន ផ្ទះជួបគ្រោះធម្មជាតិពិសេសចុះជួយធ្វើផ្លូវនៅតាមសហគមន៍ជាច្រើនខ្សែដែលប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរកន្លងមក។ លោក លី សារី ជាមន្ត្រីគំរូដ៏ល្អមួយរូបដែលចង់ឲ្យយកគំរូតាម៕
ផ្លូវ១ខ្សែប្រវែង៣០០ម៉ែត្រដែលពិបាកធ្វើដំណើរក្នុងសង្កាត់កំពង់ស្វាយ ត្រូវបានលោក លី សារី បើកការដ្ឋានធ្វើ
0 Comments