ភ្នំពេញ ៖ ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចូលខ្លួននៅកាន់តុលាការ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៩ ព្រឹក ដើម្បីឆ្លើយបំភ្លឺពីដំណើររឿងបរិហារកេរ្តិ៍ជាសាធារណៈ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើលើយុត្តាធិការ។
តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក វ៉េង ហ៊ត់ ដែលការិយាល័យរបស់យើងទើបទទួលបានកាលពីវេលាម៉ោង៣ និង១៥ នាទីថ្ងៃទី០៨ ខែតុលា បានឲ្យដឹងថា តាមការសន្និដ្ឋានបញ្ជូនសំណុំរឿងស៊ើបសួរលេខ ១៦៦២ អ.យ.ឋ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ តំណាងអយ្យការលោក សៀង សុខ បានយល់ឃើញថា មានតម្រុយសន្និដ្ឋានថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ឈ្មោះ នី ចរិយា បានធ្វើសន្និសីទកាសែតជាសាធារណៈនៅសមាគមអាដហុក ខេត្តសៀមរាប ដោយលើកឡើងថា ព្រះរាជអាជ្ញារង សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរ គី ឫទ្ធី បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ យកដីពលរដ្ឋនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ប្រគល់ឲ្យសមាគមវៀតណាមឈ្មោះ សមាគមតាខ្មៅ អភិវឌ្ឍនន៍កសិកម្ម និងឧស្សាហកម្ម ហៅកាត់ TCIDA ដឹកនាំឈ្មោះ លី គឹមឃុន។
តាមដីកាបញ្ជាក់ថា មកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ អយ្យអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីថ្លែងការណ៍ ជាសាធារណៈក្នុងខ្លឹមសារបំភ្លឺ និងសុំឲ្យឈ្មោះ នី ចរិយា បញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ការបរិហារកេរ្តិ៍ និងការដាក់សម្ពាធលើយុត្តាធិការ ប៉ុន្តែនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ឈ្មោះ នី ចរិយា នៅតែមិនបញ្ឈប់សកម្មភាព ហើយថែមទាំងធ្វើសន្និសីទកាសែតមួយទៀតនៅទីស្នាក់ការកណ្តាលសមាគមអាដហុក រាជធានីភ្នំពេញ ដោយបន្តរិះគន់ទម្លាក់កំហុស និងប្រកាសប្តឹងព្រះរាជអាជ្ញារង សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរ គី ឫទ្ធី ទៅក្រសួងយុត្តិធម៌ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។
ដោយសំអាងលើហេតុផលខាងលើនេះ តំណាងអយ្យការបានស្នើសុំដាក់ជនត្រូវចោទឈ្មោះ នី ចរិយា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើលើយុត្តាធិការ ប្រព្រឹត្តនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា៣០៥ មាត្រា៣១១ និងមាត្រា៥២២នៃក្រមព្រហ្មទណ្ឌ។
ក្រោយពីបានពិនិត្យឯកសារក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១៩៨៣ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ ឃើញថា មានភាពស៊ីចង្វាក់គ្នា ដែលអាចសន្និដ្ឋានបានថា ឈ្មោះ នី ចរិយា បានជាប់ពាក់ព័ន្ធក្នុងអំពើបរិហារកេរ្តិ៍ជាសាធារណៈ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើលើយុត្តាធិការ។ បញ្ជាមកឈ្មោះ នី ចរិយា ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅការិយាល័យអក្សរ “ទ” នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៩ ព្រឹក ដើម្បីសាកសួរយកព័ត៌មាន និងផ្តល់សិទ្ធិជូនក្នុងការឆ្លើយតបពីដំណើររឿងបរិហារកេរ្តិ៍ជាសាធារណៈ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើលើយុត្តាធិការ។
បើយោងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក វ៉េង ហ៊ត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ដែលធ្លាក់ដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្នុងករណីមិនចូលខ្លួន ចៅក្រមអាចនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតាមក្រមនីតិវិធី៕
សាលាដំបូងបង្គាប់ឲ្យប្រធានផ្នែកអង្កេតរបស់ ADHOC ចូលខ្លួននៅថ្ងៃទី២១ ខែតុលាទាក់ទងសំណុំរឿងបរិហារកេរ្តិ៍សាធារណៈ
0 Comments