កណ្ដាល ៖ ស្ត្រីម្នាក់ត្រូវខ្យល់គរស្លាប់បន្ទាប់ពីបាននិយាយប្រាប់ប្ដីថា ខ្លួនមានអាការៈរោយថ្គាមដូចជាពុលថ្នាំបាញ់ស្វាយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥នៅចំណុចផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
ប៉ូលិសបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះមោគ ឃឿន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ ឃុំកើតហេតុ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រយៈពេលមួយខែកន្លះមកហើយឈ្មោះមោគ ឃឿនបានសម្រាលកូនប្រុសម្នាក់តែពុំដែលមានបញ្ហាអ្វីទេ។ លុះដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹកមានឈ្មោះអាត អុល ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិកោះរកា ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាលបានមកបាញ់ថ្នាំស្វាយនៅចម្ការរបស់ឈ្មោះទូច ហាន ភេទប្រុសដែលនៅទល់មុខផ្ទះជនរងគ្រោះដែលមានចម្ងាយប្រហែល១៤ម៉ែត្រ ហើយនៅវេលាម៉ោង២រសៀលថ្ងៃទី៧ ខែតុលាឈ្មោះមោគ ឃឿនបានមកអង្គុយដកស្មៅនៅមុខផ្ទះរបស់ខ្លួនដែលមានចម្ងាយ៦ម៉ែត្រពីចម្ការស្វាយ។
ប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង៤ល្ងាចពេលដកស្មៅរួចជនរងគ្រោះបានត្អូញត្អែរប្រាប់ប្ដីថា ខ្លួនចេះតែរោយថ្គាមដូចជាពុលថ្នាំបាញ់ស្វាយបន្ទាប់មកក៏ជិះកង់ទៅផ្សារទិញម្ហូប។ នៅវេលាម៉ោង៥និង៣០នាទីល្ងាចពេលដាំបាយ និងធ្វើម្ហូបរួចហើយឈ្មោះមោគ ឃឿន និងប្ដីខ្លួនអង្គុយហូបបាយនៅលើផ្ទះពេលហូបរួចជនរងគ្រោះបានងូតទឹកឲ្យកូនតូច ពេលមុជទឹកឲ្យកូនរួច ជនរងគ្រោះបានដេកបំបៅកូនរហូតដល់ម៉ោង៧យប់ជនរងគ្រោះរួមជាមួយប្ដី និងកូនតូចបានដេកលង់លក់នៅលើផ្ទះ ស្រាប់តែដល់វេលាម៉ោង៣និង៣០នាទីទាបភ្លឺចូលថ្ងៃទី០៨ ខែតុលាឈ្មោះអេង ខេងជាប្ដីបានភ្ញាក់ដឹងខ្លួនហើយស្ទាបប្រពន្ធមានសភាពត្រជាក់មិនកំរើក ដាស់មិនក្រោកទើបដឹងថា ប្រពន្ធរបស់ខ្លួនស្លាប់ក៏ស្រែកឆោឡោឡើងឲ្យអ្នកជិតខាងជួយ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍។
ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរបស់ឈ្មោះមោគ ឃឿនដោយហ្មត់ចត់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ។ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ករណីនេះ ឈ្មោះអេង ខេងជាប្ដីស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងឈ្មោះអាត អុលអ្នកបាញ់ថ្នាំស្វាយថា បានធ្វើឲ្យប្រពន្ធខ្លួនស្លាប់៕
ស្ត្រីម្នាក់ដេកស្លាប់សង្ស័យពុលថ្នាំបាញ់ស្វាយ
0 Comments