បាត់ដំបង ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបានបើកក្នុងល្បឿនលឿន ហើយគេចពីស្ត្រីម្នាក់ដើរឆ្លងផ្លូវបណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវហោះចូលប្រឡាយកាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ នៅចំណុចភូមិចំបក់ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខសៀមរាប2A-3829បើកបរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង។ លុះទៅដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានស្ត្រីម្នាក់ដើរឆ្លងកាត់ផ្លូវ ខណៈនោះអ្នកបើកបររថយន្តបានជាន់ហ្វ្រាំងដើម្បីបញ្ចៀសការប៉ះទង្គិចទើបធ្វើឲ្យរថយន្តបានរេចង្កូតធ្លាក់ផ្លូវហោះទៅធ្លាក់ក្នុងប្រឡាយបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ដោយឡែកចំពោះអ្នកជិះនៅក្នុងរថយន្ត ដែលមានចំនួន៣នាក់ រួមនឹងអ្នកបើកបរឈ្មោះឈុំ ឈឿប ភេទប្រុស អាយុ៥២ឆ្នាំមិនបានប៉ះពាល់ដល់អាយុជីវិតឡើយ។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋ ដែលរស់នៅត្រង់ចំណុចកើតហេតុបានបញ្ជាក់ថា ស្ត្រីដែលដើរឆ្លងកាត់ផ្លូវ មិនបានមើលឆ្វេងស្ដាំនោះគឺជាស្ត្រីមិនសូវគ្រប់ទឹករស់នៅភូមិឃុំខាងលើ។ ដូច្នេះហើយទើបបង្កឲ្យរថយន្ត ដែលកំពុងធ្វើដំណើរយ៉ាងលឿននោះត្រូវពើបប្រទះ ហើយបានរេចង្កូតដោយសារបានជាន់ហ្វ្រាំងបង្ខំ ទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចមិនបាននាំយកទៅរថយន្តទៅកាន់អធិការដ្ឋានទេ ដោយសារតែករណីនេះ គឺគ្រោះថ្នាក់ដោយខ្លួនឯង ហើយមិនបង្កឲ្យអ្នករួមដំណើរនោះគ្រោះថ្នាក់ឡើយ៕
បើករថយន្តលឿនគេចពីស្ត្រីដើរឆ្លងផ្លូវរេចង្កូតហោះធ្លាក់ប្រឡាយ
0 Comments