ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅសាខាកាកបាទក្រហម ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមវត្តមាន លោក ហាស់ សារ៉េត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានសមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងស្រុក ប្រធានការិយាល័យអប់រំស្រុក ទីប្រឹក្សាយុវជនយុវជន កក្រក និងអ្នកស្ម័គ្រចិត្ត សរុប ចំនួន ២៦៩នាក់។
តាមរបាយការណ៍ របស់ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមខេត្ត ក្នុងឆ្នាំ ២០១៥ យុវជនទាំង ២៤វិទ្យាល័យ និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអង្គការយុវជននានា មានជាអាទិ៍ ក្រុមប្រឹក្សាយុវជនកាយរឹទ្ធិជាតិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំវិទ្យាល័យបានអនុវត្ត និងសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នូវវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា ក្នុងនោះមានសកម្មភាព ដែលពាក់ព័ន្ធ ទៅនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាពនិងការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។
លោក ហាស់ សារ៉េត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំផ្តាំផ្ញើនូវការសាកសួរសុខទុកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានជួយដល់ការងារមនុស្សធម៌កន្លងមក។ លោកបានមានប្រសាសន៍ថា សាខាកាកបាទក្រហមខេត្តក្រោមការចង្អុលបង្ហាញពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជានិងក្រោមការដឹកនាំរបស់លោក បានទទួលការគាំទ្រ និងចូលរួមសហការយ៉ាងផុសផុលពីដៃគូពាក់ព័ន្ធ និងប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជានិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ដោយទទួលបានប័ណ្ណសរសើរនិងគ្រឿងឥស្សរិយជាបន្តបន្ទាប់។ សមិទ្ធផលជាច្រើន និងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តសម្រេចបានក្នុង ឆ្នាំ ២០១៥នេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីការចង្អុលបង្ហាញ និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ជាប់ជាប្រចាំពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកហាស់ សារ៉េត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តទាំង ដែលកន្លងមកបានចូលរួមយ៉ាងសកម្មលើគ្រប់វិស័យស្នូលទាំង៤ ជាមួយកាកបាទក្រហម លើផ្នែកមនុស្សធម៌។ និងបានណែនាំដល់គ្រប់ក្រុង ស្រុក ត្រូវបង្កលក្ខណៈល្អដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដើម្បីបំរើ និងចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋគ្រោះដោយធម្មជាតិ និងជួបការលំបាកគ្រប់ប្រភេទសូមឲ្យសាខា អនុសាខាបន្តបណ្ដុះជំនាញដល់យុវជនបន្ថែមទៀត ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ បណ្ដុះស្មារតីឈានមុខ ភាពជាអ្នកដឹកនាំ ក្នុងបេសកកម្មមនុស្សធម៌ តាមរយៈសកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្ត។
បន្តពង្រឹងសកម្មភាពមិត្តជួយមិត្ត ដល់សមាជិកយុវជន ដើម្បីរួមចំណែកផ្ដល់ចំណេះដឹងដល់សហគមន៍ តាមរយៈការជួយផ្សព្វផ្សាយអប់រំសុខភាពវិជ្ជាសង្គ្រោះបឋម ការថែទាំអនាម័យ និងសុភាព ការការពារជម្ងឺឆ្លង ជំងឺមិនឆ្លងក្នុងសហគមន៍ និងបម្រែបម្រួលអាកាសធាតុ។ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម និងជំនាញផ្សេងៗ ដល់សមាជិកយុវជន។ ពង្រឹងការងារសហប្រតិបត្តិការជាមួយតួអង្គពាក់ព័ន្ធ មានកាយរឹទ្ធិជាតិកម្ពុជានិងសហភាពសហព័ន្ធយុវជនកម្ពុជា លើការងារជីវភាពសង្គម និងការងារបណ្ដុះបណ្ដាល។ លើកទឹកចិត្តការចូលរួមរបស់យុវជន ក្នុងការពិភាក្សារវាងមនុស្សជំនាន់ខុសគ្នា វប្បធម៌ខុសគ្នានិងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា។ បន្តពង្រឹងយន្តការគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជានិងអ្នកស្ម័គ្រចិត្ត ដែលមានស្រាប់ ផ្ដល់ប័ណ្ណសម្គាល់ខ្លួនដល់សមាជិកយុវជន កក្រក និងធ្វើបច្ចុប្បន្នភាព។ បន្តធ្វើផែនការ និងអនុវត្តការងារយុវជនកាកបាទក្រហមកម្ពុជា ដោយផ្ដោតលើការបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ឆ្លើយតបបញ្ហាប្រឈមនានារបស់សហគមន៍ងាយរងគ្រោះ។ សូមឲ្យក្មួយៗយុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ នៅឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងជាពិសេសត្រូវខិតខំរៀនសូត្រឲ្យអស់លទ្ធភាព ទើបទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបំណិននៅក្នុងជីវិត ជាពិសេស បានធ្វើឲ្យខ្លួនរបស់ក្មួយៗបានរួចចាកផុតពីទុកវេទនា ភាពក្រីក្រ និងបានរួបចំណែកយ៉ាងធំធេង ក្នុងការជួយកសាង អភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ពីព្រោះក្មួយៗគឺជាអ្នកបន្តវេនក្នុងការដឹកនាំ សម្រេចលើវាសនាប្រទេសជាតិយើង៕
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥
0 Comments