Ad Code

ករណី​រថយន្ត​ដឹក​ដី​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ដែក​នៅ​ខណ្ឌ​ដង្កោ​ គ្រួសារ​ជនរងគ្រោះ​ទាមទារ​សំណង​៦.០០០​ដុល្លារ​

ភ្នំពេញ ៖ ក្រុម​គ្រួសារ​ជនរងគ្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ដែក នៅ​ក្នុង​ទឹកដី​ខណ្ឌ​ដង្កោ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ទទួលរង​របួស​ធ្ងន់ធ្ងរ​កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ​ដង្កោ ពួកគាត់​ត្រូវ​ទាមទារ​សំណង​ថ្លៃ​ព្យាបាល​ចំនួន​៦.០០០​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ការ​ណាត់​ជួប​គ្នា​រវាង​ភាគី​ទាំង​២​របស់​សមត្ថកិច្ច​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥​នេះ ត្រូវ​បាន​រំសាយ​ទៅវិញ ដោយសារ​ភាគី​ខាង​រថយន្ត​ដឹក​ដី​បង្កហេតុ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ធ្វើ​ឲ្យ​ភាគី​ខាង​ជន​រង​គ្រោះ​មិនសូវ​សប្បាយចិត្ត​នោះ​ទេ ខណៈ​ដែល​បងប្អូន​របស់​គាត់​ដែល​ជា​ជនរងគ្រោះ​ទាំង​២​នាក់ កំពុងតែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​រហូត​មក​ដល់​ពេល​នេះ គឺ​ពួកគាត់​ត្រូវ​ចំណាយ​លុយ​ផ្ទាល់ខ្លួន​សម្រាប់​ថ្លៃ​ព្យាបាល​សរុប​ប្រមាណ​ជាង​៤.០០០​ដុល្លារ​មក​ហើយ។


សូម​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស កែង​ផ្លូវលំ ចូល​វត្ត​ឫស្សី​សាញ់ ស្ថិត​ក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្ក​ដោយ​រថយន្ត​ដឹក​ដី មួយ​គ្រឿង បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ដែក បណ្ដាល​ឲ្យ​យុវជន​២​នាក់​ទទួលរង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ដង្កោ​ជួយ​អន្តរាគមន៍​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្រោយពី​កើតហេតុ​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ។


យុវជន​ទាំងពីរ​នាក់​ដែល​រង​របួស ទី​១-ឈ្មោះ ឈាន វិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ដែក ស្នាក់នៅ​ឃ្លាំង​ដែក សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល (អ្នក​បើក​រ៉ឺម៉ក) និង​ទី​២-ឈ្មោះ ឡា ឡយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ជាងដែក មាន​ស្រុក​កំណើត​នៅ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល (អ្នក​ជិះ​ពីក្រោយ​រ៉ឺម៉ក)។ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​បើក​រ៉ឺម៉ក​ដឹក​ដែក​មួយ​គ្រឿង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ផ្លូវ​កែង​បត់​ចូល​វត្ត​ឫស្សី​សាញ់ ស្រាប់​តែ​មាន​រថយន្ត​ហ៊ី​យិន​ដាយ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1111 បើក​ចេញពី​កន្លែង​ចាក់​ដី​ខាងជើង​វត្ត​ឫស្សី​សាញ់ ដោយ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​ជ្រុល​បុក​រ៉ឺម៉ក​ដឹក​ដែក​ពេញទំហឹង បណ្ដាល​យុវជន​២​នាក់​ដែល​កំពុង​រួម​ដំណើរ​លើ​រ៉ឺម៉ក​ខ្ទាត​ចេញ និង​ធ្លាក់​ពី​រ៉ឺម៉ក ត្រូវ​រថយន្ត​កិន​ម្នាក់​បាក់ជើង និង​ម្នាក់​បែក​ក្បាល ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ។ ចំណែក​រ៉ឺម៉ក​វិញ ត្រូវ​រថយន្ត​ដឹក​ដី​នោះ​កិន​ពីលើ​ខ្ទេច រង​ការខូចខាត​ទាំងស្រុង ហើយ​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដល់​កន្លែង​កើតហេតុ​ផង​ដែរ។


សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយពី​កើតហេតុ​រថយន្ត​បង្ក និង​រ៉ឺម៉ក​ម៉ូតូ​ដឹក​ដែក​របស់​ជនរងគ្រោះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​វាស់វែង​អូស​យក​ទៅ​រក្សាទុក​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់៕
Pisey-2015-10-16-full-C50Pisey-2015-10-16-full-C51 Pisey-2015-10-16-full-C54 Pisey-2015-10-16-full-C55



ករណី​រថយន្ត​ដឹក​ដី​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ដែក​នៅ​ខណ្ឌ​ដង្កោ​ គ្រួសារ​ជនរងគ្រោះ​ទាមទារ​សំណង​៦.០០០​ដុល្លារ​

Post a Comment

0 Comments

Close Menu