Ad Code

ផ្ទេរ​ផ្ទួន​ដោះដូរ​ទីតាំង​ការងារ​ទាំង​បី​សង្កាត់​ក្នុង​ខណ្ឌ​ជលផល​ពោធិ៍សាត់

ពោធិ៍សាត់ ​៖​ វត្តមាន​លោក​សំ ថា​ន់​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​ និង​នីតិកម្ម​រដ្ឋបាល​ជលផល, ​លោក​កើត គា​ ប្រធាន​ការិយាល័យ​វិវាទកម្ម​រដ្ឋបាល​ជលផល ​និង​​​លោក​ភុំ វិមល ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​ និង​អនុប្រធាន​ ប្រធាន​ផ្នែក ​ព្រម​ទាំង​ក្រុម​ជំនាញ​មន្ត្រី​ជលផល​ទាំង​អស់​​បាន​រូតរះ​មក​ទាំង​ព្រឹក​ព្រលឹម​ជួបជុំគ្នា​ដោយ​ស្ងាត់ស្ងៀម​​នៅ​ស្នាក់​ការ​ផ្នែក​ជលផល​ក្រគរ នា​​​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥ ​ដើម្បី​ប្រកាស​ផ្ទេរ​ផ្ទួន​ដោះដូរ​ទីតាំង​ភារកិច្ច ​ធ្វើ​ការងារ​មន្ត្រី​ជំនាញ​សង្កាត់​ជលផល​ទាំង​បី​សង្កាត់​យ៉ាង​​​ប្រញាប់ប្រញាល់​បញ្ចប់​ភ្លាមៗ​តែម្ដង។


បើ​តាម​លោក​សុង លី មន្ត្រី​រដ្ឋបាល​ជលផល​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​តុលា​នេះ​ថា​ ការ​ប្រកាស​ផ្លាស់ប្ដូរ​គោលដៅ​គ្រប់គ្រង​ ការងារ​ជលផល​ គឺ​ប្រកាស​ទាំង​បី​សង្កាត់​តែ​ម្ដង ដោយ​​លោក​ផេ​ម សុខុន ​អតីត​នាយ​សង្កាត់​កំពង់លួង​ និង​លោក​សោម រិទ្ធី​ ជា​អនុ​ ក្នុង​ផ្នែក​ក្រគរ​ត្រូវ​ទៅ​គ្រប់គ្រង​​​ទទួលខុសត្រូវ​នៅ​សង្កាត់​ជលផល​បាកាន ដែល​មាន​ទីតាំង​ឈរ​ជើង​នៅ​​​ចំណុច​ដី​រនាថ ចំណុះ​ឲ្យ​ផ្នែក​បាកាន។ ដោយឡែក​លោក​ភុ​ន វណ្ណា អតីត​នាយ​សង្កាត់​ជលផល​បាកាន​ជាមួយ​នឹង​លោក ហម ណារិន ​អនុប្រធាន​សង្កាត់​ ត្រូវ​មក​ទទួល​ភារកិច្ច​ការងារ​ទទួល​ខុសត្រូវ​​បង្ក្រាប​បទល្មើស ​និង​មើលថែ​អភិរក្ស​មច្ឆជាតិ​នៅ សង្កាត់​កណ្ដៀង ចំណុះ​ឲ្យ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ។ លោក​សុង លី បន្ត​ថា ចំពោះ​លោក ពិន វុទ្ធី អតីត​នាយ​សង្កាត់​ជលផល​កណ្ដៀង​ជាមួយ​លោក សុខ រិ​ន ជា​អនុប្រធាន​សង្កាត់ ត្រូវ​បាន​ដោះដូរ​ទទួល​កិច្ច​ការងារ​គ្រប់គ្រង​បង្ក្រាប​បទល្មើស​នៅ​សង្កាត់​កំពង់​លួង ​ចំណុះ​ឲ្យ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​ដដែល។ ក្នុង​ពិធី​ប្រកាស​ដ៏​ស្ងៀមស្ងាត់​នោះ​ លោក​ភុំ វិមល ​នាយ​ខណ្ឌ​ជលផល​ពោធិ៍សាត់ ក៏បាន​ឡើង​អាន​ពី​របាយការណ៍​ពី​ការ​ខំ​ប្រឹងប្រែង​របស់​ជំនាញ​ជលផល​ដែល​បាន​ចុះ​បង្ក្រាប​​បទល្មើស​នេសាទ​បាន​ច្រើន​កន្លែង​​​​នា​ពេល​កន្លងមក​ រួម​ទាំង​ការ​ជួប​ឧបសគ្គ​មួយ​ចំនួន​ ពេល​ដែល​ជំនាញ​ចុះទៅ​បង្ក្រាប​បទល្មើស​ ក្នុង​ការ​ជួប​ជាមួយ​ជនល្មើស ​និង​បំពេញ​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​បាន​ដឹង។ ចំពោះ​ការ​ប្រកាស​សមាសភាព​ផ្លាស់ប្ដូរ​ភារកិច្ច​ទីតាំង​ការងារ​គ្រប់គ្រង​ទាំង​បី​សង្កាត់​នេះ ក៏​មាន​ការ​ស្ដីបន្ទោស​ភាព​អវិជ្ជមាន​របស់​សង្កាត់​ទាំងបី​ពី​សំណាក់​លោក សំ ថា​ន់ ប្រធាន​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​ និង​នីតិ​កម្ម​រដ្ឋបាល​ជលផល​ផង​ដែរ ដែល​មន្ត្រី​ទាំងនោះ​ធ្វើ​ឲ្យ​ឆក​ល្វែង​មាន​បទល្មើស​កើត​ឡើង។ លោក​សំ ថា​ន់ ​ក៏បាន​កោតសរសើរ​នូវ​ភាព​វិជ្ជមាន​ពី​ស្នាដៃ​របស់​សង្កាត់​ទាំងបី​ក្នុងការ​បង្ក្រាប​បទល្មើស ការពារ​តំបន់​អភិរក្ស​ទ​ទួល​បាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ និង សូម​ឲ្យ​បន្ត​ការការពារ​បង្ក្រាប​បទ​ល្មើស​នេះ​តទៅទៀត​ឲ្យ​ដូច​ភ្លៀងរលឹម។ ការ​ប្រកាស​ស្ងាត់ស្ងៀម​ និង​ធ្វើ​ដោយ​ប្រញាប់ប្រញាល់​នេះ​ត្រូវបាន​មតិ​មហាជន​ជាច្រើន​រិះគន់​ថា ផ្នែក​ជំនាញ​ជលផល​ប្រកាស​ដូរ​សង្កាត់​ទាំង​ផ្ទាំង ហើយ​លួច​លាក់​ដូច​មាន​អាថ៌កំបាំង​អ្វីមួយ​អីចឹង។ តែ​​យ៉ាង​ណា ក៏​មាន​មតិ​មួយ​ចំនួន​តូច​និយាយ​ថា​ គេ​ប្រកាស​ស្ងាត់ស្ងៀម​អញ្ចឹង​ហើយ​បាន​ល្អ​ព្រោះ​មិន​ចង់​ឲ្យ​ពួក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ដឹង ហើយ​ក៏​ជា​ផ្លាស់ប្ដូរ​បទពិសោធន៍ ទីតាំង​បង្ក្រាប​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ប៉ុន្តែ​ការ​លើក​ឡើង​ខាង​លើ​ ដែល​សុទ្ធ​តែ​មាន​ហេតុផល​នេះ ក៏​ត្រូវបាន​ក្រុម​អង្គការ​ឃ្លាំមើល និយាយ​ពេញ​ត្រចៀក​ដល់​អ្នក​យក​ព័ត៌មាន​​​ថា រង់​ចាំ​មើល​បន្តិច​ទៅ​នឹង​ដឹង​ហើយ​ថា​តើ​ជំនាញ​ដែល​ថ្នាក់លើ​ផ្លាស់ប្ដូរ​ភូមិ​សាស្ត្រ​គ្រប់គ្រង​បង្ក្រាប​បទល្មើស​ និង​ការ​ការពារ មាន​ប្រសិទ្ធភាព​ជាង​មុន​ ឬ​ក៏​មាន​កើនឡើង​បទល្មើស​ជាង​មុន​នៅ​តាម​គោលដៅ​របស់​ពួកគេ​គ្រប់គ្រង៕


M16-10-15-i



ផ្ទេរ​ផ្ទួន​ដោះដូរ​ទីតាំង​ការងារ​ទាំង​បី​សង្កាត់​ក្នុង​ខណ្ឌ​ជលផល​ពោធិ៍សាត់

Post a Comment

0 Comments

Close Menu