កំពង់ធំ៖ ប្រជាពលរដ្ឋទីទ័លក្រនិងចាស់ជរាគ្មានទីពឹងចំនួន៨គ្រួសារនៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានទទួលអំណោយពីឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត និង លោកជំទាវប្រធានកិត្តិយស ក្រុមចលនាយុវជនកម្ពុជា១៥៧ តាមរយៈលោកប៉ែន វណ្ណរិទ្ធប្រធានសាខាចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ក្រោមការណែនាំ និងចង្អុលបង្ហាញពីឯកឧត្ដមម៉ឹង ពន្លកប្រធានក្រុមចលនាយុវជនកម្ពុជា១៥៧ក្នុងនោះមានទាំងគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យសុខភាព និងផ្ដល់ថ្នាំព្យាបាលទៀតផង។
ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹង៨គ្រួសារនេះមាន១គ្រួសារនៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ និង៧គ្រួសារផ្សេងទៀតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ អំណោយទាំងនេះមានអង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល១ថង់, ត្រីខ១ឡូ, ប្រេងឆា១ដប, ទឹកបរិសុទ្ធ១យួរ, ប៊ីចេង១កញ្ចប់, ថវិកា១០ម៉ឺនរៀល និងថ្នាំពេទ្យមួយចំនួន។
លោកប៉ែន វណ្ណរិទ្ធប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពង់ធំបានមាន ប្រសាសន៍ថា នេះជាលើកទី៨ហើយដែលក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកំពង់ធំបាននាំអំណោយឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងចាស់គ្មានទីពឹងដោយមិនគិតពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ ហើយអំណោយទាំងនេះថ្វីបើវាពុំគ្រប់គ្រាន់តាមតំរូវការរបស់លោកតា លោកយាយក៏មែនពិត ប៉ុន្តែវាអាចសម្រួលការលំបាករបស់លោកតា លោកយាយ និងបងប្អូនបានមួយគ្រា ហើយវាក៏ជាទឹកចិត្តអាណិតស្រឡាញ់ពិតៗ របស់ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវជាបុត្រច្បងរបស់សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រី និងលោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី។
លោកប៉ែន វណ្ណរិទ្ធបានពាំនាំការសួរសុខទុក្ខពីឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងឯកឧត្ដមម៉ឹង ពន្លកថា ឯកឧត្ដម និងលោកជំទាវតែងតែគិតពីសុខទុក្ខ និងចូលរួមទុក្ខលំបាកជាមួយលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលថ្វីត្បិតតែឯកឧត្ដម និងលោកជំទាវមិនបានអញ្ជើញមកផ្ទាល់ក្ដី ហើយកិច្ចការមនុស្សធម៌នេះ ឯកឧត្ដមបណ្ឌិត និងលោកជំទាវនឹងបន្តធ្វើនៅកន្លែងដទៃទៀត។
លោកប៉ែន វណ្ណរិទ្ធបានបន្តទៀតថា ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវបានផ្ដាំផ្ញើ សូមឲ្យលោកតា លោកយាយ និងជនទីទ័លក្រប្រឹងប្រែងថែទាំសុខភាពខ្លួនកុំអស់សង្ឃឹមនឹងជីវិត និងសូមញាតិជិតខាងព្រមទាំងអាជ្ញាធរជួយពួកគាត់បន្តទៀត ក្នុងកិច្ចការមនុស្សធម៌ និងក្នុងនាមមនុស្សជាតិ ជាពិសេសគឺមានឈាមជ័រជាខ្មែរដូចគ្នា។
ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងទាំងនោះបានសម្ដែងការរំភើប ចំពោះទឹកចិត្ត និងកាយវិការមនុស្សធម៌របស់ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែតជាបុត្រច្បងរបស់សម្ដេចហ៊ុន សែនដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពិតៗ៕
ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែតនិងលោកជំទាវជូនអំណោយដល់ពលរដ្ឋទីទ័លក្រ៨គ្រួសារ
0 Comments