ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមមានគ្នា០៤នាក់ដែលជិះម៉ូតូធំម៉ាកឌូក និងម៉ាកLetបានតាមកៀរឲ្យឈប់រួចដកកាំភ្លើងបាញ់ជនរងគ្រោះឲ្យរបួសប្លន់យកម៉ូតូឌូកពីគូសង្សារមួយគូបានសម្រេចកាលពីវេលាម៉ោង២២និង៤៥នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នៅចំណុចខាងលិចប៉ុស្តិ៍វត្តភ្នំប្រហែល៥០ម៉ែត្រតាមបណ្ដោយផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហ៊ៀក ភក្តី ភេទប្រុស មានមុខរបរជាជាងម៉ាស៊ីនដេចល័តមានស្រុកកំណើតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា បានរងរបួសធ្លាយភ្លៅខាងស្តាំកំពុងសង្គ្រោះនៅមន្ទីរពេទ្យ និងបាត់បង់ម៉ូតូប្រភេទធំតម្លៃរាប់ពាន់ដុល្លារម៉ាកDUCK ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1CW-8099។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យមានគ្នាចំនួន៤នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយ និងជិះម៉ូតូ២គ្រឿងម៉ាកDUCK និងម៉ាកLet ហើយក្រោយពីធ្វើសកម្មភាពបាញ់ជនរងគ្រោះបណ្ដាលឲ្យរបួសធ្លាយភ្លៅម្ខាងប្លន់យកម៉ូតូបានសម្រេចហើយនោះបានពួកគេក៏គេចខ្លួនបាត់អស់តែម្តង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះរួមដំណើរជាមួយសង្សារដោយជិះម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1CW-8099 ត្រឡប់មកពីកោះពេជ្របំណងជូននារីជាសង្សារត្រលប់ទៅផ្ទះដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៨ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យមួយក្រុមមានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿងម៉ាកឌូក និងម៉ាកLet មិនចាំស្លាកលេខ ប្រដាប់ដោយអាវុធខ្លីមួយដើមបានធ្វើសកម្មភាពភ្ជង់គំរាម តែដោយជនរងគ្រោះមិនឲ្យជនសង្ស័យបានបាញ់មួយគ្រាប់ចំភ្លៅខាងស្ដាំរងរបួសធ្ងន់តែម្តង។
ប្រភពព័តមានបានបន្តទៀតថា ក្នុងហេតុការណ៍នោះដែរជនសង្ស័យម្នាក់ក្នុងចំណោមពួកវាទាំងនោះបានលើកម៉ូតូជនរងគ្រោះជិះ តែដោយម៉ូតូមិនឆេះក៏នាំគ្នាជួយរុញម៉ូតូរត់គេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានហៅរថយន្តសាមុយ ដើម្បីឲ្យមកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រមទាំងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចងាយកំណត់មុខសញ្ញាប្លន់ប្រដាប់អាវុធទាំងនោះឈានដល់ការចាប់ឃាត់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់៕
ក្រុមចោរ០៤នាក់តាមបាញ់ប្លន់យកម៉ូតូធំម៉ាកDUCKពីសង្សារមួយគូ
0 Comments