ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយសូមអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ទៅមកភ្នំពេញ តាមបណ្តាខេត្តនានាកុំឲ្យដំឡើងថ្លៃឈ្នួលរថយន្តនៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ដែលសេចក្ដីជូនដំណឹងមួយនេះត្រូវបានធ្វើឡើងគឺស្របពេលដែលប្រជាពលរដ្ឋ កម្មករ កម្មការិនី បានសម្រុកចេញពីរាជធានីភ្នំពេញដើម្បីបានទៅចូលរួមក្នុងពិធីបុណ្យប្រពៃណីជាតិនេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបានចេញកាលពីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ មានន័យដើមទាំងស្រុងថា សាលារាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តឈ្នួល ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញ តាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ឲ្យបានជ្រាបថា ជារៀងរាល់ឆ្នាំឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីមួយចំនួនតែងតែធ្វើដំណើរទៅស្រុកកំណើតដោយជិះរថយន្តឈ្នួល និងរថយន្តBUS។ ជាមួយគ្នានេះមានប្រជាពលរដ្ឋបានត្អូញត្អែរ ថ្នាំងថ្នាក់ចំពោះការដំឡើងថ្លៃឈ្នួលរថយន្តថ្លៃហួសហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនសុខចិត្តជិះប្រជ្រៀតគ្នាលើសចំណុះ ឬជិះលើដំបូលរថយន្ត ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុតាមផ្លូវធ្វើដំណើរ។
ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការផ្ទុកលើសចំណុះនោះ សាលារាជធានីភ្នំពេញ សូមអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ទៅមកភ្នំពេញតាមបណ្តាខេត្តនានាទាំងអស់ មេត្តាកុំដំឡើងថ្លៃឈ្នួលរថយន្តនៅក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ៕
សាលារាជធានីភ្នំពេញអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងរថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃ
0 Comments