ភ្នំពេញ ៖ អភិបាលខណ្ឌទួលគោកលោកឯក ឃុនធឿនបាន ជំរុញឲ្យមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលប្រជាពលរដ្ឋត្រៀមចាកចេញទៅស្រុកកំណើត និងតាមទីវត្តអារាមក្នុងពេលភ្ជុំបិណ្ឌ។ ចំណែកអាជ្ញាធរទូទាំងរាជធានីភ្នំពេញក៏បានប្រជុំដាក់ផែនការដល់មន្ត្រីរបស់ខ្លួនផងដែរ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរ និងពង្រឹងសន្តិសុខ។
នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាច្រើននាក់កាលពីព្រឹកថ្ងៃទី០៩ ខែតុលានេះ អភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន បានមានប្រសាសន៍ថា ក្នុងឱកាសភ្ជុំបិណ្ឌនេះ មន្ត្រីទាំងអស់ត្រូវតែបង្កើនការពង្រឹងសន្តិសុខទ្វេដង ពិសេសត្រូវត្រួតពិនិត្យបន្ថែមលើរថយន្តឈ្នួល ដែលយកតម្លៃសេវាហួសហេតុ រួមនិងការហាមមិនឲ្យរថយន្តដឹកមនុស្សនៅលើដំបូល ដឹកសំពីងសំពោង និងសម្រួលចរាចរណ៍ជាដើម។
ក្រៅពីនេះលោកអភិបាលខណ្ឌ ក៏បានជំរុញឲ្យមន្ត្រីល្បាតរក្សាសន្តិសុខនៅក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសមានអំពើចោរកម្ម និងករណីអគ្គិភ័យផងដែរ។
ការលើកឡើងបែបនេះ គ្រាដែលសាលាខណ្ឌបានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការកែប្រែកម្រងសេវារដ្ឋបាលនៃតារាងឧបសម្ពន្ធ ភ្ជាប់នឹងប្រកាសអន្តរក្រសួង លេខ៣៨៥៦ ប្រក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមជម្រាបថា ថ្មីៗមកនេះ អាជ្ញាធររាជធានីភ្នំពេញបានប្រជុំដាក់ផែនការឲ្យរឹតបន្តឹងសន្តិសុខ ពិសេសរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ក្នុងពេលភ្ជុំបិណ្ឌ ដោយសារតែរាជធានីភ្នំពេញ ជាទីប្រជុំនៃមនុស្ស និងជាចំណុចកណ្ដាល ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឬចាកចេញទៅកាន់ស្រុកភូមិកំណើត ដើម្បីជួបជុំញាតិមិត្ត បងប្អូននិងសាច់ញាតិជាទីស្រឡាញ់៕
អាជ្ញាធរខណ្ឌទួលគោកជំរុញឲ្យមន្ត្រីយកចិត្តទុកដាក់ក្នុងមូលដ្ឋាននាពេលភ្ជុំបិណ្ឌនេះ
0 Comments