Ad Code

ទើប​ទិញ​រថយន្ត​ថ្មីៗ​បុក​ក្របី​ឆ្លងផ្លូវ​ងាប់​មួយ​ក្បាល​រក​ម្ចាស់​ក្របី​មិន​ឃើញ​លក់​បាន​២០០ដុល្លារ​ទើប​ព្រម​បើក​រថយន្ត​ទៅ

ពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង ដោយ​ម្ចាស់​រថយន្ត​មិន​លើកលែង​ឲ្យ​រួច​ខ្លួន​ងាយៗ​ឡើយ ខណៈ​ដែល​បុក​ក្របី​មេ​មួយ​ក្បាល​ងាប់​រក​ម្ចាស់​មិនឃើញ​ប្តឹង​ទារ​សំណង​រហូត​ផ្អើល​ស្នងការ​និង​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​លក់​ក្របី​នោះ​សង​សំណង​ម្ចាស់​រថយន្ត​ដែល​ខូចខាត​ក្នុង​ឧប្បត្តិហេតុ​នេះ។


ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៤៧​និង​១៤៨ លើ​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ភូមិត្រ​ពាំង​រំដេញ ឃុំក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។


លោក ខៀវ សុខា មេ​ប៉ុ​ស្តិ៍​នគរបាល​ឃុំ​ក្បាល​ត្រាច​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង​ប្រភេទ​ហាយ​ឡិន​ឌឺ ពណ៌​ទឹកប្រាក់ គ្មាន​ទាន់​មាន​ស្លាក​លេខ ដោយ​ទើបតែ​ទិញ​ពី​ឃ្លាំង ដោយ​ម្ចាស់​ជា​អ្នកបើកបរ​ឈ្មោះ សេង ពលៈ អាយុ​៣៣​ឆ្នាំ​រស់នៅ ស្រុក​បាភ្នំ ខេត្តបាត់ដំបង​។ បាន​ធ្វើ​ចរាចរណ៍​ពី​កើ​តទៅ​លិច​លើ​ទ្រូង​ផ្លូវជាតិ​លេខ​៥​នៃ​ផ្លូវ​អាទិភាព ដោយ​ប្រើ​ប្រាស់​ល្បឿន​លឿន​គួរ​សម ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ជួប​និង​ក្របី​មេ​២ក្បាល​រត់​ឆ្លង​ផ្លូវជាតិ ដោយ​គេច​ក្របី​មេ​មួយ​ក្បាល​ផុត​ស្រាប់តែ​ ក្របី​មេ​មួយ​ក្បាល​ទៀត​ស្ទុះ​រត់​មក​ទៀត​ក៏​បុក​ក្របី​នោះ​ងាប់​តែម្ដង។


លោក សុខា បន្ត​ថា ក្រោយពេល​បុក​ក្របី​នោះ​ងាប់​ភ្លាម​រថយន្ត​ទើបតែ​ទិញ​នោះ​បាន​រង​ការ​ខូច​ខាត​ផ្នែក​ខាងមុខ មួយចំនួន​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​អត់​ខ្ចី​ទៅណា​ក៏​បាន​ប្ដឹង​នគរបាល​ប៉ុ​ស្តិ៍​ទាំងយប់ រកមុខ​ម្ចាស់​ក្របី ដើម្បី​ឲ្យ​សង​ជា​សំណង​ដែល​ត្រូវ​ជួសជុល​រថយន្ត​។ តែ​ម្ចាស់​ក្របី​នោះ​មិន​ចេញមុខ​ឡើយ ធ្វើ​ឲ្យ​រឿង​នេះ​កាន់តែ​ឡើង​កម្ដៅ រហូតដល់​លោក​អធិការ​នគរបាល​ស្រុក​ក្រគរ។


លោក អែម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ក្រោយពេល​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​តាមរយៈ​រដ្ឋបាល​ប៉ុ​ស្តិ៍​កន្លែង​កើតហេតុ ហើយ​ជនរងគ្រោះ​ប្រញាប់​យក​រថយន្ត​ទៅ​ជួសជុល​ទៀត ទើប​បង្ខំចិត្ត​រាយការណ៍​ទៅ​ស្នងការ​និង​ព្រះរាជអាជ្ញា ផ្អើល​ទាំងយប់​លើ​ករណីនេះ រហូតដល់​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ដោយ​ប្រកាស​រក​ម្ចាស់​ក្របី​មិនឃើញ​ក៏​ហៅ​អាជ្ញាធរ តាម​បញ្ជា​តុលាការ​លក់​ក្របី​មេ​ងាប់​មួយ​ក្បាល​នេះ ព្រោះ​មាន​សភាព​ហើម​បន្តិច​ហើយ ក៏​លក់​បាន​២០០​ដុល្លារ ប្រគល់​ឲ្យ​ម្ចាស់​រថយន្ត​នោះ​ទាំងអស់​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​៣១ ខែតុលា​នោះ ទើប​ម្ចាស់​រថយន្ត​នេះ​ព្រម​បញ្ចប់រឿង​យក​លុយ​នេះ​បើករថយន្ត​ចេញ​បាត់​តែម្ដង​។


លោក​អធិការ​បន្ត​ថា ទោះជា​ម្ចាស់​រថយន្ត​នោះ​ទៅ​បាត់​និង​ដោះស្រាយ​រួចរាល់​ក៏​ដោយ​ក៏​ម្ចាស់​ក្របី​នេះ​មិន​ខ្ចី​ចេញមុខ​ដែរ តែ​យ៉ាង​ណា​លោក​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជាម្ចាស់​សត្វពាហនៈ ទាំងនេះ​សូម​មេត្តា​ការពារ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ឲ្យ​បាន​ល្អ កុំ​ដើរ​ពាសវាលពាសកាល​ជាពិសេស​លើ​ផ្លូវ​សាធារណៈ​ដែល​គេ​កំពុង​ចរាចរណ៍​ទៅមក​នេះ វា​អាច​បង្ក​ហេតុ​បាត់បង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​បាត់​បង់ជីវិត​អ្នកដំណើរ​ឬ​ក៏​ទ្រព្យសម្បត្តិ​ផ្សេង​ៗជាដើម៕


T-10-31-15-t-fullT-10-31-15-tt-fullT-10-31-15-ttt-fullT-10-31-15-tttt-full



ទើប​ទិញ​រថយន្ត​ថ្មីៗ​បុក​ក្របី​ឆ្លងផ្លូវ​ងាប់​មួយ​ក្បាល​រក​ម្ចាស់​ក្របី​មិន​ឃើញ​លក់​បាន​២០០ដុល្លារ​ទើប​ព្រម​បើក​រថយន្ត​ទៅ

Post a Comment

0 Comments

Close Menu