Ad Code

គ្រួសារ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៤​គ្រួសារ​បាន​ទទួល​អំណោយ​ពី​សប្បុរសជន

កំពង់ឆ្នាំង ៖ លោក ចក់ កែវ​ចំរើន ប្រធាន​ការិយាល័យ​បេឡា​អតីត​យុទ្ធជន លោក កែវ ភក្តី ប្រធាន​ការិយាល័យ​អតីត​យុទ្ធជន​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង និង​លោក ឆេង លី​មេភូមិ​សំរោង នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ខែតុលា ឆ្នាំ​២០១៥ បាន​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន​និង​អំ​ណោយ​របស់​លោក អេង ណា​រិ​ទ្ធិ ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​សុរិយោ​ដី​ខេត្តកំពង់ឆ្នាំង​និង​អំណោយ​របស់ លោក ឡី ថា​ធី លក់​គ្រឿងសំណង់​គ្រប់​ប្រភេទ​ដែល​មាន​ទីតាំង​នៅ​ក្រោយ​មន្ទីរ​ពេទ្យ​ខេត្ត​និង​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង ទៅ​ជូន​ដល់​លំនៅ​ដ្ឋាន​គ្រួសារ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៤​គ្រួសារ​នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។


លោក កែវ ភក្តី បាន​ឲ្យ​ដឹង​ថា គ្រួសារ​ទាំង​៤​ក្រីក្រ​នោះ​មាន ១.​ឈ្មោះ លោកយាយ ស៊ុំ សៀន អាយុ​៨០​ឆ្នាំ រស់នៅ​តែម្នាក់ឯង​គ្មាន​ទីពឹង ,២.​ឈ្មោះ មាស ពេជ្រ អាយុ​៣៦​ឆ្នាំ បុរស​ពោះម៉ាយ​ចិញ្ចឹម​កូន​៧​នាក់​មុខ​របប​នេសាទ​ត្រី​, ៣.​លោកយាយ កា ចាន អាយុ​៦១​ឆ្នាំ មាន​ជំងឺលើសឈាម​រស់នៅ​ម្នាក់ឯង​លើ​ដី​គេ​, ៤.​លោក ហម មឿ​ន អាយុ​៤៤​ឆ្នាំ​មាន​ជំងឺ​រស់នៅ​២​នាក់​ប្តី​ប្រពន្ធ​គ្មាន​កូន​ដើរ​បេះ​បន្លែ​លក់​។


លោក​បាន​បញ្ជាក់​ទៀត​ថា អំណោយ​ដែល​បាន​យក​មក​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន អង្ករ​១០​គីឡូក្រាម ,​មី​១​កេះ​, ទឹកត្រី​១​យួរ ,​ទឹកស៊ីអ៊ីវ​១​យួរ​, ប៊ីចេង​១​កញ្ចប់ និង​ថវិកា​២​ម៉ឺន​រៀល​ផងដែរ។


លោក ចក់ កែវ​ចំរើន បាន​និយាយ​ថា អំណោយ​ទាំងអស់​ខាងលើ​នេះ ទោះបី​តិច​តូច​មែន​ក៏​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​ដល់​គ្រួសារ​ក្រីក្រ​បាន​មួយគ្រា​ផង​ដែរ​។


លោក​បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រួសារ​ទាំង​៤ សូម​រស់​នៅ​មាន​អនាម័យ​ល្អ ខិតខំ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ និង​ខិតខំ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដោយ​សុចរិត និង​បើ​មាន​ជំងឺ​ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ព្យាបាល​ពេលវេលា កុំ​ទុក​ឲ្យ​ធ្ងន់ធ្ងរ​ពិបាក​ព្យាបាល ហើយ​បើ​គ្មាន​លទ្ធភាព​ក៏​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ សង្កាត់​ឲ្យ​បាន​ដឹង​ទាន់ពេល ដើម្បី​ជួយ​អំពាវនាវ​ដល់​សប្បុរស​ជន​ឲ្យ​ជួយ​ឧបត្ថម្ភ​៕



គ្រួសារ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៤​គ្រួសារ​បាន​ទទួល​អំណោយ​ពី​សប្បុរសជន

Post a Comment

0 Comments

Close Menu