បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះកម្លាំងនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើននាក់បានចុះធ្វើការណែនាំដល់ម្ចាស់យានយន្តគ្រប់ប្រភេទដែលបើកបរឲ្យចេះការគោរពច្បាប់ចរាចរណ៍នៅតាមផ្លូវសាធារណៈ និងតាមបេនឡានតាក់ស៊ី តាមចំណុចស្ថានីយចតឡានគ្រប់ប្រភេទ។
លោកវរសេនីយ៍ទោសន គឹមសួគ៌នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីអាត់ ខែមស្នងការនគរបាលខេត្តលោកបានឲ្យនគរបាលចរាចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅតាមដងផ្លូវ និងទីកន្លែងសាធរណៈ។ លោកបានឲ្យកម្លាំងនគរបាលចរាចរណ៍ចេញប្រតិបត្តិការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងអំពីបញ្ហាការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះរហូតដល់ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើតអស់ទើបបញ្ចប់ ។
លោកបានបន្តទៀតថា ការត្រួតពិនិត្យច្បាប់ចរាចរណ៍នេះក្នុងគោលបំណង ដើម្បីធ្វើការទប់ស្កាត់នូវ គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលកើតមានឡើងជាយថាហេតុចំពោះអ្នកដំណើរទាំងឡាយទាំងពួង ក៏ដូចជាអ្នកបើកបររថយន្តផងដែរ ជាពិសេសផ្ដោតសំខាន់ទៅលើការផ្ទុកអ្នកដំណើរហួសចំណុះ ដាក់មនុស្សឲ្យអង្គុយលើដំបូល និងដាក់ឥវ៉ាន់សំពីងសំពោងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈជាដើម។ លោកសន គឹមសួគ៍បានសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន និងជៀសឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលកើតមានឡើងជាយថាហេតុ៕
នគរបាលចរាចរណ៍បានចុះណែនាំដល់ម្ចាស់យានយន្តឲ្យចេះស្វែងយល់អំពីការគោរពច្បាប់ចរាចរណ៍
0 Comments