បាត់ដំបង ៖ រថយន្តកាមរីមួយគ្រឿង ដែលធ្វើដំណើរជាលក្ខណៈគ្រួសារផ្ទុកមនុស្ស៧នាក់ បានហោះផ្លោងធ្លាក់ចូលប្រឡាយ បណ្ដាលឲ្យមនុស្សនៅក្នុងរថយន្តនោះរងរបួសធ្ងន់ស្រាលទាំងអស់គ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវកោង ដែលជាតំបន់គ្រោះថ្នាក់ញឹកញាប់ស្ថិតក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2H-1251បើកបរក្នុងទិសដៅពីត្បូងជើង លុះទៅដល់ចំណុចកើតហេតុជាកន្លែងផ្លូវកោង និងមេឃកំពុងតែភ្លៀងខ្លាំង ម្ចាស់រថយន្តនេះបានជាន់ហ្វ្រាំងទាំងបង្ខំបណ្ដាលឲ្យហោះផ្លោងចូលក្នុងប្រឡាយតែម្ដង។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា រថយន្តនេះបើកបរលក្ខណៈគ្រួសារ មានប្ដីប្រពន្ធ កូន៣នាក់ និងក្មួយ២ សរុប៧នាក់ ដោយពួកគេរស់នៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ម្ចាស់រថយន្តឈ្មោះហង្ស បូរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំបាននិយាយក្រោយពេលកើតហេតុថា គាត់មិនដែលធ្វើដំណើរមកផ្លូវនេះទេ ហើយមិនដឹងថាជាចំណុចផ្លូវកោងផង ដោយសារតែគ្មានស្លាកសញ្ញា ជាហេតុធ្វើឲ្យរថយន្តរបស់គាត់ ពេលជាន់ហ្វ្រាំងហោះផ្លោងធ្លាក់ចូលក្នុងប្រឡាយតែម្ដង។ ករណីនេះបណ្ដាលឲ្យប្រពន្ធរបស់គាត់បាក់ដៃស្ដាំម្ខាង រូបគាត់ជាប្ដី កូន ក្មួយរងរបួសស្រាល។ បច្ចុប្បន្នអ្នករងរបួសទាំងអស់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន៕
រថយន្តបើកបរជាលក្ខណៈគ្រួសារមានគ្នា៧នាក់បានហោះផ្លោងធ្លាក់ចូលប្រឡាយ
0 Comments