បាត់ដំបង ៖ មុខសញ្ញាលក់ ចែកចាយ និងក្រុមប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយសំបុកមានស្រី មានប្រុសត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនបានកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នៅត្រង់ចំណុចផ្ទះមេខ្លោងដែលជាអ្នកផ្តល់ទីតាំងសេពមួយកន្លែង ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខណៈដែលក្រុមនេះកំពុងលក់ ចែកចាយគ្រឿងញៀនជាក់ស្តែង។
លោកនាយការិយាល័យស្តីទី ស៊ាន សុណាល់ បានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងថា មានករណីលក់ ចែកចាយគ្រឿងញៀនខុសច្បាប់មួយករណីដែលកំពុងដំណើរការរួចមកលោកបានចាត់កម្លាំងចេញប្រតិបត្តិការទៅកាន់ចំណុចខាងលើដោយបានក្រសោបក្រុមនេះបានមួយសំបុក ដែលមានគ្នាចំនួន៨នាក់ សុទ្ធសឹងជាក្រុមក្មេងស្ទាវ។
លោកនាយការិយាល័យបានបន្តថា ក្នុងកិច្ចប្រតិបត្តិការនោះដែរកម្លាំងបានដកហូតនូវគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣កូនថង់ ស្មើនឹងទម្ងន់០,៤៨ក្រាម និងសម្ភារៈវេចខ្ចប់មួយចំនួនធំ។ ដោយឡែកមុខសញ្ញាទាំង៨នាក់នោះគឺ ១ ទូច ហេង ហៅបឹប ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅត្រង់ចំណុចខាងលើជាមេខ្លោង និងជាអ្នកផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន ២ ស៊ឹម វី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលតាឯក ៣ គឹម ម៉េងលី ហៅយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចំការសំរោងមួយ ៤ អ៊ឹង ចាន់ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលតាឯក អ្នកទាំងនេះគឺជាអ្នកលក់ និងចែកចាយគ្រឿងញៀន ៥ ផាន់ សារី ហៅអាជី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិវត្តគរ ៦ ខេន លីដា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ៧ គង់ ចាន់ឌឿន ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិអូរតាគាំពីរ និង៨ឈ្មោះ សុខ លីដា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិអូរតាគាំ៣។
ក្រោយពីបានឃាត់ខ្លួនព្រមទាំងបានដកហូតនូវវត្ថុតាងរួចមក សមត្ថកិច្ចបាន និងកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនខ្លួនក្រុមនេះទៅកាន់សាលាដំបូងខេត្តហើយ ក្នុងការចាត់ការតាមនីតិវិធីច្បាប់៕
ឃាត់ក្រុមលក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានមួយសំបុក
0 Comments