Ad Code

បុរស​ចំណាស់​វាយ​ប្រពន្ធ ត្រូវ​តុលាការ​ផ្ដន្ទាទោស​២​ឆ្នាំ​អនុវត្ត​៥​ខែ​

ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់ ព្រោះតែ​ឥទ្ធិពល​សុរា បាន​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក នូ វាសនា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​២​ឆ្នាំ​តែ​អនុវត្ត​ទោស​៥​ខែ ពី​បទ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ។


ជនជាប់ចោទ​ឈ្មោះ ភួង ផេង អាយុ​៥៥​ឆ្នាំ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ភូមិ​ជំ​ពុះ​ក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។


សមត្ថកិច្ច ថ្លែង​ថា មុន​ពេល​កើតហេតុ​ប្រពន្ធ​ឈ្មោះ នៅ សុខ​នី បាន​ទៅ​ហូប​បាញ់ឆែវ​នៅ​ក្បែរ​ផ្ទះ ។ ពេលនោះ​បុរស​ជា​ប្តី ឈ្មោះ ភួង ផេង បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ក្រហម មកដល់​ផ្ទះ រួច​បាន​ស្រែក​រក ប្រពន្ធ និង​បាន​ជេរប្រមាថ​ខ្លាំងៗ ផ្អើល​អស់អ្នក​ជិតខាង នាំគ្នា មក​រោម​មើល ។ លុះ​ពេល​ប្រពន្ធ ដើរមក​ដល់​ផ្ទះ ស្រាប់តែ​ឈ្មោះ ភួង ផេង នោះ​ស្ទុះ​ទៅ​ចាប់​បោច​សក់​ក្បាល​ប្រពន្ធ បោក​ផ្ទប់​ទៅលើ​ដី រួច​វាយ​ជាច្រើន​ដៃ​ចំ​ភ្នែក បណ្ដាល​ឱ្យ​ប្រពន្ធ រង​របួស​បែក​ភ្នែក​និង​ពក​ក្បាល។


សមត្ថកិច្ច បន្ត​ថា ភ្លាមៗ​នោះ​ប្តី​ដឹងខ្លួន​ធ្វើ​ខុស ក៏​ទាញ​ម៉ូតូ​ជិះ​គេចខ្លួន បាត់ស្រមោល។ សមត្ថកិច្ច​បន្ត​ថា បាន​មួយ​ថ្លៃ​កន្លងទៅ ឈ្មោះ ភួង ផេង បាន​ផឹកស្រា​ស្រវឹង ក៏​ត្រឡប់​មក​ផ្ទះ​វិញ ចំពេល​ប្រពន្ធ មិន​នៅផ្ទះ​ទៀត ហើយ​ដើរ ទៅ​បើក​ឆ្នាំងបាយ មិនទាន់​ដាំ ក៏​ស្រែក ជេរ​បញ្ចោរ រួច​ដុត​ម៉ូតូ​កញ្ចាស់​ម៉ាក​សេ ១០០ កូរ៉េ របស់​ខ្លួន​ចោល បណ្តាល​ឱ្យ​រង​ការ ខូចខាត​ទាំងស្រុង ។ ក្រោយមក ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន តែម្តង៕


 


 



បុរស​ចំណាស់​វាយ​ប្រពន្ធ ត្រូវ​តុលាការ​ផ្ដន្ទាទោស​២​ឆ្នាំ​អនុវត្ត​៥​ខែ​

Post a Comment

0 Comments

Close Menu