Ad Code

កម្ពុជា​ និង​ម៉ាកាវ​យកចិត្តទុកដាក់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់​តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង​ថែមទៀត

ភ្នំពេញ​ ៖ ​ក្នុង​កិច្ចពិភាក្សា​ដ៏​មាន​សារៈសំខាន់​ខាង​វិស័យ​ ទេសចរណ៍​ រវាង​កម្ពុជា​ ម៉ាកាវ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ ដែល​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ស្នាក់អាស្រ័យ បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​ម៉ា​កាវ នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ម៉ា​កាវ​លើក​ទី​៤ ឆ្នាំ​២០១៥ និង​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្ដម​ Li Jinzao ប្រធាន​រដ្ឋបាល​ទេសចរណ៍​ជាតិ​ចិន ចូល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ។


ក្នុង​ជំនួប​ពិភាក្សា​ដ៏​មាន សារៈសំខាន់​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម Li Jinzao បានធ្វើការ​ពិភាក្សា យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ចិន ឲ្យ​កាន់​តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង​ថែមទៀត ពិសេស​ការ​ខិតខំ​រិះរក​វិធី​ក្នុង​ការ​ជំរុញ​អ្នក​ទេសចរ​​ចិន ​មក​ធ្វើដំណើរ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​មានការ​កើនឡើង​រហូត​ដល់​១​លាន​នាក់ នៅក្នុងពេល​ដ៏ ខ្លី​ខាងមុខ​។ ក្នុងជំនួប​ពិភាក្សា​គ្នា​នោះ ឯកឧត្តម Li Jinzao មានប្រសាសន៍​សុំ​យោបល់​ពី​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្វើ​យ៉ាង​ណា​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរណ៍​សម្រាប់​ប្រទេស​ទាំងពីរ ឲ្យ​កាន់​តែ​មាន​សក្តានុពល​ខ្ពស់ ថែមទៀត​។ ទាក់ទិន​ទៅនឹង​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ស្នើ​ដល់​ឯកឧត្តម​ប្រធាន ធ្វើយ៉ាងណា​បន្ត​ជួយ​ជំរុញ​ឲ្យ​មានការ​កើនឡើង នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​មកកាន់​ប្រទេស​កម្ពុជា ឲ្យ​មាន ការ​កើនឡើង​រហូតដល់​១​លាន​៣​សែន​នាក់ ពោលគឺ​រក្សា​កំណើន​ត្រឹមតែ​០,០១% នៃ​ចំនួន​ប្រជាជន​ចិន​សរុប ក្នុងការ​ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ទេសចរណ៍​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​បន្តថា ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ​ចំនួន​ទេសចរណ៍​ចិន​ដែល​ធ្វើដំណើរ​ទេសចរណ៍​នៅ​កម្ពុ​ជាមាន​ចំនួន ៥៦​ម៉ឺន​នាក់ ដោយ​មិន​រាប់បញ្ចូល​នូវអ្នក​ទេសចរ​​មកពី​ម៉ា​កាវ និង​កោះ​តែ​វ៉ាន់​នោះទេ​។ សម្តេច​បន្តថា តាម​ការ​ប្រមើល​មើល​ទៅមុខទៀត​នោះ ពោលគឺ​ក្នុង​ឆ្នាំ​២០១៥​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​​ចិន នឹងមាន​ការកើនឡើង​រហូតដល់ ៧០​ម៉ឺន​នាក់​។ សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា សម្តេច​ធ្លាប់បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ជាច្រើន ក្នុង​នោះ​កម្ពុជា​ផ្តល់​នូវ​ភាព​ងាយស្រួល​យ៉ាង​ច្រើន​ដល់​អ្នក​ទេសចរ​​ចិន ក្នុង​ការ​ធ្វើដំណើរ ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ តួយ៉ាង​ដូចជា​ការ​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ប្រាក់​យ័ន​លើ​ទីផ្សារ​កម្ពុជា និង​ការ​ចំហ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​គ្រប់​ទីកន្លែង​ទាំងអស់​របស់​ប្រទេស​ចិន មកកាន់​ប្រ ទេស​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិនិត្យ​លទ្ធភាព ក្នុង​ការ​បើក​កុងស៊ុល​នៅ​តាម​តំបន់ ​ដែល​មាន​ភ្ញៀវ​ទេសចរ​ និង​តំបន់​ដែល​មាន​ការហោះហើរ​ត្រង់​ក្នុង​ប្រទេស​ចិន​បន្ថែម​ទៀត ​ក្នុង​ការ​ជំរុញ​ភ្ញៀវ​ទេសចរ​​មកកាន់​កម្ពុជា​នោះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​ផ្តល់​ទិដ្ឋាការ​ដល់​អ្នក​ទេសចរណ៍​ចិន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា កម្ពុជា​បច្ចុប្បន្ន នេះ មាន​ភាព​អំណោយផល​ខ្លាំងណាស់​ចំពោះ​អ្នក​ទេសចរ​​ចិន តួយ៉ាង​ដូច​មាន​សាលា​បណ្តុះបណ្តាល ភាសា​ចិន និង​មាន​ភោជនីយដ្ឋាន​ចិន​ជាច្រើន​កន្លែង។


ឯកឧត្ដម​ Li Jinzao មាន​ប្រសាសន៍​ថា ចំនួន​ទេសចរ​​​ចិន​១​លាន​នាក់​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ឯកឧត្តម​នឹង​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា តាមរយៈ​ការជួយ​បណ្តុះបណ្តាល​មន្ត្រី​កម្ពុជា ពិសេស​ការ​កសាង​សមត្ថភាព​ដល់​មន្ត្រី ជាមួយ​គ្នានេះ​ឯកឧត្តម​នឹង​ខិតខំ​ជំរុញ​យ៉ាងណា ឲ្យ​វិស័យ​ទេសចរណ៍​មាន​ភាព​ល្អប្រសើរ ផ្តល់នូវ​ផលប្រយោជន៍​ពី​គ្នា​ទៅវិញទៅមក និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទេសចរ​​ចិន ធ្វើ នូវ​អ្វី​ដែល​ខុសច្បាប់​របស់​កម្ពុជា​នោះ​ឡើយ៕



កម្ពុជា​ និង​ម៉ាកាវ​យកចិត្តទុកដាក់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់​តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង​ថែមទៀត

Post a Comment

0 Comments

Close Menu