សៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងបើកអ៊ីនធឺណិត យីហោ៨៨បង្កប់លេងល្បែងហ្គេមត្រីស៊ីសងមួយកន្លែង និងឈានទៅដល់ការឃាត់ខ្លួនមេការ ចំនួន២នាក់អ្នកលេងចំនួន១១នាក់ ព្រមទាំងដកហូតទូរហ្គេមត្រីចំនួន៣ព្រមទាំងលុយមួយចំនួន។
ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី០៤ខែតុលាឆ្នាំ២០១៥ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ទោ ភឹង ចន្តារ៉េត នាយការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលនិងក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ។
លោកវរសេនីយ៍ទោ ភឹង ចន្តារ៉េត នាយការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា វត្ថុតាង ទាំងនោះត្រូវបានដឹកបញ្ជូនទៅរក្សាទុកនៅសាលាក្រុង ហើយទីតាំងនោះត្រូវបានបិទជាបណ្ដោះអាសន្នសិន។ លោកបន្តថា អ្នកបើកល្បែង និងអ្នកលេងល្បែង សមត្ថកិច្ចនគរបាលកំពុងសួរនាំ។ លោកបន្តថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលបានធ្វើការដកហូតទូរហ្គេមចំនួន៣គ្រឿង និងឈានទៅដល់ការឃាត់ខ្លួនមេការចំនួន២នាក់និងអ្នកលេងចំនួន១១នាក់និងលុយ១១៩ដុល្លារនិងលុយខ្មែរ៩៩ម៉ឺនរៀល។ លោកបន្ថែមថា ចំពោះអ្នកលេង ទាំង១១នាក់ត្រូវបានត្រូវដោះលែងទៅវិញដោយអប់រំចំណែកជនសង្ស័យជាអ្នកលេងឈ្មោះចាន់ សុភ័ក្ត ភេទប្រុស អាយុ២០ឆ្នាំត្រូវបានឃាត់ខ្លួនដោយសារមានជាតិញៀននៅក្នុងខ្លួន។ លោកបន្តថា មេការ ស្រីឈ្មោះ គង់ ម៉ាណុចត្រូវបានឃាត់ខ្លួននិងមេការ ប្រុសឈ្មោះហៃ វុធី ត្រូវបានឃាត់ខ្លួនរួមទាំងកាំភ្លើងខ្លី ម៉ាកឡុក មានមុខរបរជាយោធា។
គួរបញ្ជាក់ផងដែរថា ល្បែងហ្គេមអ៊ីនធឺណិតនៅក្នុងក្រុងសៀមរាបមួយចំនួនធំបានលួចបង្កប់ទៅដោយហ្គេមត្រី និងល្បែងស៊ីសងមួយចំនួន ដើម្បីពង្វក់ដល់ក្មេងដែលកំពុងតែខិតខំសិក្សានោះអាចចេះគេចសាលា និងឈានទៅដល់ការធ្វើនូវទង្វើខុសច្បាប់ផ្សេងៗផងក៏មាន។
ទាក់ទិនទៅនិងករណីនេះពលរដ្ឋបានសាទរទៅនឹងចំណាត់ការរបស់ថ្នាក់ដឹកនាំនគរបាលខេត្តដែលបានបញ្ចេញស្នាដៃបង្ក្រាបបានយ៉ាងល្អ ជូនសង្គមជាតិ៕
នគរបាលឆ្មក់ទីតាំងចាប់ហ្គេមបាញ់ត្រី និងឃាត់ខ្លួនមេការ២នាក់ ព្រមទាំងអ្នកលេង១១នាក់
0 Comments