Ad Code

VW ​នឹងប្ដូរ​បច្ចេកវិទ្យា​ឌីយេស៊ែល និង​កាត់បន្ថយ​ការ​វិនិយោគ

ម៉ាកសញ្ញា​​របស់​ក្រុមហ៊ុន​ Volkswagen នឹង​ប្ដូរ​​ទៅរក​​បច្ចេកវិទ្យា​​ត្រួតពិនិត្យ​ការបញ្ចេញ​​ឧស្ម័ន​​ថ្មីរបស់​រថយន្ដ​ឌីយេស៊ែល​ នៅអឺរ៉ុប និង​នៅ​​អាមេរិក​ខាងជើង ក៏ដូចជា​ការ​កាត់​​បន្ថយការ​ចំណាយ​ក្នុងការ​​វិនិយោគ​ប្រចាំ​ឆ្នាំ​ចំនួ​ន​១ពាន់​លាន​អឺរ៉ូ (១.១​ពាន់​លាន​ដុល្លារ) ផងដែរ។ប្រធាន​​ម៉ាកសញ្ញា VW លោក Herbert Diess បានធ្វើ​ការ​ប្រកាស​នេះ​កាលពីថ្ងៃអង្គារ ខណៈ​ដែល​ក្រុម​ហ៊ុន​បានតស៊ូ​ដើម្បី​ពុះពារ​​ជម្នះ​រឿងអាស្រូវ​​មួយ​​ស្ដីអំពី​ករណីដែល​​រថយន្ដ​មួយ​ចំនួន​របស់ខ្លួន​បានបំពាក់​ជាមួយ​ Software កុំព្យូទ័រ ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​​ធ្វើ​​ការ​សាកល្បង​ការ​បញ្ចេញ​ឧស្ម័ន​រថយន្ដ​នៅអាមេរិក។


លោក Diess បានបន្ដថា ក្រុមហ៊ុន​នឹង​​ប្ដូរ​បច្ចេកវិទ្យា​​ឌីយេស៊ែលរបស់ខ្លួន​នៅ​​អឺរ៉ុប និង​នៅ​​អាមេរិក​ខាង​ជើង និង​ដំឡើង​ប្រព័ន្ធ​​ដែល​​ប្រើ​ប្រាស់​ល្បាយ​មួយ​ (mixture) នៃ​សារ​ធាតុ​គីមី urea និងទឹក ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពីរថយន្ដ​​ឌីយេស៊ែល។ លោក Diess បាន​បន្ដថា ការ​ប្ដូរនឹង​​កើត​ឡើង​នៅក្នុង​​ពេល​ឆាប់ៗ​​នេះ​តាម​​ដែល​អាច​ធ្វើ​​ទៅ​បាន។ លោក Diess បាន​បន្ថែម​​ថា ក្រុមហ៊ុន​នឹង​ពង្រីក​បច្ចេក​វិទ្យា​ផលិត​​តម្លៃទាប​របស់ខ្លួន​​ និង​កាត់បន្ថយ​​ការ​ចំណាយ​ទៅលើ​ការ​វិនិយោគ។


ក្រុមហ៊ុន VW ក៏មាន​ផែនការដើម្បី​ប្ដូរ​​ការ​កែ​ប្រែ​​នៅពេល​​ខាងមុខ​នូវ​រថយន្ដ​ប្រណីត Phaeton ដ៏​ធំ​របស់ខ្លួន​ទៅ​ជា​រថយន្ដ​​អគ្គិសនីតែ​​មួយ​គត់​​ដើម្បីបង្ហាញ​សមត្ថភាព​បច្ចេកវិទ្យា​​របស់​ក្រុម​ហ៊ុន។ VW AG ដែល​មាន​ម៉ាកសញ្ញា​ផ្សេងៗ​ទៀត​រួមទាំង Audi និង Skoda ផង​នោះ កំពុង​​តែប្រឈម​​នឹង​វិបត្ដិ​មួយ បន្ទាប់ពី​អាជ្ញាធរ​​អាមេរិក បាន​និយាយ​ថា ខ្លួន​បាន​ចៀស​វាង​ពីការ​ត្រួត​​ពិនិត្យ​ការបញ្ចេញ​ឧស្ម័ន​ទៅលើរថយន្ដ​ចំនួន​៤៨២,០០០​គ្រឿងនោះមក។ ក្រុមហ៊ុន​​បាន​ទុក​​ដោយឡែក​​នូវ​ទឹកប្រាក់​ចំនួន៦.៥​ពាន់​លាន​​អឺរ៉ូ (៧.៣​ពាន់​លាន​ដុល្លារ) ដើម្បី​រ៉ាប់​រង​​តម្លៃជួស​ជុល​ក្នុងការ​ហៅ​រថយន្ដមកវិញ​ និងការ​​ផាក​ពិន័យ​។ ប៉ុន្ដែ​អ្នកវិភាគ​បាន​និយាយ​ថា តម្លៃ​នៅក្នុង​ក្របខណ្ឌ​​នៃការ​ផាកពិន័យ​ និងការ​ខាត​បង់​​នៅក្នុងការ​លក់​ទំនងជា​នឹង​មាន​ទំហំ​ច្រើន​ជាង​​យ៉ាង​ខ្លាំង។


មុននេះ អភិបាល​រដ្ឋ Lower Saxony ​របស់​​ប្រទេស​អាល្លឺម៉ង់ ដែលមានភាគហ៊ុន​ដ៏​តូច​មួយ​នៅក្នុង VW បាន​និយាយថា ក្រុមហ៊ុន​នេះ​បាន​សារភាព​កាលពី​ពេល​មុន​ថា ខ្លួនបាន​​ប្រើ​ឧបាយ​កល​បោកប្រាស់​ដ៏ ប៉ិនប្រសប់​នូវ​ទិន្នន័យ​បញ្ចេញ​ឧស្ម័ន​នៅ​ក្នុង​រថយន្ដ​ឌីយេស៊ែល។ VW បានទទួល​ស្គាល់​ការ​បោក​ប្រាស់​នេះ​ចំពោះ​​និយតករ​អាមេរិក​ កាលពីថ្ងៃទី០៣ ខែ​កញ្ញា រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ បន្ទាប់ពី​អ្នកស្រា​វជ្រាវ​បាន​បោះ​ពុម្ព​ផ្សាយនូវការ​សិក្សា​មួយបង្ហាញ​ការ​បញ្ចេញ​ឧស្ម័ន​ពិត​ប្រាកដ​នៅលើ​ពិភព​លោក​នូវ​គំរូ​រថយន្ដ​២គ្រឿង​របស់ VW គឺ​មាន​កម្រិត​​ខ្ពស់ជាង​​ការ​អនុញ្ញាត។


បន្ថែម​ទៅលើ​ទុក្ខ​សោកនៃ​រឿង​អាស្រូវ​​បោក​ប្រាស់​ការបញ្ចេញ​​ឧស្ម័ន​នេះ ប្រទេស​សិង្ហបុរី​ បាន​ផ្អាក​ការ​លក់​រថយន្ដ VW ឌីយេស៊ែល​របស់​ខ្លួន ​ហើយកាលពីព្រឹក​​ថ្ងៃចន្ទ VW បាន​និយាយ​ថា ខ្លួនកំពុង​​តែ​ហៅមក​វិញ​នូវ​រថយន្ដ​ឌីយេស៊ែលចំនួន១,៩៥០​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បីកែ​ម៉ាស៊ីន​ Software ដែល​ក្រុម​ហ៊ុន​បាន​សារភាពថា បានបោកប្រាស់នោះ៕


VOA



VW ​នឹងប្ដូរ​បច្ចេកវិទ្យា​ឌីយេស៊ែល និង​កាត់បន្ថយ​ការ​វិនិយោគ

Post a Comment

0 Comments

Close Menu