ភ្នំពេញ ៖ គម្រោងសាងសង់អគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា ក្រោមជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា នៅវិមានព្រឹទ្ធសភា រវាងលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក Peng Zheng ប្រធានគម្រោងសាងសង់ នៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន។
លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានវាយតម្លៃយ៉ាងខ្ពស់ នៃជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះព្រឹទ្ធសភាកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ការងារព្រឹទ្ធសភាកម្ពុជា ជាពិសេសសម្រាប់ការិយាល័យថ្នាក់ដឹកនាំទាំងបីរបស់ព្រឹទ្ធសភាកម្ពុជា។
លោកបន្តថា អគារថ្មីនេះមានទំហំ១.៥០០ម៉ែត្រការ៉េ កម្ពស់៣ជាន់ តម្លៃ២២លានយន់ ស្មើប្រហាក់ប្រហែល៣លានដុល្លារសហរដ្ឋអាមេរិក ហើយដំណើរការសាងសង់ក្នុងរយៈពេល១៤ខែ។
អគារនេះមិនមែនជាជំនួយទី១របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន១៥ឆ្នាំមកនេះចិនបានជួយដល់ព្រឹទ្ធសភាកម្ពុជាជាច្រើនលើកមកហើយ។ បើគិតជាអគារ គម្រោងសាងសង់អគារព្រឹទ្ធសភាក្រោមជំនួយរបស់ចិនដែលចុះហត្ថលេខានាពេលនេះ ជាលើកទី៩ហើយ។
ក្នុងនាមថ្នាក់ដឹកនាំព្រឹទ្ធសភាលោកអគ្គលេខាធិការព្រឹទ្ធសភាបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយចំពោះព្រឹទ្ធសភាកម្ពុជានាពេលនេះ។ គម្រោងសាងសង់អគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភានេះមានតម្លៃខ្ពស់ ហើយបានរួមចំណែកដល់ការងាររបស់ស្ថាប័នព្រឹទ្ធសភាលើគ្រប់ផ្នែក គ្រប់វិស័យ។ លោកសង្ឃឹមថា ពិធីចុះហត្ថលេខានេះ នឹងធ្វើឲ្យកិច្ចដំណើរការសាងសង់ប្រកបដោយរលូន និងតាមកាលកំណត់។
លោក Song Xiaoguo ប្រធានទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខា នៃការអនុវត្តការងារសាងសង់អគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភាថ្ងៃនេះ បង្ហាញពីទំនាក់ទំនងរវាងប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពកម្ពុជា-ចិន មានជាយូរលង់ណាស់មកហើយ បច្ចុប្បន្នទំនាក់ទំនងនេះបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។ ដោយសារទំនាក់ទំនងនេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជានៅប្រទេសចិន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ មកនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយសាងសង់ស្តាតអូឡាំពិកមួយដែលធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជូនដល់កម្ពុជា។
លោកប្រធានក៏បានសំណូមពរដល់ស្ថាប័នព្រឹទ្ធសភាកម្ពុជាជួយគាំទ្រដល់កិច្ចដំណើរការសាងសង់របស់ក្រុមហ៊ុនចិនផងដែរ។ សង្ឃឹមថា គម្រោងសាងសង់អគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភានេះ អាចទៅជាគម្រោងមួយដែលមានភាពងាយស្រួលក្រោមការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា៕
គម្រោងសាងសង់អគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភាក្នុងតម្លៃ៣លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខា
0 Comments