កណ្ដាល ៖ យុវជន២នាក់ត្រូវបានកម្លាំងរបស់នគរបាលស្រុកស្អាងធ្វើការចុះល្បាតតាមគោលដៅ បានជួបប្រទះ និងសុំឆែកឆេររកឃើញថ្នាំញៀន០១កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
លោក សេង សុជាតិ អធិការស្រុកស្អាងបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-មានឈ្មោះ ឃុន វីរៈ ហៅពែក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ពុធ មករា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សេង សុជាតិ អធិការស្រុកស្អាងបានប្រាប់ឲ្យដឹងទៀតថា នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាងបានចុះល្បាតតាមបណ្ដោយផ្លូវជាតិលេខ២១បេ ចំណុចភូមិទួលក្រសាំង ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូមានគ្នា០២នាក់ ហើយក៏បានឃាត់សុំធ្វើការត្រួតពិនិត្យ និងឆែកឆេរអ្នកទាំងពីរ ក៏បានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់នៅក្នុងកាបូបដៃរបស់ឈ្មោះ ឃុន វីរៈ។ ខណៈនោះដែរក៏បានបញ្ជូនជនសង្ស័យទាំងពីរនាក់មកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ហើយជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួនបានទិញថ្នាំញៀនមកពីតំបន់វាលខ្សាច់នៅចាក់អង្រែលើ រាជធានីភ្នំពេញ មួយកញ្ចប់តម្លៃ៣០.០០០រៀល។ ចំណែកឯវត្ថុតាងដកហូតបានម្សៅក្រាមពណ៌.ស សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ កាបូបដៃពណ៌ខ្មៅចំនួន០១ ម៉ូតូ០១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បប1.5891 និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាងដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ឃាត់ខ្លួនយុវជន២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
0 Comments