Ad Code

អគារ​ខុន​ដូ​កប់​ពពក​ថ្មី​មួយ​នឹង​បង្ហាញខ្លួន នៅ​ទល់មុខ​ផ្សារ​ទំនើប AEON MALL

ភ្នំពេញ ៖ ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​នៅ​តែ​មាន​សុទិដ្ឋិនិយម​នៅ​ឡើយ ខណៈ​គម្រោង​ជាច្រើន​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ ក្នុង​នោះ​ខុន​ដូ The Penthouse Resident កម្ពស់​៣៨​ជាន់ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ។


អ្នកនាង អ៊ី វណ្ណា​រី បុគ្គលិក​ផ្នែក​លក់​នៃ​គំរោង The Penthouse Resident បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៥ ធ្នូ​ថា គម្រោង​នេះ​បាន​ចាប់​ផ្តើម​លក់ កាលពី​ខែវិច្ឆិកា​កន្លង​មក​នេះ ដោយ​ទទួល​បាន​ការ​កក់​ពី​អតិថិជន​រហូតដល់​៣០​ភាគរយ​ហើយ​។


គម្រោង​នេះ​នឹង​ចាប់ផ្តើម​បុក​គ្រឹះ និង​បង្ហាញ​បន្ទប់​តាំង​បង្ហាញ​នៅ​ខែមករា​២០១៦​ខាងមុខ​និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ប្រសិន ជា​គ្មានអ្វី​ប្រែប្រួល​ទេ​នោះ​។ អ្នកនាង​បន្ត​ថា The Penthouse Resident សាងសង់ ទ្បើង​លើ​ផ្ទៃដី​១៦៩២​ម៉ែត្រការ៉េ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ដែល​ស្ថិតនៅ​ទីតាំង​ស្ថិតនៅ​ទល់មុខ​ផ្សារ​ទំនើប AEON MALL។


អ្នកនាង​បន្ត​ថា “​យើង​ជឿជាក់​ថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​ទីតាំង​របស់​យើង​ស្ថិតនៅ​ទល់មុខ​ផ្សារ​ទំនើប ភោជនីយដ្ឋាន ធនាគារ និង​ក្បែរ​ព្រះបរមរាជវាំង ពិសេស​ការឌីសាញ​អគារ​នេះ​ប្រកបដោយ​ភាព​ទាក់ទាញ តាមរយៈ​ការ​បំពាក់​កញ្ចក់​ជុំវិញ​អាគារ​នេះ ដែល​អាច​ឲ្យ​អ្នក​ស្នាក់​នៅ​ក្នុង​អគារ​នេះ​អាច​សន្សំសំចៃ​ថាមពល​អគ្គិសនី​។ អ្នកនាង​បន្ត​ថា “​ឆ្នាំ​២០១៨ ជា​ពេល​ដែល​គម្រោង​ខុន​ដូ​ជាច្រើន នឹង បញ្ចប់​ការសាងសង់ ប៉ុន្តែ​យើង​មិន​ព្រួយបារម្ភ​ពី​ការប្រកួតប្រជែង​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​បាន​ផ្តល់​ជូន​នូវ​លក្ខខណ្ឌ​បង់ប្រាក់​ពិសេស និង​អាច​ទទួលបាន​កម្ចី​ពី​ធនា​គារ Maybank ដែល​ជា​ដៃគូ​របស់​យើង។


The Penthouse Resident ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន The Penthouse Resident Co, Ltd និង​ដៃគូ​បរទេស ដែល​មាន​បទពិសោធន៍​លើ​វិស័យ​អចលនវត្ថុ​។ គម្រោង​នេះ​មានផ្ទះ​ចំនួន ៤៥៨ យូ​នី​ត និង​មាន​ចំណត​យានយន្ត​ដែល​អាច​ចត​យានយន្ត​បានជា​ច្រើន​រយ​គ្រឿង​។ អ្នកនាង​បន្ត​ថា ចំណត យានយន្ត​មាននៅ​ជាន់​ក្រោម​ដី​ចំនួន​២​ជាន់ និង​ចាប់ពី​ជាន់​ទី​២​ដល់​ជាន់​ទី​៧ និង​ចាប់ពី​ជាន់​ទី​៨​ដល់​ជា​ន់ទី​៣៧​ជា​លំនៅ​ដ្ឋាន​។ ចំណែក​ជាន់​ទី​៣៨ ជាទី​តាំង Skybar, Swimming Pool, និង​ភោជនីយដ្ឋាន ដែល​អាច​ឲ្យ​អតិថិជន​គយគន់​ទេសភាព​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាជធានី​ភ្នំពេញ។


អ្នកនាង​អ៊ី វណ្ណា​រី​បាន​បន្ត​ថា The Penthouse Resident លក់​ក្នុង​តំលៃ​ចាប់ពី​២០០០ ដល់​២៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​មានការ​បញ្ចុះ​តំលៃ​ពិសេស​១០​ភាគរយ ប្រសិនជា​អតិថិជន​ទិញ​មុន​ពេល​សាងសង់ និង​ធនា​លើ​ការជួល​៦​ភាគរយ​នៃ​តំលៃ​ខុន​ដូ​។ ទោះជា​យ៉ាងណា​អ្នកនាង​វណ្ណា​រី មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទុនវិនិយោគ​ក្នុង​គម្រោង​នេះ​នោះទេ។


លោក សេង សុ​ភ័​ក្រ អគ្គនាយករង​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​CPL​បាន​ថ្លែង​ថា តំលៃ​ដែល​គម្រោង​នេះ​ដាក់ចេញ​ជា​តំលៃ​ល្អ ហើយ​ទីតាំង​របស់​គំរោង​នេះ​ក៏​មាន​ភាព​ល្អប្រសើរ​ផង​ដែរ ព្រោះ​វា​មាន​ទីតាំងនៅ​ជិត​ផ្សារ​ទំនើប AEON MALL​ជា ទីតាំង​មួយ ដែល​កំពុង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ ស្រប​ពេល​ដែល​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា នៅ​តែ​មាន​សុទិដ្ឋិនិយម​នៅ​ឡើយ ព្រោះ​គម្រោង​នីមួយៗ​ក្រោយពេល​ប្រកាស​លក់ សុទ្ធ​តែ​លក់​អស់ពី​៧០​ទៅ​៨០​ភាគរយ ដូច្នេះ​អ្នក​អភិវឌ្ឍន៍​សុ​ទ្ធ​តែ​មើលឃើញ​សញ្ញា​ល្អ​នៃ​ទីផ្សារ​នេះ ព្រោះ​បើ​ពួកគេ​លក់​មិន​ដាច់ ក៏​ពួកគេ​មិន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​វិនិយោគ​ដែរ។


លោក​បន្ត​ថា “​បច្ចុប្បន្ន​ទីផ្សារ ខុន​ដូ កំពុង​មាន​តម្រូវការ​ច្រើន ព្រោះ​នៅ​កម្ពុជា​មាន​កម្លាំង​ទិញ​ខ្លាំង ដែល​មាន​ទាំង​អ្នក​វិនិយោគ​ក្នុងស្រុក និង​អ្នក​វិនិយោគ​បរទេស​កំពុង​ចាប់អារម្មណ៍​លើ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា៕



អគារ​ខុន​ដូ​កប់​ពពក​ថ្មី​មួយ​នឹង​បង្ហាញខ្លួន នៅ​ទល់មុខ​ផ្សារ​ទំនើប AEON MALL

Post a Comment

0 Comments

Close Menu