បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជាដំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់បាននាំយកម៉ាហ្សូតចំនួន៣០០លីត្រយកទៅឲ្យមេឃុំស្រះរាំង ដើម្បីយកទៅចាក់ម៉ាស៊ីនបូមទឹកដាក់ស្រែប្រាំងនៅក្នុងភូមិកោកក្រសាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ស ប៊ុនសឿង បាននិយាយថា ប្រេងម៉ាហ្សូតទាំង៣០០លីត្រ ដែលយកទៅឲ្យមេឃុំស្រះរាំងនោះបានមកពីក្រុមការងារចុះជួយស្រះរាំង។
លោក ស ប៊ុនសឿង បានធ្វើការផ្តាំផ្ញើដល់លោកមេឃុំស្រះរាំងជួយណែនាំដល់ប្រជាពលរដ្ឋឲ្យចេះសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់ទាំងមនុស្ស-សត្វ និងត្រូវធ្វើការហាមឃាត់ដល់ប្រជាពលរដ្ឋក្នុងខែប្រាំងនេះមិនត្រូវឲ្យបូមទឹក ស្រះ បឹងត្រពាំង ប្រឡាយចាប់យកត្រីដាច់ខាតព្រោះឆ្នាំមានអាកាសធាតុ និងមានភ្លៀងធ្លាក់តិចតួចជាហេតុធ្វើឲ្យគ្មានទឹកនៅក្នុងបឹង ស្រះ ត្រពាំង ប្រឡាយឡើយដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គួរតែប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹក ហើយប្រជាពលរដ្ឋទាំងអស់ត្រូវចេះសន្សំសំចៃទឹក។
លោក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ឆ្នាំមុនក្នុងស្រុកមង្គលបូរីខែប្រាំងចូលមកដល់ដោយសារតែប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើស្រែប្រាំងមានម៉ាស៊ីនបូមទឹករាប់រយបូមទឹកចេញពីស្ទឹងមង្គលបូរីដាក់ស្រែប្រាំងរបស់ខ្លួន ជាហេតុធ្វើឲ្យស្ទឹងមង្គលបូរីគ្មានទឹកធ្វើឲ្យពលរដ្ឋក្នុងស្រុកមង្គលបូរីគ្មានទឹកក្នុងការប្រើប្រាស់ឈ្លោះគ្នាពេញតែស្រុកមង្គលបូរីទាល់តែមានការអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបង្ហូរទឹកពីស្ទឹងបវេលខេត្តបាត់ដំបងមកទើបប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរីបានទឹកប្រើប្រាស់រហូតដល់ខែវស្សា។
លោក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា សូមឲ្យអាជ្ញាធរថ្នាក់ស្រុកចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចេះសន្សំសំចៃទឹកកុំឲ្យមានការខ្វះខាតដូចឆ្នាំមុនទៀត៕
លោក ស ប៊ុនសឿង នាំយកប្រេងម៉ាហ្សូត ចំនួន៣០០លីត្រ ប្រគល់ជូនមេឃុំស្រះរាំង





0 Comments