Ad Code

ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ឃុំ​ស្រែ​ថ្មី​ ស្នើសុំ​លោក​អភិបាលខេត្ត​ជួយ​មាន​វិធានការណ៍​ទប់ស្កាត់​ការ​ចា​ក់​សំរាម​ចោល​យ៉ាង​អានាធិបតេយ្យ​​ ​

កំពង់ឆ្នាំង ​៖ អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ​ឃុំ​ស្រែ​ថ្មី ​ស្រុក​រលាប្អៀរ ថ្មីៗ​នេះ​បាន​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​ម៉ៅការ​ដឹក​សំរាម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​បាន​យក​សំរាម​ទៅ​ចាក់ចោល​ពាសវា​លពាសកាល​ និង​យ៉ាង​អានាធិបតេយ្យ​តាម​ដងផ្លូវ​ក្នុងភូមិ​សន្ទូច និង​នៅ​ជើងភ្នំ​ក្នុងភូមិ​គុល​គប់ ដែល​មាន​ក្លិនស្អុយ​អសោច និង​គេ​បាន​ធ្វើ​ការ​ដុត​សំរាម​ហ៊ុយ​ផ្សែង​ជះក្លិន​ឈ្ងៀម ប៉ះពាល់​ដល់​បរិស្ថាន​រស់​នៅ ​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។



ករណីនេះ​លោក​មេឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ​ថា​​នៅ​តាម​ផ្លូវ​កៅស៊ូ​ក្នុងភូមិ​សន្ទូច ខាងលិច​របង​ជាប់​មជ្ឈមណ្ឌល​ស៊ីម៉ាក់​គេ​ឃើញ​មាន​គំនរ​សំរាម​មួយ​ចំនួន​ស្អុយរលួយ មាន​រោម​មាន់ និង​កាកសំណល់​ផ្សេងៗ ​ដែល​គេ​បាន​លួច​ចាក់ចោល​ពាសវាល​ពា​សកាល ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​អ្នក​ ដែល​បាន​ធ្វើ​ដំណើរ​ និង​រស់នៅ​ក្នុងភូមិ​នោះ​។​



ដោយឡែក​នៅ​ជើងភ្នំ​ក្នុងភូមិ​គុល​គប់​វិញ គេ​បានឃើញ​មានការ​ចាក់សំរាម​យ៉ាង​អានាធិបតេយ្យ​នៅ​លើ​ដី​ ដែល​មាន​ទំហំ​ប្រមាណ​ជាង​២​ហិកតា ដោយ​គ្មាន​ជីករណ្តៅ​ដាក់​សំរាម​ឡើយ ហើយ​សំរាម​ទាំ​ង​អស់នោះ​ត្រូវ​បាន​គេ​ដុត​ចោល​ឆេះ​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​មាន​ក្លិន​មាន​ផ្សែង​ឈ្ងៀម ប៉ះពាល់​ដល់​បរិស្ថាន​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ​ករណី​ខាង​លើ​នេះ​គេ​មិនដែល​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​មក​ត្រួតពិនិត្យ​ទប់ស្កាត់ ឬ​ដោះស្រាយ​បញ្ហា​នោះ​ឡើយ​។​



លោក​មេឃុំ​ស្រែ​ថ្មី​ និង​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ទាំង​ពីរ​ខាង​លើ​នេះ ស្នើសុំ​លោក​អភិបាលខេត្ត​កំ​ពង់ឆ្នាំង និង​អង្គភាព​ពាក់ព័ន្ធ មេត្តា​ជួយ​ចុះ​មក​ត្រួតពិនិត្យ នៅក្នុង​ទីតាំង​ចាក់សំរាម​ខាង​លើ​នេះ និង​ជួយ​មាន​វិធានការ​បន្ទាន់​ណាមួយ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ផង​។​ កន្លងមក​អាជ្ញាធរ​មូលដ្ឋាន ​និង​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​បាន​ដឹង​ថា អាជ្ញាធរ​ខេត្ត​មាន​ផែនការ​រៀបចំ​ជីករណ្តៅ​ដាក់​សំរាម​ដ៏​ធំ​មួយ​នៅ​ចំណុច​ជើងភ្នំ​ខាង​លើ​នេះ ប៉ុន្តែ​ផែនការ​ខាង​លើ​នេះ​មិនដឹង​ពេលណា​គេ​អនុវត្តន៍​នោះ​ឡើ​យ​។​



ទាក់ទង​នឹង​រឿង​សំរាម​នេះ កាល​ពី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​នេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបា​ល​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ឲ្យ​ក្រុម​អ្នកកាសែត​យើង​ដឹង​ថា​ លោក​អរគុណ​ណាស់​ចំពោះ​អ្នកកាសែត​យើង​ ដែល​បាន​រាយការណ៍​រឿង​​នេះ​ជូន​លោក នៅក្នុង​សប្ដាហ៍​បន្ទាប់​នេះ​លោក​នឹង​ចាត់តាំង​ក្រុម​ការ​ងារ​ចម្រុះ​ និង​អង្គភាព​ពាក់ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​ករណីនេះ ហើយ​ចាត់​វិធានការណ៍​ទប់ស្កាត់ និង​ដោះ​ស្រាយ​ផល​ប៉ះពាល់​ឲ្យ​បាន​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​។

​ ​

លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ គម្រោង​ជីករណ្តៅ​ដាក់​សំរាម​របស់​ខេត្ត​ពិតជា​មាន​មែន ប៉ុន្តែ​គម្រោង​នោះ​គឺជា​ជំនួយ​របស់​ធនាគារ​មួយ ហើយ​​គម្រោង​នេះ​មិនទាន់​ធ្លាក់​មកដល់​ខេត្ត​នៅ​ឡើយ ទើប​ការ​ដោះស្រាយ​មានការ​លំបាក​ និង​យឺតយ៉ាវ​៕


14-12-2015g1


14-12-2015g


14-12-2015f3


14-12-2015g3



ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ឃុំ​ស្រែ​ថ្មី​ ស្នើសុំ​លោក​អភិបាលខេត្ត​ជួយ​មាន​វិធានការណ៍​ទប់ស្កាត់​ការ​ចា​ក់​សំរាម​ចោល​យ៉ាង​អានាធិបតេយ្យ​​ ​

Post a Comment

0 Comments

Close Menu