Ad Code

ម៉ៅ​ ហា​ជី​ មិន​ញញើត​នឹង​បណ្ដឹង​របស់​ហង្ស​មាស​ឡើយ

ភ្នំពេញ ​៖ ទូរទស្សន៍​ហង្ស​មាស​បានសម្រេច​ចិត្ត​ប្ដឹង​អតីត​បេក្ខជន​រូប​នេះ​ទៅកាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ហើយ ​ខណៈដែល ម៉ៅ ហា​ជី ប្រកាស​ថា​ នឹង​មិន​រួញរា​ក្នុង​ការ​ប្រឈមមុខ​ឡើយ​។


ទំនាស់​ដ៏​ស្រួចស្រាល់​របស់ ម៉ៅ ហា​ជី និង​ក្រុមហ៊ុន​ហង្ស​មាស​បាន​ផ្ទុះឡើង ក្រោយពី​ដំណឹង​ចុះ​កុង​ត្រា​របស់​អតីត​បេក្ខជន Cambodian Idol មាន​ប្រជាប្រិយ​រូប​នេះ​ជាមួយនឹង​ផលិតកម្ម​ថោន ​ដែល​គេ​ដឹង​ថា ​ជា​ដៃគូ​ប្រជែង​របស់​ផលិតកម្ម​ហង្ស​មាស​នោះ​។ រឿងរ៉ាវ​ចម្រូងចម្រាស​រំលោភ​កិច្ចសន្យា​របស់​អតីត​បេក្ខជន Cambodian Idol ម៉ៅ ហា​ជី បាន​ក្លាយជា​ប្រធានបទ​មួយ​សំខាន់​ចុងក្រោយ​ដែល​ទស្សនិកជន​គ្រប់​ស្រទាប់​ចង់​ដឹង​ និង​បន្ត​តាមដាន​។​ ​ ​ ​ ​ ​ ​


បើ​តាម​ភាគី​ខាង​ទូរទស្សន៍​ហង្ស​មាស​លើក​ឡើង​ថា ​បេក្ខជន​ដែល​ចូល​ប្រឡង​ដល់​វគ្គ Live Show ទាំង​១២​នាក់​ចុងក្រោយ​ត្រូវ​បាន​ចុះ​កុងត្រា​រយៈពេល​មួយឆ្នាំ​។ ក្រោយ​លេចចេញ​ដំណឹង​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​បាន​មួយថ្ងៃ​ លោក ​មាស ​រិទ្ធី​ អ្នកអាន​ព័ត៌មាន​ និង​ជា​អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស​បាន​ប្រកាស​ឲ្យ ម៉ៅ ហា​ជី ចូលខ្លួន​មក​ដោះស្រាយ​រឿង​រំលោភ​កិច្ចសន្យា​ទៅ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ផ្សេង​ ដែល​មិនទាន់​ចប់​កុងត្រា​កម្មវិធី Cambodian Idol នៅឡើយ​។ ម៉ៅ ហា​ជី នឹង​ត្រូវ​សង​ថ្លៃ​ជំងឺ​ចិត្តច្រើន​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​គេច​ចេញ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ក្នុង​ពេល​ហង្ស​មាស​បាន​ទុក​ឱកាស​ឲ្យ​ចូល​មក​បកស្រាយ​ច្រើន​លើក​រួច​ទៅ​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក មាស រិទ្ធី​។​ ​ ​ ​ ​ ​ ​ ​


លោក​បញ្ជាក់​ហង្ស​មាស​បានសម្រេច​ឲ្យ​មេធាវី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​ហើយ​តុលាការ​នឹង​ចេញ​ដីកា​កោះហៅ​បេក្ខជន​រូប​នេះ​ក្នុង​ពេល​ដ៏​ខ្លី ​ហើយ​បើ​នៅតែ​មិន​ព្រម​ចូលខ្លួន​ដូច​អ្វី​ដែល​ខាង​ហង្ស​មាស ព្យាយាម​ទាក់ទង​ទៅ​មិនបាន​សម្រេច​ទៀត​នោះ​គឺ​ចំណាត់ការ​ចុងក្រោយ​នឹង​ចុះ​ចាប់ខ្លួន​ទៅតាម​ផ្លូវច្បាប់​។​ ​ ​ ​ ​ ​ ​


​ដោយឡែក ​ម៉ៅ ហា​ជី ​វិញ បាន​បញ្ជាក់​ប្រាប់​«​កម្ពុ​ជាថ្មី​»​ថា អ្វី​ដែល​ហង្ស​មាស​បង្កឡើង​គឺជា​ការ​បង្ខូច​កិត្តិយស​ និង​រំលោភ​លើ​សិទ្ធិ​ខ្លួន​ទាំងស្រុង ហើយ​លោក​មិន​មាន​លក្ខខណ្ឌ​ណាមួយ​ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​ចូលខ្លួន​ដោះស្រាយ​នោះ​ឡើយ​។ ជាមួយគ្នា​នោះ ​ម៉ៅ ហា​ជី​ ក៏បាន​ប្រកាស​ថា លោក​មិន​ខ្លាច​ចំពោះ​ចំណាត់ការ​ណាមួយ​របស់​ហង្ស​មាស​នោះ​ដែរ​។ លោក​បញ្ជាក់​ថា មួយ​រយៈ​ចុងក្រោយ​នេះ​លោក​មមាញឹក​នឹង​ការងារ​តាម​ខេត្ត ហើយក៏​មិន​មាន​ចេតនា​គេច​ចេញ​ណាមួយ​ដែរ​។


លោក​ថា មិន​មាន​ហេតុផល ដែល​នាំ​ឲ្យ​ហង្ស​មាស​សម្រេចចិត្ត​ប្ដឹង​លោក​ឡើយ ខណៈ​ដែល​លោក​នៅ​មិនទាន់​ចុះ​កុងត្រា​ផ្លូវការ​ណាមួយ​ជាមួយ​ផលិត​កម្ម​ណា​នោះ​ទេ គឺ​លោក​គ្រាន់តែ​បាន​ជជែក​លែង​ជាមួយ​អ្នកភ្លេង ​និង​បុគ្គលិក​របស់​ក្លិប​ថោ​ន​ក្នុង​ពេល​ផឹកស៊ី​បាន​ម្ដង​ពីរ​ដង​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​មាន​ភាព​ល្អ​ប្រសើរ បន្ទាប់ពី​ខ្លួន​ប្រឡង​ធ្លាក់​ពី​កម្មវិធី Cambodia Idol ប៉ុណ្ណោះ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

លោក ម៉ៅ ហា​ជី បាន​សង្កត់​ធ្ងន់​ថា ការ​ចុះ​កុងត្រា​ជាមួយ Cambodian Idol គឺ​គ្រាន់តែ​ចង​បេក្ខជន​បេក្ខនារី​កុំ​ឲ្យ​រត់ចោល​ការ​ប្រឡង​មុន​ពេល​កម្មវិធី​ត្រូវ​បាន​ពន្យារពេល ប៉ុន្តែ​ឥឡូវ​កម្មវិធី​ហ្នឹង​ចប់​ហើយ​។​ លោក​ក៏​ស្នើ​ឲ្យ​ហង្ស​មាស​ស្វែងរក​ភស្តុតាង​ពិតប្រាកដ​ណាមួយ​ដែល​បាន​បញ្ជាក់​ថា​ លោក​ចុះ​កុង​ត្រា​៥​ឆ្នាំ​ជាមួយ​ផលិតកម្ម​ថោ​ន​ដូច​អ្វី​ដែល​បាន​ប្រកាស​ឡើង​៕


 




ម៉ៅ​ ហា​ជី​ មិន​ញញើត​នឹង​បណ្ដឹង​របស់​ហង្ស​មាស​ឡើយ

Post a Comment

0 Comments

Close Menu