ប៉ៃលិន ៖ មានការភ្ញាក់ផ្អើលទាំងរំលងអាធ្រាត្រ ខណៈបុរសជនជាតិកូរ៉េខាងត្បូងម្នាក់បានដេកស្លាប់ក្នុងផ្ទះជួល ដែលគេសង្ស័យថា បណ្ដាលមកពីខ្យល់គរ ព្រោះតែលេងល្បែងកាស៊ីណូទាំងយប់ទាំងថ្ងៃមិនបានហូបបាយហូបទឹក។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះជួលផ្សារព្រំក្រោម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះ ឈ្មោះ លី យ៉ុងជីន ភេទប្រុស អាយុ៦០ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូងចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ២០១០ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ជាមួយស្រីស្នេហ៍ដែលមិនស្គាល់អត្តសញ្ញាណ។ ចំណែកម្ចាស់ផ្ទះជួលមានឈ្មោះ សេង ហ៊ុយ ហៅទី ជាប្រធានផ្សារព្រំក្រោម ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលឃុំស្ទឹងកាច់បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះចូលលេងកាស៊ីណូ កាឡាក់ស៊ី ស្ថិតនៅមិនឆ្ងាយពីកន្លែងស្នាក់ លុះវេលាម៉ោង១២រំលងអាធ្រាត្រជនរងគ្រោះមានអាការៈវិលមុខដើរមិនរួច ត្រូវបានសន្តិសុខជួយគ្រាព្រមទាំងធ្វើសរសៃបានស្រួលអាចដើរបានក៏ត្រលប់មកផ្ទះជួល ជាមួយស្រីស្នេហ៍ដែលជាជនជាតិថៃ។
ប្រភពព័ត៌មានបន្តថា លុះនៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែបុរសរងគ្រោះបានដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងរំលងអាធ្រាត្រតែម្តង រួចស្រីស្នេហ៍ក៏រត់ទៅប្រាប់ម្ចាស់ផ្ទះជួលឲ្យដឹង ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានមកស្នាក់នៅផ្ទះជួលខាងលើជាយូរមកហើយ ហើយចូលចិត្តលេងល្បែងទាំងយប់ទាំងថ្ងៃ ព្រមជាមួយដៃគូ ដែលគេមិនដឹងថា ជាប្រពន្ធ ឫស្រីស្នេហ៍នោះទេ។
ប្រភពព័ត៌មានបន្តទៀតថា ប្រហែលជាជនរងគ្រោះចូលចិត្តលេងល្បែងទាំងយប់ទាំងថ្ងៃអត់បានដេកពួន ទើបបណ្ដាលឲ្យទៅជាមានជំងឺខ្យល់គរដូច្នោះ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសពរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា បុរស ដែលជាជនជាតិកូរ៉េខាងលើ ពិតជាស្លាប់ដោយសារខ្យល់គរ ហើយសមត្ថកិច្ចក៏បានប្រគល់សាកសពទៅនគរបាលអន្តោប្រវេសន៍ ដើម្បីទាក់ទងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នសពត្រូវបានតម្កល់ទុកក្នុងវត្តគីរីមរកត ហៅវត្តផ្សារព្រំ ចំណែកស្រីស្នេហ៍ត្រូវបានគេឃើញថា បានចូលរួមក្នុងពិធីបុណ្យសពផងដែរ៕
ប្រទះឃើញសពជនជាតិកូរ៉េខាងត្បូងម្នាក់ដេកស្លាប់ បង្កការភ្ញាក់ផ្អើលទាំងអាធ្រាត្រ
0 Comments