កំពង់ឆ្នាំង ៖ បទល្មើសដាក់សម្រាស់ទ្រង់ទ្រាយធំចំនួន២៥កន្លែងមានទំហំ១៩០០ម៉ែត្រការេ ស្មើនឹងជាង៥.០០០កសម្រាស់ត្រូវបានសមត្ថកិច្ចចម្រុះខេត្ត ដែលមានការចូលរួមសម្របសម្រួលផ្នែកច្បាប់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើការឈូសឆាយបំផ្លាញចោលពេញ១ថ្ងៃ ក្នុងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងអតីតឡូត៍លេខ១០ ចំណុចព្រែកស្តីដកគង នៅក្នុងព្រំប្រទល់ស្រុកជលគីរី និងស្រុកកំពង់លែង។
លោក តាត សីហាក់ នាយរងខណ្ឌរដ្ឋបាលជលផលជាអ្នកចូលរួមក្នុងកិច្ចបង្ក្រាបបទល្មើសនេសាទខាងលើនេះបានឲ្យដឹងថា ក្នុងកិច្ចបង្ក្រាបនេះសមត្ថកិច្ចចម្រុះចូលរួមបង្ក្រាបរួមមាន មន្ត្រីខណ្ឌផ្នែក និងសង្កាត់រដ្ឋបាលជលផល , នគរបាល និងយោធាស្រុកជលគីរី ដែលមានការចូលរួមសម្របសម្រួលផ្នែកច្បាប់ពី លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងសរុបមានកម្លាំងចម្រុះចំនួន៣២នាក់ ដោយបានប្រើប្រាស់កាណូតសរុបចំនួន៧គ្រឿង។
លោក តាត សីហាក់ បានបន្តឲ្យដឹងថា លទ្ធផលនៃការបង្ក្រាបពេញមួយថ្ងៃនេះ ជាលទ្ធផលគឺបានឈូសឆាយកម្ទេចចោលសម្រាស់ចំនួន២៥កន្លែង មានទំហំ១.៩០០ម៉ែត្រការេ និងបានឈូសបំផ្លាញចោលសម្រាស់ចំនួន៥.០០០មែក។
លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងឲ្យដឹងថា ក្នុងពេលនេះ ជារដូវទឹកសម្រកដែលទឹកនៅតាមព្រែកត្រូវហូរចូលមកក្នុងទន្លេវិញ ករណីបទល្មើសដាក់សម្រាស់ខាងលើនេះបណ្ដាលឲ្យមានផលប៉ះពាល់៣យ៉ាងគឺ ទី១.ធ្វើឲ្យព្រែក និងទន្លេគោករាក់ , ទី២.ធ្វើឲ្យបាត់បង់ព្រៃលិចទឹក ដែលជាសំបុកត្រីពងកូន , និងទី៣ ធ្វើឲ្យត្រីកុំវាជាទង្វើខុសនឹងច្បាប់ស្ដីពីជលផល ដែលជនល្មើសអាចប្រឈមមុខនឹងការចាប់ខ្លួនផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ។
លោកព្រះរាជអាជ្ញា និងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សំណូមពរដល់ប្រជានេសាទទាំងអស់ សូមកុំឲ្យនាំគ្នាប្រព្រឹត្តបទល្មើសដាក់សម្រាស់ និងបទល្មើសនេសាទដទៃទៀត ដែលច្បាប់ហាមឃាត់ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជួយសហការចង្អុលបង្ហាញទីតាំងបទល្មើសនេសាទផ្សេងៗទៀតដល់សមត្ថកិច្ចចម្រុះ រួមគ្នាបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ដើម្បីរក្សាមច្ឆាជាតិយើងឲ្យបានគង់វង្សយូរអង្វែង និងរក្សាដែននេសាទរបស់យើងឲ្យបានល្អ សម្រាប់ឲ្យត្រីរស់នៅ និងពងកូនបានច្រើន៕
សមត្ថកិច្ចចម្រុះបានឈូសឆាយកម្ទេចចោលសម្រាស់២៥កន្លែង ដែលមានទំហំ១៩០០ម៉ែត្រការេ
0 Comments