ភ្នំពេញ ៖ ដើម្បីឲ្យការប្រមូលពន្ធនៅឆ្នាំ ២០១៦ ខាងមុខនេះ សម្រេចបានតាមផែនការដែលបានគ្រោងទុក គឺ ១ ៥០០លានដុល្លារអាមេរិកនោះ គឺមន្ត្រីគ្រប់ផ្នែកទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រមូលឲ្យបានមកពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការប្រមូលពន្ធនៅរាជធានីភ្នំពេញ។
នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានលើកឡើងនៅថ្ងៃ ២៤ ធ្នូ។នៅក្នុងកិច្ចប្រជុំនោះដែរលោក ប៉ា សុជាតិវង្ស និង លោក គង់ វិបុល ក៏បានណែនាំដល់មន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ និង អាជ្ញាធរតាមមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ដើម្បីណែនាំដល់អ្នកជាប់ពន្ធទាំងអស់ ឲ្យយល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការបង់ពន្ធជូនរដ្ឋ។
ថ្នាក់ដឹកនាំអង្គប្រជុំទាំងពីរបញ្ជាក់បន្ថែមថា នៅពេលអនុវត្តការងាររបស់ខ្លួន មន្ត្រីពន្ធដារ និង សមត្ថកិច្ចទាំងអស់ ត្រូវគោរពឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ និង ទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយគោរពច្បាប់ និង បទបញ្ញត្តិទាំងឡាយ ដែលមានចែង ទើបធ្វើឲ្យការប្រមូលពន្ធនោះ ទទួលបានជោគជ័យ និង ឈានទៅសម្រេចបានតាមផែនការកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ខាងមុខ។
សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១៥ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានប្រមាណជា ១១០០លានដុល្លារ អាមេរិក៕
អគ្គនាយកពន្ធដារ គ្រោងប្រមូលឲ្យបាន១៥០០លានដុល្លារនៅឆ្នាំក្រោយ
0 Comments