រដ្ឋបាលម្ហូបអាហារ និងឱសថ (FDA) សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ កន្លងទៅនេះ បានលើកជាសំណើឲ្យមានការកម្រិតថ្មីនៃការប្រើប្រាស់ផលិតផលអំពូលភ្លើងពណ៌ព្រះអាទិត្យ sunlamp ដែលជាទូទៅត្រូវបានគេស្គាល់ថា ជាប្រភេទអំពូលភ្លើង ដែលបំពាក់នៅខាងក្នុងឧបករណ៍ប្ដូរពណ៌ស្បែកប្រើក្នុងផ្ទះ (indoor tanning beds) ហើយស្នើឱ្យកំណត់អាយុមនុស្សផងទាំងទ្បាយពី ១៨ ឆ្នាំឡើងទៅ ទើបអាចប្រើឧបករណ៍ប្ដូរពណ៌ស្បែកនេះបាន។
បន្ថែមទៅលើបញ្ញត្ដិនោះទៀត មុនពេលមនុស្សទាំងនោះចូលទៅសំដិលក្នុងគ្រែបំពាក់ដោយអំពូលភ្លើងពណ៌ព្រះអាទិត្យជាលើកទីមួយ និងជារៀងរាល់រយៈពេល ៦ ខែម្ដង ទាល់តែមានអាយុលើស ១៨ ឆ្នាំ ហើយនិងមានលិខិតបញ្ជាក់ថា ស្បែករបស់ខ្លួននឹងមិនមានហានិភ័យនោះទេ នៅពេលប្រើឧបករណ៍នេះ។
ស្នងការស្ដីទី នៃ FDA លោក Stephen Ostroff បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា មនុស្សទាំងឡាយណាដែលមានអាយុក្រោម ១៨ ឆ្នាំ សុទ្ធតែប្រឈមនឹងហានិភ័យដ៏ខ្លាំងក្លាបំផុត ចំពោះបច្ច័យសុខភាពមិនល្អ ពេលស្ថិតនៅក្នុងឧបករណ៍ប្ដូរពណ៌ស្បែក indoor tanning នេះ។
ការបញ្ចេញសកម្មភាពនៅពេលនេះ គឺក្នុងគោលបំណងជួយការពារមនុស្សវ័យក្មេងឲ្យរួចចាកផុតពីមូលហេតុនៃជំងឺមហារីកស្បែក និងគ្រោះថ្នាក់ផ្សេងៗទៀត។
ការធ្វើឲ្យស្បែកប្ដូរសម្បុរ ដូចការធ្វើ Sunbathing បែបសិប្បនិមិត្ដដោយឧបករណ៍ Indoor tanning នេះត្រូវបានគេដឹងថា ជាការរួមចំណែកធ្វើឲ្យស្បែកកើតមហារីក ក្នុងនោះមានទាំងប្រភេទជំងឺមហារីក melanoma ដែលជាប្រភេទមហារីកបណ្ដាលឲ្យបាត់បង់ជីវិត ព្រមទាំងការអន្ដរាយដល់ស្បែកផ្សេងៗទៀត ដែលនេះជាការលើកឡើងពីស្ថាប័ន FDA។
យោងតាមបណ្ឌិត្យសភាសិក្សាពីជំងឺសើស្បែកអាមេរិក បានឱ្យដឹងថា ចំពោះអ្នកដែលធ្លាប់ប៉ះជាមួយចំហាយពន្លឺពីឧបករណ៍ indoor tanning នោះមានដល់ទៅ ៥៩ ភាគរយទំនងជាវិវឌ្ឍទៅកើតមហារីកស្បែក melanoma ជាងក្រុមមនុស្ស ដែលមិនធ្លាប់ធ្វើដូច្នេះ។
នៅមានសំណើជាសំខាន់មួយចំនួនទៀត ដែលសូមឲ្យមានការផ្លាស់ប្ដូររួមមាន ករណីអានសេចក្ដីណែនាំឲ្យបានច្រើនមុននឹងប្រើ មានការប្រុងប្រយ័ត្នចំពោះប៊ូតុងសម្រាប់បើកបិទឧបករណ៍ ក៏ដូចជាតម្រូវការឲ្យមានឧបករណ៍សម្រាប់ការពារភ្នែកផងដែរ៕
Xinhua
និយតករសហរដ្ឋអាមេរិក ស្នើឲ្យមានការកម្រិតអាយុប្ដូរពណ៌ស្បែក ដោយប្រើឧបករណ៍ Tanning bed
0 Comments