Ad Code

តំណាង​សហព័ន្ធ​សហជីព​ស្នើសុំ​ជួបពិភាក្សា​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​លើ​សេចក្តី​ព្រាងច្បាប់​សហជីព​

ភ្នំពេញ ៖ តំណាង​សហព័ន្ធ​សហជីព និង​សមាគម ដែល​ធ្វើការ​លើ​វិស័យ​ការងារ​កម្មករ​តាម​បណ្តា​រោងចក្រ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ នាំគ្នា​ឡើង​ទៅ​ដល់​មុខ​រដ្ឋសភា ដើម្បី​ស្នើសុំ​ជួប​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព និង​ស្នើ​ដាក់បញ្ចូល​សំណើ​រួម​របស់​សហជីព​មួយចំនួន​ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ។


សេចក្តី​ព្រាងច្បាប់​សហជីព មាន​១៧ ជំពូក និង​៩១ មាត្រា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​សម្រេច​ឆ្លង​មក​រដ្ឋសភា ហើយ​រដ្ឋសភា​បាន​បញ្ជូន​សេចក្តី​ព្រាង​នេះ​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​ត្រួតពិនិត្យ​កាល​ពី​ពេល​ថ្មីៗ​នេះ។


នៅក្នុង​លិខិត ដែល​ដាក់​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ ក្រុម​តំណាង​សហព័ន្ធ​សហជីព និង​សមាគម​បាន​លើកឡើង​ថា សហជីព​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដោយ​ក្រសួង​ការងារ​មិនបាន​បន្ត​ពិភាក្សា​លើ​ចំណុច ដែល​ជា​ក្តី​បារម្ភ​របស់​សហជីព​ឲ្យ​បាន​ទូលំទូលាយ និង​គ្រប់គ្រាន់​ក្នុង​ការធានា​គុណភាព នៃ​សេចក្តី​ព្រាងច្បាប់​នេះ ហើយ​ខ្លឹមសារ​ក្នុង​មាត្រា​ខ្លះ​ចែង​មិន​ច្បាស់លាស់ និង​បង្កប់ន័យ​អាច​នាំ​ឲ្យ​មានការ​បកស្រាយ​រៀងៗ​ខ្លួន​បង្ក​ជា ជម្លោះ​នៅពេល​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​។


តាម​ការពិនិត្យ ជាទូទៅ ច្បាប់​នេះ​មាន​គោលបំណង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​កម្ម​ករ​និយោជិត ក្នុង​ការ​អនុវត្ត​សិទ្ធិ​សហជីព ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​សមរម្យ​និង​ជីវភាព​រស់នៅ​បាន​ល្អ​ប្រសើរ​ជូន​បងប្អូន​កម្មករនិយោជិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។


លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​រដ្ឋសភា​ថា តំណាង​សហជីព​លើក​មក​នាពេលនេះ ដើម្បី​សុំ​ឲ្យ​សភាជាតិ​ពិនិត្យ​ឡើងវិញ​ទៅលើ​សេចក្តី​ព្រាងច្បាប់​សហជីព ពីព្រោះ​សហជីព​មើល​ឃើញ​ថា ច្បាប់​នេះ​មិនបាន​ផ្តល់​សិទ្ធិ​សេរីភាព​ពេញ​សម្រាប់​កម្មករ និយោជិត​ឡើយ ជាពិសេស​ទាក់ទង​ទៅ និង​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​សហ​ជីព​។


លោក​បន្ត​ថា ច្បាប់​នេះ​ប្រសិនបើ​អនុវត្ត​ទៅ​អ្វីដែល​ប៉ះពាល់​ធំ​បំផុត ស្ថាប័ន​សហជីព គឺ​ត្រូវ​រលាយ​ទាំងអស់​។ ជាពិសេស​ប្រភេទ​សហជីព​ដែល​ធ្វើការ​ជុំវិញ​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ ដែលមាន​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ជាដើម។


ទាក់ទង​បញ្ហា​នេះ ការិយាល័យ​កម្ពុ​ជាថ្មី​មិនអាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បានទេ កាលពី​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិនទាន់​ឃើញ​សំណើ​នោះទេ ហើយ​គណៈកម្មការ​ជំនាញ​ជា​អ្នក​សម្រេច​ថា តើ​នឹង​ជួបពិភាក្សា ឬ​យ៉ាងណា។


សូម​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​នេះ ក្រសួង​ការងារ​ធ្លាប់​បាន​បញ្ជាក់​ថា ច្បាប់​សហជីព ត្រូវ​បាន​រៀប​ចំ​តាក់តែង​៧ ឆ្នាំ​មក​ហើយ បង្កើត​ឡើង ក្នុង​គោលដៅ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ ព្រមទាំង​ធានា​នូវ​សិទ្ធិ​សេរីភាព​ នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក​។ ក្នុង​នោះ ក៏​ដើម្បី​ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ រួមចំណែក​ក្នុង​ការ​បង្កើត​ការងារ​សមរម្យ បង្កើន​ផលិតភាព ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​រប​ស់កម្មករ​ផង​ដែរ​៕


T-12-03-15-kk-full



តំណាង​សហព័ន្ធ​សហជីព​ស្នើសុំ​ជួបពិភាក្សា​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​លើ​សេចក្តី​ព្រាងច្បាប់​សហជីព​

Post a Comment

0 Comments

Close Menu