ក្រុមមេដឹកនាំសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចូលរួមកិច្ចប្រជុំដេញដោលមួយ កាលពីថ្ងៃពុធមុន ខណៈដែលក្រុមហ៊ុនឧបត្ថម្ភ ដែលបានផ្តល់ប្រាក់ជំនួយរាប់ពាន់លានដុល្លារនោះ បានទាមទារឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំឯករាជ្យ នៅក្នុងអង្គការគ្រប់គ្រងបាល់ទាត់ពិភពលោក ដែលរងការរង្គោះរង្គើដោយសារតែរឿងអាស្រូវពុករលួយ និងលាងលុយកង្វក់មួយនេះ។
គណៈកម្មាធិការប្រតិបត្តិរបស់ FIFA ខណៈដែលលោកប្រធាន SeppBlatter និងអនុប្រធាន Michel Platini ទាំងពីរនាក់ត្រូវបានគេព្យួរឈ្មោះដូចគ្នានោះ កំពុងចូលរួមកិច្ចប្រជុំរយៈពេល ២ ថ្ងៃ ដើម្បីពិភាក្សាលើកំណែទម្រង់ ដែលត្រូវបានស្នើសុំដោយលោក Francois Carrard ដែលជាមន្ត្រីកីឡា ដែលត្រូវបានតែងតាំងដោយ គណៈគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ។
ប៉ុន្តែក្រុមហ៊ុនឧបត្ថម្ភ Anheuser-Busch, Adidas, Coca-Cola, McDonald’s និងក្រុមហ៊ុន Visa បាននិយាយថា កំណែទម្រង់នេះ គួរតែជាប្រធានបទត្រួតពិនិត្យឯករាជ្យ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនចម្រុះជាតិសាសន៍បានសម្តែងនូវការខឹងសម្បារបស់ពួកគេថា ពួកគេលែងទុកឱកាសជូនគណៈកម្មាធិការកំណែទម្រង់របស់ FIFAទៀតហើយៗ ពួកគេថែមទាំងបានគម្រាមពិនិត្យមើលនូវកិច្ចព្រមព្រៀងបាល់ទាត់របស់ពួកគេផងដែរ។
សូមបញ្ជាក់ថា គណៈកម្មការប្រតិបត្តិនឹងត្រូវធ្វើការសម្រេចចិត្តថា តើនឹងបញ្ជូនកញ្ចប់កំណែទម្រង់សម្រាប់ការអនុម័ត ឬយ៉ាងណា អំឡុងសន្និសីទពិសេសរបស់ FIFA នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខនេះ ជាកន្លែងដែលពួកគេនឹងជ្រើសរើសអ្នកជំនួសតំណែងរបស់ប្រធានបច្ចុប្បន្ន គឺលោក Blatter។
បច្ចុប្បន្ននេះដែរ ក្រុមអាជ្ញាធរស្វីសកំពុងស៊ើបអង្កេតផងដែរ លើការបោះឆ្នោតឆ្នាំ២០១០ ហើយពួកគេថែមទាំងបានចោទប្រកាន់លោក Blatter ពីបទឧក្រិដ្ឋកម្មគ្រប់គ្រងមិនបានល្អនៅក្នុង FIFA៕
FIFA នឹងពិភាក្សាលើកំណែទម្រង់ ស្របពេលដែលមានប្រតិកម្មថ្មីពីក្រុមហ៊ុនឧបត្ថម្ភ
0 Comments