Ad Code

ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​ពី​ការ​ជួយ​ពលករ​ខ្មែរ​រងគ្រោះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឡាវ ថៃ និង​ម៉ាឡេស៊ី

ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់​ពី​ការ​ជួយ​ពលករ​ខ្មែរ​នៅ​បរទេស និង​ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ឥណ្ឌូណេស៊ី ឡាវ ថៃ និង​ម៉ាឡេស៊ី នា​រយៈពេល​ចុងក្រោយ នេះ​បើ​យោង​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។


លោក ជុំ សុន្ទរី បាន​ថ្លែង​នៅ​ថ្ងៃទី​០៣  ខែធ្នូ  ឆ្នាំ​២០១៥ ថា ទី​១- ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​អន្តរាគមន៍​ជួយ​ឲ្យ មានការ​ដោះលែង​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​០៣ រូប ដែល​ត្រូវ​បាន​គេ​ជួញដូរ​ទៅ​ធ្វើ​ការ​ខុសច្បាប់ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី ឃាត់ខ្លួន​រក្សាទុក​នៅ​កន្លែង ឃុំឃាំង​អន្តោប្រវេសន៍​នៃ​កោះ Riau  ប្រទេស​ឥណ្ឌូណេស៊ី។  ពលករ​ខ្មែរ​ទាំង​០៣ រូប មានឈ្មោះ  ១, ខុន ភារៈ  អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​១ ឃុំ​ទឹកថ្លា ស្រុក​កំរៀង ខេត្ត បាត់ដំបង ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០១៥ នៅ​កោះ Tarempa ។  ២, ជ្រាង ប៊ុន​រី  អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​ច្រក​ម្រះ ឃុំ​អង្គ​ព្រះ​ស្រែ  ស្រុក​រមាសហែក ខេត្តស្វាយរៀង ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​កោះ Tarempa ។ ៣, រិ​ទ្ធ ឌឿ អាយុ ៣៤ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ ស្ទឹងតូច ឃុំរ​លាភ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន​កាលពី ខែមេសា ឆ្នាំ​២០១៥ នៅ​កោះ Natuna។ ស្ថានទូត​បាន​ចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​ដល់​ពលករ​ខ្មែរ​ទាំង​០៣ រូប ហើយ បច្ចុប្បន្ន​ស្ថានទូត​កំពុង​សម្របសម្រួល​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ទាំង ០៣​រូបនេះ។


ទី​២- ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឡាវ បាន​អន្តរាគមន៍​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឡាវ ដោះលែង​ពលរដ្ឋ​ខ្មែរ​ចំនួន ១៤​នាក់ ដែល​ត្រូវ​បាន​ប៉ូលិស​ក្រុង​វៀង​ច័ន្ទ​ឃាត់ខ្លួន​ដោយ​ពុំ មាន​លិខិតស្នាម​ក្នុង​ការ​ធ្វើដំណើរ​នៅ​ប្រទេស​ឡាវ​។ ភាគី​ឡាវ កំពុង​ដំណើរការ​សំណុំរឿង​នោះ តាម​នីតិវិធី​ច្បាប់​ដើម្បី​ពិនិត្យ និង​សម្រួល​ឲ្យ ពលករ​ខ្មែរ​ទាំង​១៤ នាក់ បានធ្វើ​មាតុភូមិនិវត្តន៍​នៅពេល​ឆាប់ៗ​នេះ​។


ទី​៣- ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សា​កែវ បាន​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ថៃ អោយ ដោះលែង​ពលករ​ខ្មែរ​៧០ នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ពីបទ​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស ថៃ។


លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា ពលករ​ចំនួន​២៧​នាក់ ជា​ពលករ​ដែល​ទៅ​ធ្វើ​ការ តាមរយៈ​សមាគម​កសិកម្ម​ព្រំដែន​បូរ៉ា​ផា ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង​ឲ្យ​ទៅ​ធ្វើការ​ជា​ធម្មតា​វិញ​ហើយ តាម​ការធានា​ពី​ប្រធាន​សមាគម​ខាងលើ តាម​ការរៀបចំ​របស់​ស្ថាន​អគ្គ​កុងស៊ុល​។ ចំណែក​ពលករ​ខ្មែរ​៤៣​នាក់ ទៀត ដោយ​ពុំ​មាន​ថៅកែ​មក​ធានា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជួយ​សម្រួល​ដល់​ពួកគេ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​បោយ​ប៉ែត កាលពី​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ​២០១៥។


ទី​៤- ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី  បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​០១ រូប ឈ្មោះ រ៉ា​ន់ ផល្លី អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បាន​ទៅធ្វើ​ការ​ជា​អ្នកបម្រើ​នៅក្នុង​ភោជនីយដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ​២០១៥  តាមរយៈ​ក្រុមហ៊ុន Master Cam ហើយ​ជួប​ការលំបាក​ក្នុង​ការងារ​ពេក ក៏បាន​មកសុំ​ឲ្យ​ស្ថានទូត​ជួយ​នៅ​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។

ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ នៅ​ទីក្រុង​កូឡាឡាំពួរ ពី​ថ្ងៃ​ទី ២០-២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឧបត្ថម្ភ​ថ្លៃ​សំបុត្រ​យន្តហោះ​និង​បង់ពិន័យ​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ពល​ការិនី  រ៉ា​ន់ ផល្លី បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ។


តាម​មន្ត្រី​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា អំឡុង​ពេល​រង់ចាំ​ការ​ត្រឡប់​មក​កម្ពុជា​វិញ ស្ថានទូត​បានចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន និង​បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​-​ចុក ដល់​ពល​ការិនី​នេះ​។ ពល​ការិនី  រ៉ា​ន់ ផល្លី នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង​៤​រសៀល តាម​ជើងយន្តហោះ AK៥៣៤។


សូម​បញ្ជាក់​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តែងតែបាន​ធ្វើការ ណែនាំ​ជាប់​ជាប្រចាំ​ដល់​ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​កម្ពុជា ពិសេស​គឺ​ពលករ​ខ្មែរ​នៅ​បរទេស និង​ស្ត្រី​ខ្មែរ ដែល​រងគ្រោះ ពី​ការជួញដូរ​មនុស្ស​នៅ​បរទេស។


ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ទាំងអស់ ជានិច្ចកាល​តែង​បាន​សហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច​នៃ​ប្រទេស​ម្ចាស់ផ្ទះ ក្នុង​ការ​ជួយ​អន្តរាគមន៍​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមាន ចំពោះ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ដែល​ជា​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស ឬ ពី​ការ​រំលោភបំពាន​ផ្សេងៗ ពី​សំណាក់​និយោជក ការ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ផ្ដល់​ការ គាំទ្រ​ផ្នែក​ច្បាប់​ការ​ទាមទារ​សំណង​ផ្សេងៗ និង​សម្រួល​ដល់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជាដើម​៕


T-12-03-15-h-fullT-12-03-15-hh-full



ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​ពី​ការ​ជួយ​ពលករ​ខ្មែរ​រងគ្រោះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឡាវ ថៃ និង​ម៉ាឡេស៊ី

Post a Comment

0 Comments

Close Menu