Ad Code

បើក​ឡាន​​បត់​មិន​ទាន់​ផុត​ផង ​ម៉ូតូ​មក​ដល់​បុក​ប្រាវ​សន្លប់​ឈឹង

ពោធិ៍សាត់ ​៖​​ ​​រថយន្ត​​​​មួយ​គ្រឿង​បាន​បើក​បត់​លើ​ផ្លូវ​ជាតិ​លេខ​៥​មិន​មើល​មុខ​ក្រោយ​ ក៏​ត្រូវ​អ្នក​ដំណើរ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ច្រាស​ទិស​បុក​រថយន្ត​នោះ​បណ្ដាល​ឲ្យ​​អ្នក​ជិះ​ម៉ូតូ​​​សន្លប់​ឈឹង​របួស​ធ្ងន់​ ​ឯ​​អ្នក​បើក​រថយន្ត​​​បាន​បើក​គេច​បាត់។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧១-១៧២ ស្ថិតនៅ​ភូមិ​ធ្លា​ម្អម​ ឃុំ​ត្នោតជុំ ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់។


សាក្សី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​ មាន​រថយន្ត​ម៉ាក​កាមរី​ ពណ៌​ផ្ទៃមេឃ ដែល​ឃើញ​ត្រឹមតែ​​​ពាក់​ស្លាក​លេខ​2B .96.46 ​បាន​បើក​ពី​លិច​ទៅ​កើត​ លុះ​ដល់​ចំណុច​កើតហេតុ​រថយន្ត​នោះ​​បាន​បត់​ត្រឡប់​ក្រោយ​វិញ តែ​បត់​មិនទាន់​ផុត​ផង ​ស្រាប់​តែ​មាន​ម៉ូតូ ​មួយ​គ្រឿង​បើក​ពី​កើ​ត​ទៅ​លិច​ក្នុង​មាន​ល្បឿន​លឿន​ រួច​ក៏​​​​ប៉ះ​ក្បាល​រថយន្ត​​​នោះ​បណ្ដាល​ឲ្យ​​​អ្នក​ជិះ​ម៉ូតូ​ដួល​ផ្កាប់មុខ​លើ​ផ្លូវ​សន្លប់​ស្ដូក​បាក់ជើង​ឆ្វេង រីឯ​ម៉ូតូ​ខ្ទាត​ទៅ​ចិញ្ចើមថ្នល់​ខាង​ជើង។ សាក្សី​នោះ​បន្ត​ថា ​ក្រោយពេល​កើតហេតុ​ភ្លាម​រថយន្ត​នោះ​បាន​បើក​ដោយ​ល្បឿន​លឿន​គេច​បាត់​តែម្ដង ឯ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​មក​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​ផង​ដែរ។


លោក ឈិន វណ្ណា រង​ប៉ុស្តិ៍​រដ្ឋបាល​ត្នោតជុំ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន​ឈ្មោះ​ អ៊ូច ហ​ត អាយុ​២១ ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​គា សង្កាត់​ផ្ទះ​ព្រៃ ​ក្រុង​ពោធិ៍សាត់​​ធ្វើ​ការ​នៅ​អង្គការ​ ឥន្ទាន​កម្ពុជា ​ជិះ​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1Q 36 99៕

​​



បើក​ឡាន​​បត់​មិន​ទាន់​ផុត​ផង ​ម៉ូតូ​មក​ដល់​បុក​ប្រាវ​សន្លប់​ឈឹង

Post a Comment

0 Comments

Close Menu