ក្រចេះ ៖ រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ជារមណីយដ្ឋាន នៃតំបន់អេកូទេសចរណ៍មួយដែលភ្ញៀវទេសចរនិយមចូលចិត្តទៅទស្សនាច្រើនជាងគេ ក្នុងចំណោមរមណីយដ្ឋានជាច្រើនផ្សេងទៀតនៅក្នុងខេត្ត ហើយរមណីយដ្ឋានមួយនេះមានទីតាំងនៅក្នុងឃុំសំបុក ស្រុកចិត្របុរី និងមានចម្ងាយផ្លូវជាង១៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។
រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ត្រូវបានបងប្អូនប្រជាសហគមន៍កាំពីររួមគ្នាសង់រោងប្រក់ស្បូវសងជាជួរៗ នៅតាមជ្រលងខ្សែទឹកហូរជារៀងរាល់ឆ្នាំនៅក្នុងអំឡុងខែធ្នូនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ដែលបានចូលមកកម្សាន្តលំហែកាយ។ ជាងនេះទៅទៀត ភ្ញៀវទេសចរអាចងូតទឹកលេង និងមានម្ហូបអាហារដែលមានតម្លៃថោកសមរម្យ។
លោក ឈ្មោះ ស៊ិន សួត អាយុ៦៤ឆ្នាំ ជាអ្នកលក់សំបុត្រ នៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី បានរៀបរាប់ថា រមណីយដ្ឋានមួយនេះ គឺទើបនឹងបើកទទួលភ្ញៀវបានប្រហែល១០ថ្ងៃប៉ុណ្ណោះ លោកថា ពេលនេះមិនសូវសម្បូរភ្ញៀវមកលេងនោះទេ ព្រោះរមណីយដ្ឋាននេះទើបនឹងបើក ក្នុងនោះនៅមានរោងខ្យូសស្បូវជាច្រើនទៀត ធ្វើមិនទាន់រួចរាល់នៅឡើយទេ។
លោកបន្តថា ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំណាយត្រឹមតែ៥រយរៀល អាចទិញសំបុត្រដើម្បីចូលទៅងូតទឹក អង្គុយលំហែកាយ មើលទេសភាព នៅក្នុងរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ក៏មានបម្រើសេវាម្ហូបអាហារផងដែរ។
លោកបញ្ជាក់ថា នៅក្នុងឆ្នាំនេះ បងប្អូនប្រជាសហគមន៍បាននិងកំពង់ធ្វើរោងខ្យូសស្បូវបន្ថែមទៀត ដែលមានចំនួនលើសឆ្នាំមុន ជាង៤រយរោង គឺធ្វើសម្រាប់ត្រៀមទទួលភ្ញៀវមកលេងលំហែកាយនៅក្នុងឱកាសបុណ្យទានម្តងៗ ព្រោះឆ្នាំកន្លងទៅមានថ្ងៃខ្លះមិនមានរោងសម្រាប់ទទួលភ្ញៀវនោះទេ ដោយសារភ្ញៀវសម្រុកមកលេងច្រើន។
គេសង្កេតឃើញថា បើទោះបីជានៅក្នុងតំបន់រមណីយដ្ឋាន គឺមានអាជីវករបានដាក់លក់នំចំណី ម្ហូបអាហារគ្រប់មុខ ច្រើនស្អេកស្កះសម្រាប់ទទួលភ្ញៀវយ៉ាងណាក៏ដោយ ក៏គេឃើញមានភ្ញៀវមួយចំនួនធំបានវេចខ្ចប់ម្ហូបអាហារនំចំណីមកពីផ្ទះយកមកទទួលទានវិញ ខណៈដែលភ្ញៀវទេសចរខ្លះ បានរអ៊ូគ្រប់ម៉ាត់ថា មូលហេតុដែលគាត់សម្រេចចម្អិនម្ហូបអាហារ វេចខ្ចប់សម្រាប់យកមកទទួលទាននេះ គឺដោយសារតែនំចំណីម្ហូបអារហារនៅក្នុងរមណីយដ្ឋាននេះ មានតម្លៃថ្លៃពេក ហើយការដែលពួកគាត់ចម្អិនខ្លួនឯង គឺមិនសូវចំណាយច្រើន។
លោក ណាវ រិន ជាភ្ញៀវទេសចរម្នាក់ដែលមកពីទីក្រុងភ្នំពេញបានមកទស្សនាកម្សាន្តនៅ រមណីយដ្ឋានមួយនេះបានសំដែងនូវភាពសប្បាយរីករាយ បន្ទាប់ពីលោកបានដល់ឃើញមានទីតាំងស្អាតមានទឹកហូរអាចងូតលេងបាន មានម្ហូបអាហារសម្រាប់ទទួលទានជាលក្ខណៈគ្រួសារ ឬមានមិត្តភ័ក្ដិអាចមកលេងកម្សាន្តបានដោយរីករាយផងដែរ។
បើតាមការឲ្យដឹងពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តក្រចេះបានអះអាងថា នៅក្នុងត្រីមាសទី៣ឆ្នាំ២០១៥ ខេត្តក្រចេះទទួលភ្ញៀវទេសចរអន្តរជាតិបានចំនួន១៦.៧៥៣នាក់ ហើយចំនួននេះបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៤ចំនួន១៦.៤៨០នាក់ មានការកើនឡើង២៧៣នាក់ ស្មើ១,៦៥% ដោយឡែកចំពោះភ្ញៀវទេសចរជាតិវិញមានចំនួន៣៩៦.៥៦៩នាក់ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ចំនួន២០៦.៣៧១នាក់ គឺកើនឡើងចំនួន១៩០.១៩៨នាក់ ស្មើនឹង៩២,១៦% ក្នុងនោះចូលរួមកម្សាន្តក្នុងបុណ្យទន្លេចំនួនប្រមាណជាង២០០.០០០នាក់ផងដែរ៕
ភ្ញៀវទេសចរ ចាប់ផ្ដើមមកលេងនៅរមណីយដ្ឋាន"កាំពី" ច្រើនកុះករ





0 Comments