ស្ទឹងត្រែង ៖ សាខាកាំកុងត្រូល បានចុះពិនិត្យទំនិញលក់ដូរនៅតាមផ្ទះនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ រំលឹកដល់អាជីវករឲ្យអ្នកលក់ទាំងអស់ កុំដាក់តាំងលក់ផ្ទាល់ដី ហើយបើអាជីវករណាយកទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មកបិទបាំងដាក់លក់ ត្រូវធ្វើការផាកពិន័យតាមច្បាប់។
ក្នុងការចុះពិនិត្យទំនិញសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានសហការរួមជាមួយកម្លាំងជំនាញ នៃមន្ទីរពាណិជ្ជកម្ម ធ្វើការណែនាំដល់អាជីវករតាមតូប និងផ្ទះលក់ទំនិញជុំវិញផ្សារនៅខេត្តស្ទឹងត្រែងឲ្យដាក់តាំងលក់មានអនាម័យ និងឈប់កេងប្រវ័ញ្ចចង់ចំណេញយកទំនិញខូចគុណភាពមកដាក់តាំងលក់ ត្រូវគិតពីសុខភាពអ្នកប្រើប្រាស់។
លោក យូ ចំរើន មន្ត្រីសាខាកាំកុងត្រូលបានបញ្ជាក់ថា លោកបានធ្វើសកម្មភាពចុះពិនិត្យទំនិញជារៀងរាល់ខែ និងដកហូតយកទំនិញខូចគុណភាពភាគច្រើនមានដូចជា នំកញ្ចប់ ទឹកក្រូច ទឹកត្រី គ្រឿងឧបភោគ បរិភោគផ្សេងៗទៀត មិនឲ្យអាជីវករលួចបន្លំលក់ បញ្ចៀសការប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
លោកបញ្ជាក់ថា អ្នកទិញ ត្រូវពិនិត្យមើលដោយខ្លួនឯងផង កុំទុកចិត្តឈ្មួញជាអ្នកនាំចូល ជួនកាល ទំនិញខ្លះខូចគុណភាព ឬហួសកាលបរិច្ឆេទ ប្រើប្រាស់រួចទៅហើយ ដូចនេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាទើបថែរក្សាសុខភាពបាន។
លោកស្រី ទេព លីសាង មុខរបរលក់បន្លែនៅក្រុងស្ទឹងត្រែងបានអះអាងថា កន្លងមកលោកស្រីក៏ធ្លាប់ទិញជួបរបស់ហួសការប្រើប្រាស់ដែរ ហើយក្រោយពីទទួលបានការណែនាំពីមន្ត្រីសាខាកាំកុងត្រូលពន្យល់មកចេះដឹងច្រើន និងមានការប្រុងប្រយ័ត្នជានិច្ច។
លោកស្រីបានសំដែងការគាំទ្រដល់សកម្មភាពចុះពិនិត្យនេះ ពីព្រោះមានប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទៅ ពិសេសផ្នែកសុខដូចនេះសុំឲ្យសាខាកាំកុងត្រូល ផាកពិន័យទៅលើអាជីវករណាដែលនៅមានបន្តលក់ទំនិញខូចគុណភាពមិនស្តាប់តាមការណែនាំ។ ហើយអ្នកទិញទាំងអស់មុនពេលទិញ ត្រូវពិនិត្យនូវស្លាកសញ្ញា និងកាលបរិច្ឆេទ ប្រើប្រាស់ឲ្យបានត្រឹមត្រូវផងដែរ ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ក្នុងការទិញយកទៅបរិភោគឲ្យមានអនាម័យ និងជ្រើសរើសយកចំណីអាហារណាដែលមានគុណភាពល្អ កុំឲ្យខាតបង់ថវិកាទាំងអស់គ្នា៕
សាខាកាំកុងត្រូល ចុះពិនិត្យទំនិញហួសកាលបរិច្ឆេទនៅផ្សារខេត្តស្ទឹងត្រែង


0 Comments