Ad Code

ក្រុម​ចោរ​៤​នាក់​បន្លំ​ចូល​ទិញ​សម្ភារៈ ហើយ​ឆ្លៀត​ឧកាស​លួច​លុយ​អស់​ជិត​១​ម៉ឺន​ដុល្លារ

សៀមរាប ​៖​ លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ដៃ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ថា​ ករណី​ដែល​ជនសង្ស័យ​មួយ​ក្រុម​បន្លំ​ខ្លួន​ធ្វើជា​ចូល​ទិញ​មួក​សុវត្ថិភាព និង​កាត​ទូរស័ព្ទ​ពី​ហាង​ប្តូរប្រាក់​មួយកន្លែង​នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប ​រួច​លួច​យក​លុយ​ពី​ជនរងគ្រោះ​អស់​ជិត​១​ម៉ឺន​ដុល្លារ​ ហើយ​រត់​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​នោះ​ មក​ទល់ពេលនេះ​សមត្ថកិច្ច​ពុំទាន់​បាន​ស្រាវជ្រាវ​វែកមុខ​រកឃើញ​នោះទេ។


គួរ​រំលឹក​ផងដែរ​ថា ករណី​ជនសង្ស័យ​មួយក្រុម​បន្លំ​ខ្លួន​ធ្វើជា​ចូល​ទិញ​មួកសុវត្ថិភាព និង​កាត ទូរស័ព្ទ​ពី​ហាង​ប្តូរប្រាក់​មួយកន្លែង​នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប ហើយ​លួច​យកលុយ​ពី​ជនរងគ្រោះ​អស់​ជិត​មួយ​ម៉ឺន​ដុល្លារ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ហាង​ប្តូរប្រាក់​មួយកន្លែង​យីហោ​”​ជីន​លី​” នៅក្នុង​ភូមិ​តាភុល​ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប។


បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​ដែល​បន្លំ​ខ្លួន​ចូល​លួច​ទ្រព្យសម្បត្តិ​អាជីវករ​ប្តូរប្រាក់​នោះ មាន​គ្នា​៤​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ផងដែរ ហើយ​បានធ្វើ​សកម្មភាព​លួច​យកប្រាក់ និង​កាត​ទូរស័ព្ទ​របស់​ជនរងគ្រោះ​អស់​ជិត​១០.០០០​ដុល្លារ​អាមេរិក។​


បើតាម​សម្ដី​របស់​បងស្រី មឿង ស្រី​ផល អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​ដែល​ជនល្មើស​លួច​យក​អស់​ចំនួន​លុយ​ដុល្លារ​៦.០០០​ដុល្លារ លុយ​ខ្មែរ​ចំនួន​ប្រាំមួយ​លាន​រៀល ព្រមទាំង​កាត​ទូរស័ព្ទដៃ​ចំនួន​២០០​ដុល្លារ​ផងដែរ។ ក្រោយ​ធ្វើ​សកម្មភាព​ ជនល្មើស​ក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់។


​ ​តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​នូវ​មុខសញ្ញា​ជនល្មើស​ទាំង​នោះ​ហើយ​ដែរ៕


 



Post a Comment

0 Comments

Close Menu